និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយ និងបញ្ជា្របចំណេះដឹង អំពីអត្ថប្រយោជន៍ ការទិញធានារ៉ាប់រងអាយុជីវិត នៅខេត្តពោធិ៍សាត់

Cambodia News/

(ពោធិ៍សាត់)៖ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ផលិតផលធានារ៉ាប់រងអាយុជីវិត» ជូនដល់សាធារណជន ក្នុងខេត្តពោធិ៍សាត់ នៅសាលប្រជុំសណ្ឋាគារពោធិ៍សាត់សេនជូរី។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំឡើងក្រោមអធិបតីភាព លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ (ន.ធ.ក.) និងលោក គិត សុផា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពី តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត, គ្រឹះស្ថានឯកជន, សិស្សតាមបណ្តាវិទ្យាល័យ, វិទ្យាស្ថាន និងសាធារណជនមួយចំនួនទៀត។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយ និងបញ្ជា្របចំណេះដឹង ពីអត្ថប្រយោជន៍របស់ផលិតផលធានារ៉ាប់រងអាយុជីវិត ឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណជន នៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាតួនាទី និងភារកិច្ចរបស់ (ន.ធ.ក.) ក្នុងការការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជន លើការប្រើប្រាស់សេវាធានារ៉ាប់រង។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា វិស័យធានារ៉ាប់រង គឺជាវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ដែលបាននឹងកំពុងដើរតួនាទី ជាសមាសភាគមួយដ៏សំខាន់ ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។ ជាមួយនឹងស្ថេរភាពនយោបាយ ព្រមទាំងកំណើនសេដ្ឋកិច្ចដែលកម្ពុជារក្សាបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តដឹកនាំដោយថាមពល របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយមានការចង្អុលបង្ហាញជាប្រចាំ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ បានធ្វើឱ្យទីផ្សារធានារ៉ាប់រងកម្ពុជា រីចម្រើនយ៉ាងឆាប់រហ័ស ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោកអគ្គនាយក (ន.ធ.ក.) បានបន្តថា ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាបន្ថែមទៀត ប្រកបដោយចីរភាព កាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់យន្តការស្ថាប័ន ដោយបង្កើតនិយ័តករធានារ៉ាប់រងកម្ពុជា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលជាស្ថាប័នថ្មីមួយ ដើរតួនាទីជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា។

លោកបន្ថែមថា ទន្ទឹមនឹងនោះ និយ័តករធានារ៉ាប់រងកម្ពុជា ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២១-២០៣០ ដើម្បីកំណត់ផែនទីចង្អុលផ្លូវ សម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។

លោកសង្ឃឹមថាសិក្ខាកាមនេះ នឹងទទួលបាននូវចំណេះដឹងកាន់តែច្បាស់ អំពីសេវាធានារ៉ាប់រង ជាពិសេស ការធានារ៉ាប់រងអាយុជីវិត និងអាចធ្វើការចូលរួមអភិវឌ្ឍន៍ វិស័យធានារ៉ាប់រង តាមរយៈការជួយផ្សព្វផ្សាយពីចំណេះដឹងទាំងនេះ ទៅកាន់សាធារណជនផ្សេងទៀត ហើយក៏សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីជំនាញនឹងធ្វើបទបង្ហាញ ក៏ដូចជាពន្យល់ឱ្យបានពិស្តារ និងច្បាស់លាស់ ពាក់ព័ន្ធនឹងប្រធានបទ ដែលមានកំណត់ក្នុងកម្មវិធី។

គួរជម្រាបជូនថា ទីផ្សារធានារ៉ាប់រងកម្ពុជាបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ២០%។ បច្ចុប្បន្នទំហំទីផ្សារធានារ៉ាប់រង កើនឡើងដល់ប្រមាណ៣៧០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤។ ទំហំទីផ្សារនេះ បានរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជា តែប្រមាណ១.១៧% ហើយដង់ស៊ីតេធានារ៉ាប់រង មានតែ២២ដុល្លារអាមេរិក/សម្រាប់មនុស្សម្នាក់ ដែលអត្រានេះ នៅមានកម្រិតទាប បើធៀបនឹងប្រទេសក្នុងតំបន់ និងសកលលោក។ សូចនាករទាំងនេះ អាចបញ្ជាក់បានថា ការអភិវឌ្ឍនៃវិស័យធានារ៉ាប់រងកម្ពុជា នៅមានបញ្ហាប្រឈមមួយចំនួន ដែលបញ្ហាប្រឈមធំ គឺកង្វះការយល់ដឹងរបស់សាធារណជន អំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង ចំពោះបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ និងសង្គមជាតិទាំងមូល៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close