ទិវាថ្មីនៃបាតុកម្មប្រឆាំងជប៉ុននៅក្នុងប្រទេសចិន
បាតុករចិនរាប់ម៉ឺននាក់បាននាំគ្នា ជាថ្មីម្តងទៀតចុះថ្នល់សម្ដែងការប្រឆាំង ប្រទេសជប៉ុន ក្រោមក្រសែចក្ខុរបស់រដ្ឋអំណាចចិន ដែលទាមទារឲ្យប្រទេស ជប៉ុនសងមកប្រទេសចិនវិញនូវទីប្រជុំកោះ Diaoyu ឬ Senkaku ជាភាសាជប៉ុន។ នេះគឺពិតជាការប្រយុទ្ធតទល់គ្នារវាងអ្នកជាតិនិយមចិននិងអ្នកជាតិនិយម ជប៉ុន ដែលគេពុំអាចដឹងថា តើលទ្ធផលនឹងចេញទៅជាយ៉ាងណា?
ការជ្រើសយកថ្ងៃទី១៨កញ្ញាដើម្បីធ្វើបាតុកម្មជាថ្មីប្រឆាំង ប្រទេសជប៉ុន ដែល អនុញ្ញាតដោយអាជ្ញាធរចិនគឺពិតជាគេចង់រំលឹកដល់ថ្ងៃខួបទី១៨ កញ្ញាឆ្នាំ ១៩៣១ ដែលប្រទេសជប៉ុនកាលណោះបានយកលេសឧប្បត្តិហេតុនៅ Moukden ដើម្បីធ្វើការវាយលុកឈ្លានពានយកតំបន់ Mandchourie របស់ប្រទេសចិន។
នៅខេត្តទាំងបីនៃអតីតតំបន់ Mandchourie ដែលក្នុងនោះមានខេត្ត Heilongjiang Jilin និង Liaoning ឋិតនៅប៉ែកឦសាននៃប្រទេសចិន បានបន្លឺ សំឡេងស៊ីរ៉ែននៅម៉ោង៩និង១៨នាទីត្រូវជាម៉ោង៣និង១៨នាទីម៉ោងសកលហើយ ក៏មានផងទៀតពិធីបុណ្យខួបរំលឹកជាលើកទីមួយនៅ Shenyang ក្នុងខេត្ត Liaoning អតីត Moukden ។ នេះជាការផ្សាយឲ្យដឹងដោយទូរទស្សន៍ចិន។
នៅក្នុងប្រទេសចិន ក្រុមហ៊ុនជប៉ុនរាប់រយ ហើយនិងភោជនីយដ្ឋានជប៉ុនបាន បិទទ្វារ ដោយខ្លាចមានការប៉ះទង្គិចជាមួយបាតុករចិនខឹងក្រេវក្រោធ។នៅឯ ទីក្រុងប៉េកាំងវិញ នៅថ្ងៃអង្គារនេះ បាតុកររាប់ពាន់នាក់បាននាំគ្នាឡោមព័ទ្ធ ស្ថានទូតជប៉ុន ដែលការពារដោយនគរបាល៦ជួរ ហើយនិងរបាំងដែកកម្ពស់ពីរ ម៉ែត្រ។
សំបកដបទឹកជ័រនិងពងមាន់ស្អុយបានត្រូវបាតុករយកទៅគប់លើស្ថានទូត។ ការប៉ះ ទង្គិចបន្តិចបន្តួចក៏បានកើតមានរវាងបាតុករនិងកងកម្លាំង រក្សាសន្តិសុខ ក្រោមការឃ្លាំមើលនៃឧទ្ធម្ភាគចក្រ។
“ជប៉ុនត្រូវចាកចេញពីកោះ Diaoyu!!!” ឬ “នាំគ្នាធ្វើពហិការកុំទិញផលិតផលជប៉ុន!!!” នេះជាពាក្យស្លោកដែលគេឃើញមានសរសេរលើផ្ទាំងបដាប្រឆាំងជប៉ុន។ ហើយក៏ មានបាតុករជាច្រើនបាននាំគ្នាយករូបថតលោក ម៉ៅ សេទុង មកលើកដង្ហែ។ លោក ម៉ៅ សេទុង ដែលជាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន ស្លាប់ នៅឆ្នាំ១៩៧៦។
គួររំលឹកថា សេចក្តីសម្រេចចិត្តធ្វើជាតូបនីយកម្មទីប្រជុំកោះ Diaoyu ឬ Senkaku ដោយរដ្ឋាភិបាលជប៉ុនកាលពីសប្តាហ៍មុន បានបង្កឲ្យផ្ទុះចេញជាបាតុកម្ម ប្រឆាំងជប៉ុនដ៏ហិង្សានៅក្នុងប្រទេសចិន។ជាច្រើនសប្តាហ៍មកហើយ ដែលប្រទេស ចិននិងប្រទេសជប៉ុនបានសម្ដែងបង្ហាញអានុភាពដាក់គ្នា ក្នុងការទាម ទារយក ទីប្រជុំកោះ Diaoyu ឬ Senkaku ដែលឋិតនៅចម្ងាយប្រមាណ ២០០គ.ម.ពីកោះ តៃវ៉ាន់ ហើយនិង៤០០គ.ម.ពីកោះអូគីណាវ៉ា(ប៉ែកខាងត្បូងនៃប្រទេសជប៉ុន)។
ទីក្រុងប៉េកាំងឯណេះ បានបញ្ជូននាវាយាមល្បាតជាច្រើនគ្រឿងទៅ ទីប្រជុំកោះ Diaoyu ឬ Senkaku ដើម្បីបង្ហាញវត្តមានរបស់ខ្លួន។ ហើយរដ្ឋមន្ត្រីក្រសួង ការពារជាតិចិនលោកឧត្តមសេនីយ៍ Liang Guanglie បានប្រកាសឲ្យដឹងនៅ ថ្ងៃអង្គារនេះថា “ប្រទេសចិនរក្សាសិទ្ធិសម្រាប់ចាត់វិធានការថ្មីបន្ថែមទៀត”។ ទាំងនេះក្រោយពីមានជំនួបចរចាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Leon Panetta។
សូមបញ្ជាក់ថា នៅរសៀលនៃថ្ងៃអង្គារនេះ នាវានៃរដ្ឋាភិបាលចិនចំនួន១១ គ្រឿងបានទៅដល់ ទីប្រជុំកោះ Diaoyu ឬ Senkaku ដែលឋិតនៅក្រោម ការត្រួតត្រារបស់ជប៉ុន ហើយដែលទាមទារដោយទីក្រុងប៉េកាំង។ នេះជាការប្រកាស ឲ្យដឹងដោយកងកម្លាំងយាមល្បាតជប៉ុន៕ដោយ សៀក សារិន (RFI)