មន្រ្តី​ការ​បរទេស​អាមេរិក​អនុញាត្តិ​ឲ្យ​មន្ត្រី​ប្រឆាំង​ចូល​ជួប

ភ្នំពេញ (១១ មករា ២០១២)៖ ​លោក ដេន បៀរ (Dan Baer) ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទួល​បន្ទុក​ផ្នែក​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​ និង​ការងារនៅថ្ងៃទី ១១ មករានេះ  បាន​​ផ្ដល់​ឱកាស​ដល់​គណបក្ស​សមរង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្សឲ្យ​បង្ហាញ​ពី​គម្រោង​រៀបចំ​ចូល​រួម​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​របស់​ខ្លួន។

លោក យឹម សុវណ្ណ អ្នក​តំណាងរាស្ត្រ និង​ជាមន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​និយាយ​នៅ​​ក្រោយ​ជំនួប​នោះ​ថា លោក​បាន​លើក​ពី​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​កំពុង​ស្ថិត​នៅ​ក្រោម​សំពាធ​នយោបាយ បញ្ហា​ជម្លោះ​ដីធ្លី​ដែល​កំពុង​កើត​មាន​យ៉ាង​អានាធិបតេយ្យ និង​ឈាន​ទៅ​ដល់​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន បញ្ហា​ការ​កែ​ទម្រង់​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ និង​បញ្ហា​ការ​បោះ​ឆ្នោត។

លោកបន្តថា គណបក្ស សម រង្ស៊ី សូម​ឲ្យ​សហរដ្ឋ​អាមេរិក​ជួយ​អន្តរាគមន៍​លើ​ករណី​មន្រ្តី​គណបក្ស​ប្រជាជន​ បាន​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ម្តងៗ និង​ការ​គំរាមកំហែង​តាម​រូបភាព​នានា៖ «ដូច្នេះ​បើ​ប្រព័ន្ធ​តុលាការ​មិន​ ឯករាជ្យ ចៅក្រម ព្រះរាជអាជ្ញា​កាត់​ក្ដី​អយុត្តិធម៌ គ្មាន​សម្បជញ្ញៈ ហើយ​ទទួល​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ គ្មាន​យុត្តិធម៌​ទេ​សម្រាប់​សង្គម​កម្ពុជា»។

ថ្លែង​បន្ទាប់​ពីជំនួបនោះដែរ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​និយាយ​ថា គណបក្ស​​របស់​លោក​បាន​ត្រៀម​រៀបចំ​ផែនការ​រួច​អស់​ហើយ ប៉ុន្តែ​លោក​ចង់​ឃើញ​ការ​បោះ​ឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ហើយ​អ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ គឺ​ប្រព័ន្ធ​បោះ​ឆ្នោត​មិន​ទាន់​ឯករាជ្យ បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ស្មើ​ភាព​គ្នា។

មន្រ្តីគណបក្ស​ប្រជាជនកម្ពុជា​មួយរូប​បាននិយាយថា ការនិយាយ​របស់​មន្រ្តីគណបក្ស​ប្រឆាំងដោយ​​បង្ហាញ​ពី​ការរិះគន់របស់ខ្លួន​មកលើ​​គណបក្ស​ប្រជាជន និង​ការ​​ចូល​ជួប​​​របស់​​ពួកគេ​​ជាមួយលោក ដេន បៀរ កាល​ពីព្រឹក​នេះ​​គឺ​បាន​បង្ហាញថា ប្រទេស​កម្ពុជាមាន​ប្រជាធិបតេយ្យហើយ៕

Related Articles

Back to top button
Close
Close