ប្រព័ន្ធ 5G-A ដែលកាន់តែលឿនជាកាលានុវត្តភាពថ្មីនៃពិភពលោក

Cambodia News/

មួយរយៈពេលចុងក្រោយនេះ ពលរដ្ឋជាច្រើនដែលរស់នៅទីក្រុងប៉េកាំងនិងទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិនដែលប្រើប្រាស់ទូរស័ព្ទដៃស៊េរីថ្មី នឹងសង្កេតឃើញថា នៅត្រង់កន្លែងមានសញ្ញាសេវាទូរស័ព្ទដែលកន្លងមកបង្ហាញតែតួលេខ 5G ស្រាប់តែលេចចេញអក្សរ A នៅពីក្រោយ ពោលគឺ 5G-A ។ តើ 5G-A សំដៅទៅលើអ្វី ? ហេតុអ្វីស្រាប់តែលេចចេញសញ្ញាបែបនេះ ?

តាមពិតទៅ ប្រព័ន្ធ 5G-A មកពីពាក្យពេញថា 5G-Advanced ដែលជាកំណែអាប់ដេតនៃប្រព័ន្ធ 5G ពោលគឺជាសេវាអ៊ីនធឺណិតដែលកាន់តែលឿន កាន់តែមានភាពនឹងនរនិងកាន់តែវៃឆ្លាត ។ បើតាមការធ្វើតេស្ត បច្ចេកវិទ្យាប្រព័ន្ធ 5G-A មានល្បឿនលឿនជាងប្រព័ន្ធ 5G រហូតដល់ទៅ ១០ ដង ដែលអាចនិយាយបានថា ការអភិវឌ្ឍប្រព័ន្ធ 5G-A ជាជំហានដ៏គន្លឹះមួយសម្រាប់ឈានទៅរកការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G នាពេលអនាគត ។

គួររំលឹកថា នៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលលោក លី ឈាង នាយករដ្ឋមន្ត្រីចិនបានថ្លែងក្នុងមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនឆ្នាំនេះ បានគូសរំលេចពីផែនការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G និង«ឧស្សាហកម្មនាពេលអនាគត»របស់ប្រទេសចិន ។ នេះជាសញ្ញាបង្ហាញទៅកាន់ពិភពលោកថា បច្ចុប្បន្ន បច្ចេកវិទ្យាប្រព័ន្ធ 5G របស់ចិនមានស្ថិរភាពនិងមានភាពចាស់ទុំ ហើយបាននិងកំពុងឈានទៅរកការបើកទំព័រថ្មីនៃប្រព័ន្ធ 6G ។

បើតាមការឱ្យដឹងពីអ្នកជំនាញពាក់ព័ន្ធ បច្ចុប្បន្ននេះ ប្រតិបត្តិករទូរគមនាគមន៍របស់ចិនបានចាប់ផ្តើមផ្គត់ផ្គង់សេវាអ៊ីនធឺណិត 5G-A សម្រាប់អតិថិជនចំនួន ៥០ លាននាក់ក្នុងដំណាក់កាលធ្វើតេស្តនៅទូទាំងប្រទេសចិន ហើយការធ្វើតេស្តដូចគ្នានេះក៏បានធ្វើឡើងក្នុងពេលដំណាលគ្នានៅតំបន់មួយចំនួន ដូចជាអឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ាផងដែរ ។ តាមរយៈការធ្វើតេស្តនេះបានបង្ហាញថា នាពេលខាងមុខមិនជាយូរប៉ុន្មាន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប្រជាជននៃប្រទេសនិងតំបន់ជាច្រើនលើពិភពលោកនឹងបានប្រើប្រាស់បច្ចេកប្រព័ន្ធ 5G-A របស់ចិនដែលមានសេវាកាន់តែនឹងនរនិងល្បឿនកាន់តែលឿន ។

បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤ ឬហៅថាយុគសម័យឌីថីថល ដូច្នេះ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៃប្រទេសនីមួយៗបានធ្វើបរិវត្តកម្មឌីជីថលពីការអភិវឌ្ឍសេដ្ឋកិច្ចបែបប្រពៃណីទៅជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលទៀតសោត ក៏មិនអាចឃ្លាតពីការទ្រទ្រង់ដោយបណ្តាញទូរគមនាគមន៍នោះឡើយ ហើយដែលកន្លងមកបច្ចេកវិទ្យាប្រព័ន្ធ 5G បានដើរតួនាទីគន្លឹះសម្រាប់ការតភ្ជាប់ធុរកិច្ចឌីជីថលអន្តរជាតិក្នុងល្បឿនលឿនរហ័សទាន់ចិត្ត ។

ក្នុងនាមជាតួអង្គដ៏សំខាន់មួយនៃសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត ( AI ) បាននិងកំពុងដើរចូលជីវភាពរស់នៅរបស់មនុស្សយើងតាមវិធីផ្សេងៗ ។ ការប្រតិបត្តិនៃប្រព័ន្ធ AI ត្រូវមានប្រព័ន្ធ 5G ជាគោល អាស្រ័យហេតុនេះ ការសម្រេចបាននូវការកសាងប្រព័ន្ធ 5G-A នឹងធ្វើឱ្យរូបមន្តអភិវឌ្ឍន៍បែប«ប្រព័ន្ធ 5G-A បូក AI» កាន់តែបន្ស៊ីគ្នាថែមទៀត ដែលនឹងបង្កើតជាកម្លាំងចលករកាន់តែខ្លាំងក្លាសម្រាប់រួមចំណែកដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល ។ បើតាមតួលេខពាក់ព័ន្ធ ក្នុងចំណោមប្រភេទសេដ្ឋកិច្ចធំៗទាំង ៩៧ ប្រភេទរបស់ប្រទេសចិន មានចំនួន ៨៧ ប្រភេទធំៗបានរួមបញ្ចូលជាមួយប្រព័ន្ធ 5G ។ ឯការចាប់កំណើតនៃប្រព័ន្ធ 5G-A នឹងជំរុញថែមទៀតនូវប្រសិទ្ធភាពនៃការរួមបញ្ជូលគ្នាដោយស៊ីជម្រៅរវាងសេដ្ឋកិច្ចពិតនិងសេដ្ឋកិច្ចឌីជីថល ។

គោលដៅធំបំផុតនៃការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺដើម្បីបម្រើដល់ផលប្រយោជន៍របស់មនុស្សជាតិ ។ ចាប់ពីបច្ចេកវិទ្យាប្រព័ន្ធ 2G ដល់ប្រព័ន្ធ 5G-A ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់ឡើងៗក្នុងការផ្គត់ផ្គង់សេវាទូរគមនាគមន៍ឈានមុខដែលបានផ្លាស់ប្តូរទាំងជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិនៃប្រទេសជាច្រើន ។ ជាពិសេស ការចែករំលែកនូវបច្ចេកវិទ្យាប្រព័ន្ធ 5G-A ដែលជាបច្ចេកវិទ្យាទូរគមនាគមន៍ចុងក្រោយរបស់ចិនជាមួយបណ្តាប្រទេសនានាលើពិភពលោក មិនត្រឹមតែជាការរួមចំណែកដ៏សំខាន់សម្រាប់ការពន្លឿនការធ្វើបរិវត្តកម្មឌីជីថលរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកសម្រាប់ការតភ្ជាប់គ្នានៃពិភពលោក ដើម្បីសម្រេចបាននូវសមាហរណកម្មសេដ្ឋកិច្ចសកលផងដែរ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close