លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះលោក Friedrich Merz ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសហព័ន្ធអាល្លឺម៉ង់
Cambodia News/
កាលពីថ្ងៃទី៦ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនលោកFriedrich Merz ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសហព័ន្ធអាល្លឺម៉ង់។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងអាល្លឺម៉ង់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៥៣ឆ្នាំកន្លងមក ប្រទេសទាំងពីរបានប្រកាន់ខ្ជាប់នូវមាគ៌ានៃការរួមរស់ជាមួយគ្នាដោយ គោរពគ្នា ជឿទុកចិត្តគ្នានិងសមភាព ហើយបានដើរតាមមាគ៌ាសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងអភិវឌ្ឍន៍រួម។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ និងទីបីលើពិភពលោក និងជាប្រទេសធំដែលមានឥទ្ធិពលខ្លាំងលើពិភពលោក ប្រទេសចិន និងអាល្លឺម៉ង់គួរតែប្រកាន់ខ្ជាប់នូវភាពសច្ចយុត្តិធម៌ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នា ពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក៏ដូចជារួមគ្នាជំរុញពិភពលោកពហុប៉ូលដែលស្មើភាពគ្នា និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន។
ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-អាល្លឺម៉ង់ ហើយមានឆន្ទៈធ្វើការជាមួយលោក Friedrich Merz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ដើម្បីពង្រឹងការកសាងទំនុកចិត្តគ្នាផ្នែកនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ក្នុងន័យត្រួសត្រាយនិម្មាបនកម្មថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាល្លឺម៉ង់ ក៏ដូចជារួមគ្នាជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពពិភពលោក។
ថ្ងៃដដែល លោកLi Qiang នាយករដ្ឋមន្ត្រីចិនបានផ្ញើសារអបអរសាទរជូនចំពោះលោក Merz ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីអាល្លឺម៉ង់ និងមានប្រសាសន៍ថា ចិន និងអាល្លឺម៉ង់ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងភាគីទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កា និងមានអនាគតនៃការអភិវឌ្ឍដ៏ទូលំទូលាយ៕