ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ មិនគួរផ្សព្វផ្សាយព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មិនពិតទាក់ទងនឹងស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែន

​Cambodia News/

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) បានសង្កេតឃើញថា នាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌ដែលមិនមានប្រភពច្បាស់លាស់អំពីស្ថានភាពទូទៅនៅតាមតំបន់ព្រំដែនកម្ពុជាថៃ ដែលនាំឲ្យមានការភាន់ច្រទ្បំ ហើយព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។

ក.អ.ក និង ស.អ.ថ មានការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយដែលអាចនឹងជំរុញឱ្យកើតភាពចម្រូងចម្រាសផ្នែកព័ត៌មានកាន់តែធំរវាងប្រទេសទាំងពីរ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ថ្នាក់ដឹកនាំនៃ ក.អ.ក និង ស.អ.ថ បានបើកកិច្ចប្រជុំអនឡាញជាបន្ទាន់មួយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិភាក្សាទាក់ទងនឹងការផ្សាយព័ត៌មានពីស្ថានការណ៍ទូទៅនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងមានសំណូមពរមួយចំនួនដូចខាងក្រោម៖

១. សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានមិនពិតទាក់ទងនឹងស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំង២ដើម្បីកេងយកប្រយោជន៍នោះទ្បើយ។

២. ក.អ.ក និង ស.អ.ថ ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរមុនពេលចែករំលែកព័ត៌មានទាក់ទងនឹងស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ មេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។

ក.អ.ក និង ស.អ.ថ សង្ឃឹមថា បញ្ហាមួយចំនួនដែលកំពុងកើតមាននៅតាមខ្សែបន្ទាត់ព្រំដែននឹងត្រូវបានដោះស្រាយដោយសន្តិវិធីរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ការបង្កផលប៉ះពាល់ដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close