បទវិភាគ៖គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”បានឈានចូលទស្សវត្សរ៍មាសថ្មី៖កំណើន ភាពបៃតងនិងឈ្នះ-ឈ្នះ
Cambodia News
ចាប់ពីការលើកឡើងរហូតដល់បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានឆ្លងកាត់ដំណើរការអភិវឌ្ឍន៍ ១២ ឆ្នាំហើយ ។ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានប្រែក្លាយពីគំនិតទៅជាសកម្មភាព ពីទស្សនទានក្លាយទៅជាការពិតជាក់ស្តែង ហើយបានកសាងស្ពានដ៏រឹងមាំសម្រាប់ការប្រាស្រ័យទាក់ទងផែ្នកគោលនយោបាយ ការតភ្ជាប់គ្នានៃហេដ្ឋារចនាសម័្ពន្ធ ភាពរលូនខាងពាណិជ្ជកម្ម ការរួមបញ្ចូលគ្នាខាងមូលធននិងការតភ្ជាប់ដួងចិត្តរបស់ប្រជាជនដែលបានក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលទទួលប្រជាប្រិយភាពខ្លាំងនិងជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលប្រកបដោយបរិយាប័ន្នបំផុត ។
នាពេលថ្មីៗកន្លងទៅនេះ របាយការណ៍សិក្សាស្រាវជ្រាវមួយដែលរួមគ្នាចេញផ្សាយដោយសាកលវិទ្យាល័យ Fudan របស់ចិននិងសាកលវិទ្យាល័យ Griffith របស់អូស្ត្រាលីបានបង្ហាញថា នៅឆមាសទីមួយឆ្នាំ ២០២៥ ទំហំទឹកប្រាក់នៃគម្រោងស្តីពីគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ចិនបានឈានដល់ ១២៤ ប៊ីលានដុល្លារអាមេរិកដែលបានលើសពីទំហំទឹកប្រាក់សរុបនៃគម្រោងពេញមួយឆ្នាំនៃឆ្នាំ ២០២៤ ហើយបានបង្កើតកំណត់ត្រាខ្ពស់បំផុតនៃទំហំទឹកប្រាក់សរុបនៃគម្រោងក្នុងរយៈពេលកន្លះឆ្នាំ ។
កាសែត«Financial Times»របស់អង់គ្លេសបាននិយាយត្រង់ៗថា ទង្វើរបស់ចិនដែលពង្រីកទីផ្សារក្រៅប្រទេសនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសតាមបណ្តោយ”ខ្សែក្រវាត់និងផ្លូវ”ក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”បានបង្កើតជា”ការប្រៀបធៀបយ៉ាងច្បាស់លាស់”ជាមួយទង្វើរបស់សហរដ្ឋអាមេរិកដែលគំរាមកំហែងថា នឹងដំឡើងពន្ធគយខ្ពស់ចំពោះដៃគូពាណិជ្ជកម្ម។ លោក Christoph Nedopil ប្រធានវិទ្យាស្ថានអាស៊ីនៃសាកលវិទ្យាល័យ Griffith របស់អូស្ត្រាលីបានថ្លែងថា ប្រទេសជាច្រើនចាត់ទុកកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”ជាឱកាសមួយដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយប្រទេសចិន ។
វេបសាយនៃកាសែត«Financial Times»របស់អង់គ្លេសបានផ្សាយដំណឹងនាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ទំហំទឹកប្រាក់តាមកិច្ចព្រមព្រៀងស្តីពីការវិនិយោគនិងការសាងសង់ថ្មីដែលបានចុះហត្ថលេខាដោយសហគ្រាសចិននៅក្នុងប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”បានបំបែកកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រនៅឆ្នាំនេះ ។ យោងតាមសៀវភៅ«សម្រង់វិនិយោគនៅបរទេសរបស់ចិនប្រចាំឆមាសទីមួយឆ្នាំ ២០២៥ »ដែលចេញផ្សាយដោយទីភ្នាក់ងារគណនេយ្យអន្តរជាតិ Ernst&Young នាពេលថ្មីៗកន្លងទៅនេះបង្ហាញថា នៅឆមាសទីមួយឆ្នាំ២០២៥ ប្រទេសចិនសម្រេចបាននូវទំហំទឹកប្រាក់អាជីវកម្មចំនួន ៦៤,៨ ប៊ីលានដុល្លារអាមេរិកនៅក្នុងប្រទេសនិងតំបន់ដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” ដែលកើនឡើង ៧,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។
ពីកំពង់ផែដល់រោងចក្រផលិតអគ្គិសនី ពីផ្លូវដែកដល់គម្រោងថាមពល PV ប្រទេសចិនបាននិងកំពុងពន្លឿនការវិនិយោគនៅបរទេសក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ។ អ្នកជំនាញសម្គាល់ឃើញថា ខណៈពេលឈានចូលទស្សវត្សរ៍មាសថ្មី គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”កំពុងតភ្ជាប់នឹងតម្រូវការអភិវឌ្ឍន៍សកលដោយចំគោលដៅដែលបានបង្ហាញពីកម្លាំងចលករយ៉ាងខ្លាំងក្លាលើវិស័យ ដូចជាពាណិជ្ជកម្ម ការបណ្តាក់ទុន ការធ្វើបរិវត្តកម្មបៃតងនិងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើម ។
តាមទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនប្រកាសនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា នៅឆមាសទីមួយឆ្នាំ ២០២៥ ការវិនិយោគដោយផ្ទាល់លើវិស័យមិនមែនហិរញ្ញវត្ថុរបស់ចិននៅប្រទេសដែលបានចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”បានឈានដល់ ១៨,៩ ប៊ីលានដុល្លារអាមេរិកដែលកើនឡើង ២០,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ។ បើមើលពីរយៈពេលកាន់តែវែងអាចឃើញថា ចាប់ពីឆ្នាំ ២០២១ ដល់ឆមាសទីមួយឆ្នាំ ២០២៥ ទំហំវិនិយោគទៅវិញទៅមករវាងចិននិងប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”មានចំនួនលើសពី ២៤០ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគនៅក្រៅប្រទេសរបស់ចិនមានចំនួនលើសពី ១៦០ ប៊ីលានដុល្លារអាមេរិក ចំណែកឯការវិនិយោគនៅប្រទេសចិនរបស់ប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”មានចំនួនលើសពី ៨០ ប៊ីលានដុល្លារអាមេរិកដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគមានភាពកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ។ គ្រឹះស្ថានអន្តរជាតិជាច្រើនដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះសមិទ្ធផលគួឱ្យកត់សម្គាល់របស់ប្រទេសចិននិងការវិនិយោគខាងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។
ហេតុអ្វីបានជាការវិនិយោគអំពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”អាចរក្សាសន្ទុះកំណើនដ៏ខ្លាំងក្លា ? អ្នកវិភាគបានលើកឡើងថា ប្រការនេះមិនត្រឹមតែបានពឹងផ្អែកលើកត្តាប្រពៃណីដែលបានបង្កើតឡើងក្នុងរយៈពេលជាយូរមកហើយ ដូចជាគោលនយោបាយ ប្រភពធនធាននិងទីផ្សារជាដើមប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបានជំរុញដោយកត្តាជំរុញថ្មី ដូចជាការធ្វើឱ្យប្រសើរឡើងនូវយុទ្ធសាស្ត្រសកលភាវូបនីយកម្មនៃសហគ្រាសផងដែរ ។ និយាយជារួម ការវិនិយោគអំពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានលេចចេញនិម្មាបនកម្មដែលទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរនិងការរួមបញ្ចូលគ្នារវាងប្រពៃណីនិងការច្នៃប្រឌិតថ្មី ។
យោងតាមស្ថិតិនៃ«របាយការណ៍អំពីការវិនិយោគស្តីពី”ខ្សែក្រវាត់និងផ្លូវ”របស់ចិនប្រចាំឆមាសទីមួយឆ្នាំ ២០២៥ »ដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវហិរញ្ញវត្ថុបៃតងនៃសាកលវិទ្យាល័យ Fudan របស់ចិននាពេលថ្មីៗកន្លងទៅនេះបង្ហាញឱ្យឃើញថា ការវិនិយោគលើវិស័យថាមពលរបស់ប្រទេសចិនក្នុងកិច្ចសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”នៅឆ្នាំនេះបានបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រ ។ ដោយឡែកកិច្ចសហប្រតិបតិ្តការផ្នែកថាមពលបៃតងក៏បានបង្កើតកំណត់ត្រាថ្មីដូចគ្នាដែរ ទំហំទឹកប្រាក់នៃគម្រោងផលិតអគ្គិសនីដើរដោយថាមពលខ្យល់និងពន្លឺព្រះអាទិត្យមានចំនួន ៩,៧ ប៊ីលានដុល្លារអាមេរិក ហើយចំណុះដំឡើងម៉ាស៊ីនថ្មីមានចំនួនប្រហែល ១១,៩ ជីហ្គាវ៉ាត់ ។ “ផលិតផលថ្មីទាំងបី”ដែលយករថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV ជាតំណាងបានងើបឡើងយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារនៃប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”។
ទីភ្នាក់ងារសារព័ត៌មាន Sputnik រុស្ស៊ីបានដកស្រង់ការវិភាគរបស់អ្នកជំនាញថា កិច្ចសហប្រតិបតិ្តការផ្នែកថាមពលបៃតងរបស់ចិនមិនត្រឹមតែបានលំនឹងខ្សែសង្វាក់ផ្គត់ផ្គង់សកលប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ការគាំទ្រផ្នែកផលិតកម្មនិងបច្ចេកវិទ្យាប្រកបដោយស្ថិរភាពនិងប្រសិទ្ធភាពខ្ពស់ដល់ប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។
យោងតាមការព្យាករណ៍របស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រុងឡុងដ៍របស់អង់គ្លេសបានឱ្យដឹងថា តាមការប៉ាន់ប្រមាណ ដល់ឆ្នាំ ២០៤០ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”នឹងជំរុញឱ្យផលិតផលក្នុងស្រុកសរុប(GDP)ទូទាំងពិភពលោកកើនឡើង ៧,១ ទ្រីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ក្នុងនោះ ផលចំណេញភាគីច្រើន គឺបានមកពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការជំរុញភាពរលូននៃពាណិជ្ជកម្មសកល ។
នាពេលថ្មីៗកន្លងទៅនេះ វេទិកាសេដ្ឋកិច្ចពិភពលោកបានដកស្រង់របាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារថាមពលអាចកកើតឡើងវិញអន្តរជាតិថា តម្រូវការចំពោះផលិតកម្មថាមពលបៃតងសកលបានរក្សានិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសគឺ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនមានតម្រូវការយ៉ាងខ្លាំងចំពោះផលិតផលថាមពលថ្មី ។
ពេលថ្មីៗនេះ កាសែត«Pakistan Observer »បានចុះផ្សាយអត្ថបទថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលប្រឈមមុខនឹងភាពមិនប្រាកដប្រជា ប្រទេសចិនបាននិងកំពុងជំរុញប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”ឈានចូលគន្លងល្បឿនលឿននៃការអភិវឌ្ឍតាមរយៈកិច្ចសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដើម្បីរួមគ្នាឆ្ពោះទៅរកអនាគតដែលមានលក្ខណៈកំណើននិងប្រកបដោយនិរន្តរភាព ។
បច្ចុប្បន្ននេះ ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីប្រកបដោយគុណភាពខ្ពស់ ។ ពីតំបន់អឺរ៉ាស៊ីដល់ទ្វីបអាហ្រ្វិកនិងអាមេរិកឡាទីន ពីការតភ្ជាប់រឹងដល់ការតភ្ជាប់ទន់និងការតភ្ជាប់ដួងចិត្តប្រជាជន សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការបានផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជននៃប្រទេសជាង ១៥០ ។ ឆ្លងតាមរយៈការអភិវឌ្ឍអស់រយៈពេលជាង ១០ ឆ្នាំ លើមូលដ្ឋាននៃការជំរុញការតភ្ជាប់គ្នាទៅវិញទៅមក ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ត្រូវបានត្រួសត្រាយទៅជាវេទិកាសហប្រតិបត្តិការខាងពាណិជ្ជកម្មនិងឧស្សាហកម្មដែលជំរុញឱ្យប្រទេសកាន់តែច្រើនរួមបញ្ចូលទៅក្នុងខ្សែសង្វាក់ឧស្សាហកម្មអន្តរជាតិដើម្បីរួមគ្នាគាំពារស្ថិរភាពនិងភាពរឹងមាំនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
នៅរយៈពេល ១០ ឆ្នាំមាសបន្ទាប់ ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់នឹងបំពេញបន្ថែមនូវកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជានាំមកនូវកាលានុវត្តនភាពថ្មីសម្រាប់បណ្តាប្រទេសនានាក្នុងការរួមគ្នាសម្រេចបាននូវការធ្វើទំនើបកម្ម ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕
