អ្នកនាំពាក្យក្រសួងការងារ៖ កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ
Cambodia News
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញវិធានការរបស់ក្រសួងស្តីពីការជួយបងប្អូនអតីតពលករ និងពលករដែលមានបំណងត្រឡប់ពីប្រទេសថៃ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា «កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ»។
អ្នកនាំពាក្យដដែលរូបនេះ លើកឡើងថា បច្ចុប្បន្ននេះកម្ពុជាសម្បូរទៅដោយរោងចក្រសហគ្រាស ដែលកំពុងតែស្រូបយកកម្លាំងពលកម្មនៅក្នុងស្រុករាប់ម៉ឺននាក់ ដើម្បីយកមកបំពេញតម្រូវការងាររកខ្លួន។
លោក ស៊ុន មេសា គូសបញ្ជាក់ថា៖ «នៅកម្ពុជាមានការងារធ្វើច្រើន ក្នុងនោះពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដែលទទួលបានឱកាសការងារមានចំនួនប្រមាណជាង ៨០ម៉ឺននាក់ហើយ បន្ថែមពីនេះ កម្ពុជានៅសល់ឱកាសការងារសម្បូរបែបជាច្រើនម៉ឺនកន្លែងទៀតដែលកំពុងរងចាំបងប្អូន»។
លោកបានសង្កត់ធ្ងន់ថា ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការរកការងារធ្វើជូនពលរដ្ឋខ្មែរ អតីតពលករដែលបានត្រឡប់មកពីប្រទេសថៃ និងបងប្អូនពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ។
គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះ មានបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រមាណជាង ៩៥ម៉ឺននាក់ ដោយក្នុងនោះមានបងប្អូនអតីតពលករខ្មែរដែលទទួលបានឱកាសការងារធ្វើចំនួនជាង ៦៣ម៉ឺននាក់តាមរយៈយន្តការក្រសួង និងវិស័យឯកជន នៅតាមរោងចក្រសហគ្រាសទាំងក្នុង និងក្រៅប្រព័ន្ធ។
ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវសាជាថ្មីទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបងប្អូនអតីតពលករដែលមកពីប្រទេសថៃ និងមានបំណងត្រឡប់មកពីប្រទេសថៃ ពិចារណារកឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕



