ក្រសួងការពារជាតិ៖ ក្រោយការផ្ទុះមីន កម្លាំងកម្ពុជា-ថៃ នៅជួរមុខបានទាក់ទងគ្នា និងធានាសភាពការណ៍
Cambodia News
ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ក្រោយហេតុការណ៍ផ្ទុះមីននេះភ្លាម កងកម្លាំងនៃយោធភូមិភាគទី៤កម្ពុជា និងកងកម្លាំងថៃ ដែលនៅជួរមុខ បានទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះ សភាពការណ៍មានភាពស្ងប់ស្ងាត់ មិនមានភាពតានតឹងទេ។
ក្រសួងការពារជាតិកម្ពុជា បានកត់សម្គាល់ថា តាំងពីថ្ងៃ១០ ខែវិច្ឆិកា មកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។
ក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់នេះ និងថា ទីតាំងនៃមានឧបទ្ទវហេតុផ្ទុះគ្រាប់មីននោះ ជាតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា។
ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យភាគីថៃ ចៀសវៀងការដើរល្បាតចូលក្នុងតំបន់ ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាចម្ការមីន ដែលជាសំណល់ពីសង្គ្រាម ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។»។
លោកស្រី ម៉ាលី សុជាតា បន្ថែមដូច្នេះ ដោយបន្តបញ្ជាក់ថា ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ក្រសួងការពារជាតិកម្ពុជា បន្តប្តេជ្ញាចិត្ត ធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ស្របតាមសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកម្ពុជា-ថៃ៕

