រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​សូមឲ្យមន្ត្រីចូលនិវត្តន៍​​នៅជួបជុំគ្នាជាង១០ឆ្នាំ​​ទៅមុខទៀត

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ តុលា ២០១២នេះ នៅក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបចំពិធីសំណេះសំណាលមួយដល់មន្ត្រីចូលនិវត្តន៍ចំនួន២៨៥នាក់ ដើម្បីជាការដឹងគុណ និងបង្កើនទំនាក់ទំនងល្អជាមិត្តភ័ក្ដិ ជាបងប្អូនរួមការងារជាមួយគ្នា។

ថ្លែងនៅក្នុងពិធីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រសាសន៍ថា សូមឲ្យមន្ត្រីចូលនិវត្តន៍ជន នៅជួបជុំគ្នាជាង១០ឆ្នាំទៅមុខទៀត ហើយក្នុងមួយឆ្នាំក្រសួងនឹងរៀបចំកម្មវិធីជួបជុំគ្នាម្តង ដើម្បីបានដឹងពីសុខទុក្ខពីគ្នា ដោយក្តីនឹករលឹក និងរាប់អាន។

លោក រដ្ឋមន្ត្រី ខៀវ កាញារិទ្ធ បានលើកឡើងថា សូមឲ្យក្រសួងបង្កើតជាសមាគមមនុស្សចាស់មួយរបស់មន្ត្រីក្រសួង ព័ត៌មានបន្ថែមទៀត ដោយឲ្យមានលោក ហ៊ឹម សួង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានជាអ្នករៀបចំចាត់ចែងលើបញ្ហានេះ ដើម្បីជាការងារទំនាក់ទំនងគ្នាបានដឹងពីព័ត៌មានពីគ្នាទៅវិញផង និងងាយស្រួលជួយគ្នានៅពេលមានបញ្ហាសុខភាពរបស់និវត្តន៍ជនម្នាក់ៗ។

លោកស្រី ស៊ុម គឹមហៀប អតីតមន្ត្រីវិទ្យុជាតិកម្ពុជាដែលចូលនិវត្តន៍បានសំដែងនូវក្តីរីករាយ ចំពោះការរៀបចំកម្មវិធីនេះឡើង វាជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដល់មន្ត្រី តាំងពីនៅធ្វើការរហូតដល់ចូលនិវត្តន៍ ហើយនេះក៏ជាគំរូល្អសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយៗ ក៏ដូចជាគំរូល្អ សម្រាប់គ្រប់ក្រសួងស្ថាប័ន៕

Related Articles

Back to top button
Close
Close