មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់មន្ត្រីទទួលបន្ទុកគ្រប់រាជធានីខេត្តត្រូវទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព
Cambodia News
សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់មន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិគ្រប់រាជធានីខេត្តទាំងអស់ ត្រូវធ្វើការងារឱ្យបានជាប់ជាប្រចាំមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តរបស់ខ្លួន ដើម្បីក្ដាប់ព័ត៌មានឱ្យជុំសម្រាប់បកស្រាយ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានច្បាស់ និងលឿន ដើម្បីគ្រប់គ្រងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតឱ្យមានប្រសិទ្ធភាព។
ក្នុងពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ឯកឧត្តមឆាយ សុផល រដ្ឋលេខាធិការ តំណាងឯកឧត្តមនេត្រ ភាក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការងារព័ត៌មាន និងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់។ ដោយក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។
សំឡេង៖ « ខ្ញុំសូមរម្លឹកឡើងវិញ ថាអ្វីទៅហៅថាបុរេសកម្ម ក្នុងការងារព័ត៌មាន និងសាធារណមតិ? បុរេសកម្មគឺការធ្វើទុកមុន សកម្មគឺធ្វើដោយយកចិត្តទុកដាក់ខ្ពស់ អន្តរសកម្មគឺការធ្វើការសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធព្រោះថា ការងារសាធារណមតិនេះ មិនមែនតែមន្ទីរព័ត៌មានធ្វើតែឯងទេ គឺត្រូវមានការចូលរួមពីមន្ទីរជំនាញក្នុងខេត្ត។ ចំណែកឯប្រសិទ្ធភាព គឺអ្វីដែលយើងអាចសម្រេចបានតាមផែនការដែលបានដាក់ចេញ និងប្រសិទ្ធផល គឺផលសម្រេចបានមានលក្ខណៈយូរអង្វែង។
ឯកឧត្តមបញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្ត គឺជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត គឺជាអ្នកពាំនាំព័ត៌មាន សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។
លោកយឿង ចាន់ អនុប្រធានទទួលបន្ទុករួមនៃមន្ទីរព័ត៌មានខេត្តសៀមរាបបានមានប្រសាសន៍ថា សម្រាប់ការងារព័ត៌មាន និងសាធារណមតិនេះ មន្ទីរព័ត៌មានលោកមានមន្ត្រីចំនួន៥រូបត្រូវបានក្រសួងព័ត៌មានចេញសេចក្តីសម្រេចទទួលស្គាល់ដោយអនុវត្តន៍ការងារ៧ថ្ងៃក្នុងមួយសប្តាហ៍ និងរាយការណ៍ជូនរដ្ឋបាលខេត្តជារៀងរាល់ថ្ងៃ។ ជាក់ស្តែងក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ ក្រុមការងារបានប្រមូលព័ត៌មានបែបវិជ្ជមានចំនួន២៥៥៨អត្ថបទ និងដំណឹងក្តៅរសើបចំនួន៥០៤អត្ថបទព័ត៌មាន ហើយបានឆ្លើយតបតាមរយៈការបំភ្លឺពីមន្ត្រីជំនាញក្នុងខេត្តវិញ។
ជាមួយគ្នានេះលោកបានបង្ហាញនូវបញ្ហាប្រឈមមួយចំនួនផងដែរដូចជា៖ មន្ទីរជំនាញមួយចំនួន មិនសូវសហការផ្តល់ព័ត៌មាន ហើយមន្ទីរក៏មានការលំបាកក្នុងការគ្រប់គ្រងអ្នកសារព័ត៌មាន អ្នកបង្កើតមាតិការ ដោយពួកគាត់ខ្វះ ខ្វះចំណេះដឹងក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាដើម។
ឆ្លើយតបទៅនឹងបញ្ហានេះ លោកសុខថុល អភិបាលរងទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ និងជាអ្នកនាំពាក្យខេត្តសៀមរាបទទួលស្គាល់ថា មន្ត្រីជំនាញក្នុងខេត្តខ្លះមិនទាន់បានសហការបានល្អនូវឡើយទេ ពេលក្រុមការងារទទួលបន្ទុកការងារសាធារណមតិសុំការបញ្ជាក់ សុំការបំភ្លឺរឿងអ្វីមួយ។
លោកបានលើកបញ្ហានេះ ជូនទៅក្រុមប្រឹក្សា និងគណៈអភិបាលខេត្តរួចហើយ ដើម្បីជួយសម្របសម្រួសដល់មន្ទីរជំនាញនានាក្នុងខេត្ត ក្នុងការផ្តល់ព័ត៌មានឬបំភ្លឺទាន់ពេលវេលា។ ហើយជុំវិញការងារព័ត៌មាន និងសាធារណមតិនេះដែរ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារបណ្តាញសង្គមនៅរដ្ឋបាលខេត្ត ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ និងមន្ទីរជំនាញជុំវិញខេត្ត ជាពិសេសក្រុមសារធារណមតិរបស់ខេត្ត និងមន្ទីរព័ត៌មានខេត្តដើម្បីដោះស្រាយរាល់សំណួរ -សំណូមពររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតជាដើម។
សូមបញ្ជាក់ថា វគ្គបំពាក់បំប៉ននៅខេត្តសៀមរាមនេះ មានការចូលរួមពីមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិមកពីខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ រៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីការ គ្រប់គ្រង ការចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបតថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ជាដើម។
វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ មានបទអន្តរាគមន៍ស្តីប្រធានបទការងារជំនាញដូចខាងក្រោម ៖
១– បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ដោយឯកឧត្តមបណ្ឌិត ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន
២– ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ដែលបង្ហាញដោយឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន
៣– ជំនាញការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ដោយកញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាន នៃខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន
៤–ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លែងក្លាយដោយកញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោយទស្សន៍
៥– របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ ដោយលោកខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលមន្ទីររាជធានីខេត្ត និងទី៦– ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ ដោយកញ្ញា ម៉ា បុប្ផាអនុប្រធាននាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ៕


