លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Alexander Lukashenkoប្រធានាធិបតីបេឡារុស
Cambodia News/
នាព្រឹកថ្ងៃទី ៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Alexander Lukashenko ប្រធានាធិបតីបេឡារុសនៅទីស្តីការរដ្ឋចិន Zhongnanhai ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះលោក Lukashenko ដែលបានជាប់ឆ្នោតបន្តអាណត្តិជាប្រធានាធិបតី។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងបេឡារុស គឺជាមិត្តពិតនិងជាដៃគូល្អ។
ប្រទេសចិនតែងតែយកចិត្តទុកដាក់និងអភិវឌ្ឍទំនាក់ទំនងចិន-បេឡារុសតាមមុំជាយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ហើយមានឆន្ទៈធ្វើការជាមួយបេឡារុស ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព និងយូរអង្វែង ។
ភាគីទាំងពីរគួរតែពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងក្របខ័ណ្ឌពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងអង្គការសហប្រតិបត្តិការសៀងហៃជាដើម រួមគ្នាប្រឆាំងនឹងអនុត្តរភាព និងការសម្លុតគំរាម ដើម្បីគាំពារសច្ចយុត្តិធម៌អន្តរជាតិ។
ជាការឆ្លើយតប លោក Lukashenko បានថ្លែងថា ប្រទេសបេឡារុសសូមថ្លែងអំណរគុណចំពោះការគាំទ្រនិងជំនួយដ៏ពេញទំហឹងរបស់ប្រទេសចិនក្នុងរយៈពេលជាយូរមក បេឡារុសមានទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន ហើយនឹងធ្វើការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនយ៉ាងមុតមាំមិនងាករេ ព្រមនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនយ៉ាងសកម្ម ។
ក្នុងកិច្ចការអន្តរជាតិ ប្រទេសចិនបានប្រកាន់ខ្ជាប់គោលជំហរយ៉ាងមុតមាំដើម្បីគាំពារពហុភាគីនិយម ប្រឆាំងឯកតោភាគីនិយម ព្រមទាំងការដាក់ទណ្ឌកម្មនិងការគាបសង្កត់ ដែលបានធ្វើជាគំរូដ៏ល្អសម្រាប់ពិភពលោក៕