រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់សមាគមសារព័ត៌មាន ចូលរួមជាមួយរាជរដ្ឋាភិបាលលើការផ្សព្វផ្សាយព័ត៌មានឲ្យមានប្រភពច្បាស់លាស់

Cambodia News

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា  រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់សមាគមសារព័ត៌មានទាំងអស់នៅកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលលើការផ្សព្វផ្សាយព័ត៌មានឲ្យមានសណ្តាប់ល្អ មានប្រភពច្បាស់លាស់ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន។

ការលើកឡើងបែបនេះរបស់ឯកឧត្តម​រដ្ឋមន្ត្រី នៅក្នុងឱកាស ឯកឧត្តម អញ្ជើញជួបប្រជុំជាមួយសមាគមសារព័ត៌មាននៅកម្ពុជា ដើម្បីធ្វើការតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលកំពុងមានបញ្ហារឿងព្រំដែនរវាង កម្ពុជា-ថៃ អ្នកសារព័ត៌មានអាចដកស្រង់ប្រភពព័ត៌មានផ្លូវការយកទៅផ្សព្វផ្សាយបានគឺប្រភពពី រាជរដ្ឋាភិបាលកម្ពុជា, ប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា, និងសម្តេចធិបតីនាយករដ្ឋមន្ត្រី, ប្រភពពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ប្រភពពីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ស្នើដល់អ្នកសារព័ត៌មានសូមប្រកាន់នូវវិធានការ ការពារខ្លួននៅពេលចុះទៅយកព័ត៌មាននៅតំបន់សមរភូមិ ឬតំបន់ប្រឈម ហើយក្រសួងព័ត៌មាន នឹងផ្តល់អាវកាក់សារព័ត៌មានចំនួន ២ ៥០០អាវ ដើម្បីសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន និងសូមឲ្យពាក់កាតដែលចេញដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ។

តែទោះជាយ៉ាងណាក្តី  អ្នកសារព័ត៌មានត្រូវយល់ដឹងឲ្យច្បាស់លាស់កុំចូលតំបន់ដែលមានការហាមឃាត់នៅទីតាំងឈរជើងរបស់កងទ័ព ដោយគ្មានការអនុញ្ញាតិ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close