មូលនិធិចិន PEACELAND រួមចំណែកនៅក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
Cambodia News/
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសិប្បកម្មផលិតចង្ក្រានមាន់ព្រៃស្ថិតនៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំងមានរៀបចំជំនួបពិភាក្សារវាងអាជ្ញាធរមូលដ្ឋានជាមួយម្ចាស់ជំនួយដែលបានរួមចំណែកក្នុងការផលិតចង្ក្រានបង្កើនថាមពលព្រៃមាន់។
លោកស្រី វ៉ាន់ តុលា ម្ចាស់សិប្បកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០១៨ ក្រោយពីបានចុះមកសិក្សាស្រាវជ្រាវពីចង្វាក់ផលិតកម្មនៃការផលិតចង្ក្រានលក្ខណៈគ្រួសារ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជួយសម្របសម្រួលលក្ខណៈបច្ចេកទេស និងបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងការធ្វើពិសោធន៍លើគុណភាពរបស់ចង្ក្រានរហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្តដោយទទួលបានការបង្កើនថាមពលរហូតដល់៣៦.៥% និងការកាត់បន្ថយអុសរហូតដល់៤០% ហើយដែលភាគីទាំងអស់យល់ស្របគ្នាប្រសិទ្ធនាមឱ្យចង្ក្រាននេះថា «ចង្ក្រានបង្កើនថាមពលព្រៃមាន់»។
បន្ថែមពីលើគម្រោងបោសសម្អាតមីន គម្រោងកែលម្អសោភណភាពសាលារៀន គម្រោងអំពូលបំភ្លឺផ្លូវសាធារណៈដើរដោយថាមពលពន្លឺព្រះអាទិត្យ គម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក គម្រោងអាជីវកម្មខ្នាតតូចដល់ប្រជាជនកម្ពុជានៅជនបទ លោក Liu Wenzhi តំណាងមូលនិធិចិនPEACELAND បានកត់សម្គាល់ថា គម្រោងចង្ក្រានបង្កើនថាមពលនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបំពេញបាននូវតម្រូវការជាមូលដ្ឋានដល់ប្រជាជនកម្ពុជា ដែលក្នុងនោះមានចំណុចពិសេសចំនួន៣គឺ ១-ការបន្តមរតកនៃវប្បធម៌ខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំក្នុងការផលិតចង្ក្រាន ២-ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ទាំងអ្នកផលិត ទាំងអ្នកដឹកជញ្ជូន ទាំងអ្នកទទួលផលប្រើប្រាស់ចង្ក្រាន ៣-ការរួមចំណែកកាត់បន្ថយការបំភាយកាបូន និងការថែរក្សាបរិស្ថានស្របតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ និង៤-ការបង្កើនភាពស្និទ្ធស្នាលរវាងសង្គមស៊ីវិលកម្ពុជា-ចិន សហគ្រាសរបស់ចិន ជាមួយនិងអាជ្ញាធរមូលដ្ឋានក្នុងប្រទេសកម្ពុជា។ លោកក៏បានសន្យាថានឹងបន្តការបញ្ជាទិញចង្ក្រានព្រៃមាន់យកទៅចែកដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជានៅតាមទីដាច់ស្រយាល និងក្នុងតំបន់ដែលមានតម្រូវការ។
ក្នុងនាមរដ្ឋបាលមូលដ្ឋាន លោក យ៉ង់ វណ្ណា អភិបាលរងស្រុករលាប្អៀបានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៩មក ក្រោមកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អ្នកភូមិព្រៃមាន់ដែលជាអ្នកផលិត និងប្រជាជនកម្ពុជាដែលជាអ្នកទទួលផលសុទ្ធតែមានក្តីអំណរចំពោះអំណោយចំនួន៣៧,៥៤៧ចង្ក្រានពីមូលនិធិចិនPEACELAND និង ក្រុមហ៊ុនGuangzhou Iceberg Environment Consulting Services Co., Ltd ។ លោកក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាគមបណ្តាញសង្គមស៊ីវិលកម្ពុជាដែលបានទទួលសិទ្ធិក្នុងការចែកចាយចង្ក្រានព្រៃមាន់ដល់ផ្ទះបាយរបស់ប្រជាជនដែលជាអ្នកទទួលផលផងដែរ។ លោក នូ ឃាន មេឃុំស្រែថ្មីបានរំពឹងថា គ្រប់អង្គពាក់ព័ន្ធទាំងអស់ ជាពិសេសមិត្តចិននឹងបន្តអនុវត្តគម្រោងនេះដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកភូមិព្រៃមាន់និយាយដោយឡែក អ្នកឃុំស្រែថ្មីនិយាយរួម។
ឆ្លៀតនៅក្នុងឱកាសនោះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលជាអ្នកផ្តួចផ្តើមក្នុងការអនុវត្តគម្រោងចង្ក្រានព្រៃមាន់នេះ បានលើកយកនូវបទពិសោធន៍នៃការកាត់បន្ថយភាពក្រីក្រពីក្នុងសៀវភៅ Xi Jinping អភិបាលកិច្ចប្រទេសចិន ភាគ៣ យកមកចែករំលែកដល់អង្គពិធីទាំងមូល ហើយបានចែកសៀវភៅនេះជូនដល់លោកអភិបាលស្រុក លោកមេឃុំ និងលោកមេភូមិ ដើម្បីយកទៅប្រគល់ជូនដល់បណ្ណាល័យនៅតាមសាលានានាក្នុងស្រុករលាប្អៀដើម្បីផ្តល់ឱកាសដល់មហាជនទូទៅបានយល់ពីគតិរបស់លោកប្រធានរដ្ឋចិនស្តីពីភាពជោគជ័យនៃការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសចិនថែមទៀតផង៕