ស្ត្រីអាយុ៤១ឆ្នាំម្នាក់ ត្រូវបានរកឃើញមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ុន១ (H5N1)
Cambodia News
ភ្នំពេញ៖ ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដែល មានទីលំនៅក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងកំពុងទទួលបានការថែទាំយ៉ាងយកចិត្ត ទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺនិងនៅផ្ទះអ្នកជិតខាងមានមាន់ទា ឈឺនិងងាប់ ហើយអ្នកជំងឺបានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់រួចយកមកធ្វើម្ហូបទទួលទាន ៥ថ្ងៃមុនថ្ងៃដែល អ្នកជំងឺចាប់ផ្ដើមឈឺ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាមីស្តូ(Tamilu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ៕


