សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីជម្លោះព្រំដែនជាមួយថៃ កម្ពុជានឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី១៥ មិថុនា
Cambodia News
ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៣ មិថុនា របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី១៣ មិថុនា បានសរសេរថា៖ ករណីជម្លោះព្រំដែនជាមួយថៃ កម្ពុជា នឹងបញ្ជូនលិខិតជាផ្លូវការ ទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី១៥ មិថុនា ។
សំណេរនៅលើគណនីហ្វេសប៊ុក របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បញ្ហាពីរ ដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ÷
១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ភាគីកម្ពុជា នៅរង់ចាំការបញ្ជាក់ជំហរ របស់ភាគីថៃ ក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជា ក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះ ទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ខានស្អែកនេះ។
២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែន ជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហា ដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជា ក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានា ដើម្បីឆ្លើយតបទៅនឹង ការគំរាមកំហែង ឬការដាក់សំពាធពីខាងក្រៅ។
សម្ដេចបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច៕