មេដឹកនាំក្រុមអាវលឿងថៃត្រូវលើកលែងការចោទប្រកាន់ពីបទប្រមាថមហាក្សត្រ
នៅថ្ងៃពុធនេះ តុលាការថៃបានសម្រេចលើកលែងការចោទប្រកាន់ លើរូបលោក សុនធិ លឹមថុងគុល (Sondhi Limthongkul) មេដឹកនាំក្រុមអាវលឿងថៃពីបទប្រមាថ ព្រះមហាក្សត្រ។ ចៅក្រមបានលើកហេតុផលថា លោកលឹមថុងគុល បាននិយាយ ប៉ះពាល់ដល់ព្រះមហាក្សត្រថៃមែន ប៉ុន្តែ មិនមានចេតនាប្រមាថព្រះមហាក្សត្រ នោះទេ។
លោកសុនធិ លឹមថុងគុល ត្រូវបានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ ក្រោយ ពីលោកបានដកស្រង់សម្តីមេដឹកនាំក្រុមអាវក្រហម ដែលនិយាយប៉ះពាល់ដល់ព្រះ មហាក្សត្រថៃ កាលពីឆ្នាំ២០០៨។
នៅថ្ងៃពុធនេះ តុលាការថៃបានសម្រេចលើកលែងការចោទប្រកាន់លើលោក លឹម ថុងគុល ក្នុងហេតុផលថា ពាក្យសម្តីដែលលោកលឹមថុងគុលប្រើនៅឆ្នាំ ២០០៨ នោះ មិនមែនជាពាក្យសម្តីផ្ទាល់របស់លោកទេ។ លោកលឹមថុងគុលគ្រាន់តែ ដកស្រង់សម្តីអ្នកផ្សេងមកនិយាយប៉ុណ្ណោះគឺក្នុងគោលបំណងឲ្យប៉ូលិស ចាត់វិធានការប្រឆាំងនឹងមេដឹកនាំអាវក្រហម ដែលបាននិយាយប្រមាថព្រះមហាក្សត្រ ។ ដូច្នេះ លោកលឹមថុងគុលមិនមានចេតនាប្រមាថព្រះមហាក្សត្រនោះទេ។
លោកលឹមថុងគុលវិញ បានអះអាងថា ការចោទប្រកាន់លើរូបលោកពីបទប្រមាថ ព្រះមហាក្សត្រនេះ គឺបង្កឡើងដោយគូសត្រូវរបស់លោកដែលស្វះស្វែងធ្វើ យ៉ាងណាឲ្យលោកជាប់គុក។ ថ្វីដ្បិតតែលោកលឹមថុងគុលមិនបញ្ចេញ ឈ្មោះ ក៏ប៉ុន្តែ គេដឹងថា គូសត្រូវដ៏ធំរបស់គាត់ គឺក្រុមអាវក្រហម ដែលគាំទ្រលោក ថាក់ស៊ីន។
គួររំឭកឡើងវិញថា លោកសុនធិ លឹមថុងគុល គឺជាអ្នកបង្កើតក្រុមអាវលឿងថៃ ដែល បានរៀបចំធ្វើបាតុកម្ម ជាដើមហេតុនាំឲ្យទាហានថៃធ្វើរដ្ឋប្រហារទម្លាក់ លោក ថាក់ស៊ីន កាលពីឆ្នាំ២០០៦។ ក្រៅពីរឿងប្រមាថព្រះមហាក្សត្រនេះ លោក លឹមថុងគុល មានជាប់ក្តីក្តាំជាមួយតុលាការជាច្រើនរឿងទៀត។ ទីមួយ ទាក់ទងនឹងបទបរិហាកេរ្តិ៍លោកថាក់ស៊ីន ដែលតុលាការកាត់ឲ្យជាប់ពន្ធនាគារ រយៈ ពេល ៦ខែ កាលពីឆ្នាំ២០១០។ ក៏ប៉ុន្តែ ទោសនេះត្រូវព្យួរ។ រឿងមួយទៀត គឺទាក់ទងនឹងការកេងបន្លំក្នុងក្រុមហ៊ុន ដែលតុលាការកាត់ទោសឲ្យលោក លឹម ថុង គុលជាប់ពន្ធ នាគាររយៈពេល ២០ឆ្នាំ កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ តុលាការបានដោះលែងឲ្យលោក លឹម ថុងគុល ស្ថិត នៅក្រៅឃុំបណ្តោះអាសន្ន ដោយរង់ចាំការសម្រេចសេចក្តីលើបណ្តឹង ឧទ្ធរណ៍៕ ដោយ សេង ឌីណា (RFI)