បទវិភាគ៖ចំណុចគន្លឹះនៃការលំនឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺ ភាគីទាំងពីរដើរស្របតាមទិសដៅតែមួយ

Cambodia News

សំដៅចំពោះកិច្ចប្រជុំលើកដំបូងនៃយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកដែលបានប្រារព្ធធ្វើនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមិថុនា ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានផ្តោតការយកចិត្តទុកដាក់យ៉ាងដិតដល់។

កិច្ចប្រជុំនេះគឺជាកិច្ចពិគ្រោះពិភាក្សាដ៏សំខាន់មួយលើកដែលធ្វើឡើងក្រោមការណែនាំនៃគំនិតឯកភាពរួមជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកក្នុងកិច្ចជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី ៥ ខែមិថុនា ។

ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅនេះ ភាគីទាំងពីរ ចិននិងសហរដ្ឋអាមេរិកបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស្មោះត្រង់និងស៊ីជម្រៅដោយបានមូលមតិជាឯកច្ឆន្ទអំពីការអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី៥ខែមិថុនានិងក្របខ័ណ្ឌវិធានការសម្រាប់ពង្រឹងសមិទ្ធផលនៃកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ដែលទទួលបានការវិវឌ្ឍរីកចម្រើនថ្មីអំពីការដោះស្រាយកង្វល់ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរៀងៗខ្លួន ។

ភាគីទាំងពីរសុទ្ធតតែបានសង្កត់ធ្ងន់ថា នឹងដើរស្របតាមទិសដៅតែមួយនិងអនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមនៃកិច្ចប្រជុំនេះ ។ ភាគីចិនមានចិត្តស្មោះចំពោះភាគីអាមេរិកក្នុងការដើរស្របតាមទិសដៅតែមួយ ។ បន្ទាប់ពីកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវបានឈានដល់គំនិតឯកភាពរួមកាលពីខែឧសភា ឆ្នាំនេះ ភាគីចិនបានអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងម៉ឺងម៉ាត់និងម៉ត់ចត់ ហើយបានលុបចោលឬផ្អាកវិធានការពាក់ព័ន្ធនិងមិនពាក់ព័ន្ធពន្ធគយដែលសំដៅចំពោះពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ដោយឡែកកាលពីថ្ងៃទី ៥ ខែមិថុនា លោក XiJinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកតាមការណាត់ដោយបានចង្អុលបង្ហាញពីទិសដៅអភិវឌ្ឍន៍របស់នាវាយក្សនៃទំនាក់ទំនងរវាងចិននិងអាមេរិក ។ ប៉ុន្មានថ្ងៃក្រោយមក ប្រទេសចិននិងសហរដ្ឋអាមេរិកក៏បានប្រារព្ធធ្វើកិច្ចប្រជុំលើកដំបូងនៃយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នេះគឺជាវិធានការដ៏សំខាន់សម្រាប់អនុវត្តស្មារតីនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំចិននិងសហរដ្ឋអាមេរិក ដែលបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវខ្ពស់ជាប់រហូតមករបស់ភាគីចិន ។

ព្រមពេលជាមួយគ្នានេះ ភាគីចិនក៏មានគោលការណ៍ដែរ ការគំរាមកំហែងចំពោះប្រទេសចិន វាទៅមិនរួចទេ ។ អាកប្បកិរិយារបស់ចិន គឺ ច្បាស់លាស់ណាស់ ពោលគឺ សហរដ្ឋអាមេរិកគួរលុបចោលវិធានការអវិជ្ជមានដែលបានអនុវត្តចំពោះប្រទេសចិន ។ គំនិតឯកភាពរួមដែលបានឈានដល់ក្នុងកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅទីក្រុងឡុងដ៍ គឺបានមកដោយមិនងាយទេ ហើយភាគីទាំងពីរគួររួមគ្នាគាំពារ។

សង្គ្រាមពាណិជ្ជកម្មគឺ គ្មានអ្នកឈ្នះទេ ភាគីចិនមិនចង់ធ្វើសង្គ្រាមទេ ប៉ុន្តែក៏មិនខ្លាចផងដែរ ។ តាមទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយអគ្គរដ្ឋបាលគយចិនបង្ហាញឱ្យឃើញថា ទំហំនាំចេញនាំចូលទំនិញសរុបរបស់ប្រទេសចិនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥ គឺមានចំនួន ១៧,៩៤ ទ្រីលានយាន់ប្រាក់ចិន កើនឡើង២,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលបានរក្សាភាពធន់ខ្លាំងបង្គួរក្រោមសម្ពាធពីខាងក្រៅ ។ ប្រការនេះបានបញ្ជាក់ម្តងទៀតថា សេដ្ឋកិច្ចចិនគឺជាមហាសាគរមួយដែលមានទីបង្អែកនិងមានជំនឿចិត្តក្នុងការទប់ទល់នឹងរលកធំៗ។

នៅក្នុងពិភពលោកដែលមានភាពរង្គោះរង្គើ អ្នកផងទាំងពួងត្រូវការដំណឹងល្អ ។ ជានិច្ចកាល ចិនតែងតែអនុវត្តតាមការសន្យារបស់ខ្លួន ហើយទទួលបានសមិទ្ធផលពីការអនុវត្ត ។ យើងរំពឹងថាភាគីអាមេរិកនឹងដើរស្របតាមទិសដៅតែមួយជាមួយភាគីចិនដើម្បីអនុវត្តគំនិតឯកភាពរួមនិងអនុសាសន៍ណែនាំដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជំរុញឱ្យយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកដើរតួនាទីឱ្យបានល្អថែមមួយកម្រិតទៀត ក៏ដូចជាបង្កើនគំនិតឯកភាពរួមជាបន្តបន្ទាប់ កាត់បន្ថយការយល់ច្រឡំនិងពង្រឹងកិច្ចសហប្រតិបត្តិការ ។ នេះមិនត្រឹមតែជាទំនួលខុសត្រូវចំពោះប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏ជាទំនួលខុសត្រូវចំពោះប្រជាជនទូទាំងពិភពលោកផងដែរ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close