ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ី៖ ការសម្រេចនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ជុំវិញជម្លោះកម្ពុជា-ថៃ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosumarto បានអះអាងថា ការសម្រេចនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ដែលកំពុងមានបញ្ហាជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ ព្រោះកន្លងមក ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់នាំយកសំណុំរឿងជម្លោះរបស់ខ្លួនទៅដោះស្រាយគ្នានៅតុលាការអន្តរជាតិក្រុងឡាអេផងដែរ។
លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានលើកឡើងបែបនេះនៅក្នុងវេទិកាសារព័ត៌មានស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី និងការអភិវឌ្ឍនៅកម្ពុជា» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូនេស៉ី។
លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានលើកឡើងថា បើកម្ពុជា និងថៃ ចង់ឳ្យឥណ្ឌូនេស៊ី ឬក៏ប្រទេសម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ជួយធ្វើជាអ្នកសម្របសម្រួល ក៏ជាជម្រើសមួយអាចទៅរួចផងដែរ បើសិនភាគីទាំង២ឯកភាព និងរួមគ្នាស្នើទៅនោះ។
គួរបញ្ជាក់ថា ក្នុងការប្រឈមមុខដាក់គ្នារវាងកងកម្លាំងកម្ពុជា និងថៃនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកយកបញ្ហានេះប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាផងដែរ៕