បទវិភាគ៖ ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីររបស់ចិន៖ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ចិននឹងនាំមកនូវការបំផុសគំនិតនិងកាលានុវត្តកាន់តែច្រើនដល់ពិភពលោក
Cambodia News
មហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលមួយឆ្នាំរៀបចំធ្វើម្តង ជាបង្អួចដ៏សំខាន់សម្រាប់សង្កេតមើលពីការធ្វើទំនើបកម្មតាមបែបផែនចិននិងប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ តំណាងនិងសមាជិកចំនួនប្រហែល៥ពាន់រូបដែលមកពីតំបន់នានាទូទាំងប្រទេសចិន បានជួបជុំគ្នានៅក្រុងប៉េកាំងដោយបានពាំនាំនូវក្តីបំណងរបស់ប្រជាជនយ៉ាងកក់ក្តៅ ។
ឆ្លងតាមរយៈវេទិកាដ៏សំខាន់នៃមហាសន្និបាតសភាទាំងពីររបស់ចិន តំណាងនិងសមាជិកទាំងឡាយបានផ្តល់ជាមតិយោបល់យ៉ាងសកម្មដើម្បីធ្វើឱ្យថ្នាក់ធ្វើសេចក្តីសម្រេចចិត្តឈ្វេងយល់ពីសំឡេងនៅថ្នាក់មូលដ្ឋានកាន់តែច្រើន ហើយក្លាយទៅជាសេចក្តីសម្រេចចិត្តរបស់ជាតិដ៏សំខាន់ ប្រការនេះបានបង្ហាញឱ្យឃើញនូវកម្លាំងជីវិតយ៉ាងខ្លាំងក្លានៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។
នៅប្រទេសចិន ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលគឺគ្របដណ្តប់ដំណាក់កាលទាំងអស់នៃអភិបាលកិច្ចជាតិ ដូចជាការបោះឆ្នោតជ្រើសរើស ការប្រឹក្សានយោបាយ ការធ្វើសេចក្តីសម្រេចចិត្ត ការគ្រប់គ្រង និងការត្រួតពិនិត្យជាដើម ដែលបានបង្ហាញឱ្យឃើញនូវទស្សនៈគុណតម្លៃដែលចាត់ទុកប្រជាជនជាអាទិភាព ដើម្បីធានាយ៉ាងពិតប្រាកដឱ្យប្រជាជនធ្វើជាម្ចាស់ប្រទេសជាតិ ។
ប្រជាធិបតេយ្យដ៏ល្អ គឺបានចាក់ឬសគល់ក្នុងដែនដីយ៉ាងជ្រៅ ។ បច្ចុប្បន្ននេះ ប្រទេសចិនមានតំណាងប្រជាជន៥ថ្នាក់ចំនួនជាង២លាន៧សែន៧ម៉ឺនរូប ក្នុងនោះមានចំនួន៩៥ភាគរយជាតំណាងប្រជាជនដែលមកពីថ្នាក់ស្រុកនិងឃុំ ភាគច្រើនជាកម្មករ កសិករ និងអ្នកបច្ចេកទេសដ៏ជំនាញ ។ ពួកគេបានពាំនាំក្តីបំណងរបស់ប្រជាជនទៅកាន់មហាសន្និបាតសភាទាំងពីរ ក្នុងន័យធ្វើឱ្យក្តីបំណងដែលមកពីតំបន់ខុសគ្នា មុខរបរខុសគ្នានិងក្រុមមនុស្សខុសគ្នាអាចប្រគល់ជូនដល់ថ្នាក់លើ ដើម្បីសម្រេចបាននូវការដែលប្រជាជនធ្វើជាម្ចាស់ប្រទេសជាតិក្នុងកម្រិតអតិបរមា ។
ប្រជាធិបតេយ្យដ៏ល្អ នឹងប្រមូលបានក្តីបំណងរបស់ប្រជាជនយ៉ាងពិតប្រាកដ និងទទួលយកសំណើល្អ ។ តាមការធ្វើបទបង្ហាញឱ្យដឹងថា ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៥ ក្នុងសកម្មភាពគ្រោងការងារចងក្រងនិងសុំមតិយោបល់តាមបណ្តាញអ៊ីនធឺណែត បានទទួលសំណើដ៏មានប្រសិទ្ធភាពសរុបជាង៣លាន១សែន១លាន៣ពាន់ ឆ្លងតាមរយៈការចងក្រងនិងវិភាគ ទីបំផុតបានកកើតទៅជាមតិយោបល់និងសំណើប្រកបដោយលក្ខណៈស្ថាបនានិងភាពតំណាងចំនួនជាង១៥០០ច្បាប់លើ២៧វិស័យ ក្នុងនោះមានសំណើជាច្រើនត្រូវថ្នាក់លើទទួលយកដែលត្រូវបង្ហាញឱ្យឃើញក្នុងវិធានការពាក់ព័ន្ធតាមទម្រង់ដ៏សមរម្យ។
ប្រជាធិបតេយ្យល្អអាចដោះស្រាយបញ្ហាយ៉ាងពិតប្រាកដ ។ យោងតាមស្ថិតិ នៅឆ្នាំ២០២៥ រដ្ឋាភិបាលចិនបានទទួលនិងអនុវត្តសំណើរបស់តំណាងប្រជាជនទូទាំងប្រទេសចិនចំនួន៨៧៥៤ច្បាប់ និងសេចកី្តស្នើច្បាប់របស់សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចំនួន៤៨៦៨ច្បាប់ គឺស្នើនឹង៩៥,៦ភាគរយនិង៩៧,៣ភាគរយនៃចំនួនសរុបរបស់សំណើនិងសេចកី្តស្នើច្បាប់ដោយឡែកពីគ្នា ។
ប្រសិទ្ធភាពជាក់ស្តែងដែលប្រជាជនមើលឃើញបាននិងទទួលអារម្មណ៏បាន ធ្វើឱ្យប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ចិនទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ ។ អ្នកវិភាគបានសម្គាល់ឃើញថា ការអនុវត្តដោយជោគជ័យនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល វាមិនត្រឹមតែផ្តល់ការធានាខាងប្រព័ន្ធរបបដល់ការធ្វើទំនើបកម្មតាមបែបផែនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ជាបទពិសោធដ៏មានតម្លៃសម្រាប់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយស្វែងរករូបមន្តប្រជាធិបតេយ្យដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ហើយក៏បានធ្វើឱ្យទម្រង់នៃអរិយធម៌នយោបាយរបស់មនុស្សជាតិកាន់តែមានភាពសម្បូរបែប ។
ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥បានចាប់ផ្តើម ការធ្វើទំនើបកម្មតាមបែបផែនចិនបោះជំហានតាមដំណើរថ្មី ។”ប្រកាន់ខ្ជាប់ភាពស៊ីសង្វាក់គ្នារវាងការរចនាពីលំដាប់កំពូលនិងការសុំមតិយោបល់ពីប្រជាជន” ក្នុងន័យដោះស្រាយឱ្យបានល្អនូវបញ្ហាដែលប្រជាជនយកចិត្តទុកដាក់បំផុតនិងមានភាពជាក់ស្តែងបំផុត ដើម្បីធ្វើឱ្យប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលបំផុសឡើងនូវកម្លាំងរស់រវើកកាន់តែខ្លាំងក្នុងកិច្ចកសាងទំនើបកម្មតាមបែបផែនចិន ក៏ដូចជានឹងនាំមកនូវការបំផុសគំនិតនិងកាលានុវត្តកាន់តែច្រើនដល់ពិភពលោកផងដែរ ៕

