អត្ថបទស្រាវជ្រាវ៖ USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ កំណត់និរន្តរភាពភាពជាដៃគូអភិវឌ្ឍន៍របស់ខ្លួនបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំឡើងកាន់តំណែងក្នុងអណត្តិទី២ របស់លោក នាពេលថ្មីៗកន្លងទៅនេះ NGOs និង CBOsនៅកម្ពុជាដូចជាប្រទេសមួយចំនួនទៀតលើពិភពលោកទទួលបានជំនួយពីកម្មវិធី USAID បានប្រឈមនឹងវិបត្តិកាត់បន្ថយសកម្មភាព បន្ថយបុគ្គលិក ឬផ្អាកសកម្មភាព ហើយនិងកំពុងពិចារណារិះរកយុទ្ធសាស្រ្តថ្មីដើម្បីបន្ត ជីវិតគម្រោងនានាទៅអនាគត។

វិបត្តិការណ៍នេះ ជាការក្រើនរំលឹកអំពីហានិភ័យជាប់ជាប្រចាំចំពោះការពឹងផ្អែកលើជំនួយបរទេសដែលបង្កប់របៀបវារៈភូមិសាស្ត្រនយោបាយដូចជាថ្នាំពុល។ ជារឿងគួរឱ្យសោកស្តាយជាពន់ពេក ដែលវិបត្តិហេតុនេះផ្ដល់ផលប៉ះពាល់អវិជ្ជមានចំពោះអង្គការសង្គមស៊ីវិលមួយចំនួនក៏ដោយ ការណ៍នេះក៏បានបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូដែលស្របទៅនឹងគុណតម្លៃដូចជា ការគោរពគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យភាព និងកិច្ចសហការយូរអង្វែង ដែលទាំងនេះគឺជាគោលការណ៍នាំមុខនៃយុទ្ធសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការជាដៃគូសម្រាប់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ។

ជាច្រើនឆ្នាំកន្លងមកនេះ អង្គការសង្គមស៊ីវិលនៅកម្ពុជាមួយចំនួនដែលភាគច្រើនបានសម្របបេសកកម្មរបស់ខ្លួន ទៅតាមអាទិភាពម្ចាស់ជំនួយលោកខាងលិច បានផ្ដោតលើរបៀបវារៈបរទេសជាជាងលើតម្រូវការអភិវឌ្ឍក្នុងស្រុករបស់កម្ពុជា។

ឧទាហរណ៍ គម្រោង “ភាពធន់នៃសង្គមស៊ីវិលកម្ពុជា (Cambodian Civil Society Resilience-CSR)” ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០២៤ ក្រោមជំនួយរបស់ USAID តាមរយៈ East-West Management Institute ជាស្ថាប័នក្រៅរដ្ឋាភិបាល គម្រោងCSRផ្ដោតលើអ្វីដែលពួកគេហៅថា ‘ការអប់រំពលរដ្ឋវិទ្យា’និង ‘គណនេយ្យភាពរដ្ឋាភិបាល’ ដែលជាទស្សនៈមួយហាក់មិនសមស្របទៅនឹងបរិបទជាក់ស្ដែងនៃនយោបាយសង្គមសេដ្ឋកិច្ច និងគម្រូប្រព័ន្ធអភិបាលកិច្ចរបស់កម្ពុជាឡើយ។

គម្រោងទាំងនេះ បើទោះបីជាត្រូវចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដល់ការអភិវឌ្ឍជាតិតាមបែបលោកខាងលិចក៏ដោយ ប៉ុន្តែវិសាលភាពរបស់វាបានឆ្លងហួសព្រំដែនរបស់ខ្លួនក្នុងឋានៈជាអង្គការសង្គមស៊ីវិលហួសលើសចំណុចរសើបដែលមិនចាំបាច់ចំពោះ ដំណើការនៃការអភិវឌ្ឍ ក្នុងប្រទេសមួយនេះទេ។

ក្រុមទាំងនេះបានធ្វើការរិះគន់មិនសំចៃមាត់ លើគោលនយោបាយបរិស្ថាន និងវិស័យវិនិយោគរបស់ចិននៅកម្ពុជាជាដើម ដោយគ្មានមូលដ្ឋាននិងភស្តុតាងជាក់ស្ដែងនិងច្បាស់លាស់ ដែលបង្ហាញពីភាពមិនសមស្របជាមួយអាទិភាពរបស់ប្រទេសជាតិ។

ការដកចេញភ្លាមៗនៃជំនួយរបស់ USAID បានធ្វើឱ្យអង្គការមិនមែនរដ្ឋាភិបាលទាំងនេះរង្គោះរង្គើមិនស្ទើរទេ។ ខណៈពេលដែលអ្នកសង្កេតការណ៍ខ្លះបានចាត់ទុកចំណាត់ការនេះជាសញ្ញានៃការបន្ធូរបន្ថយការជ្រៀតជ្រែកពីខាងក្រៅ អង្គការដែលពឹងផ្អែកទាំងស្រុងលើការផ្តល់មូលនិធិរបស់លោកខាងលិច ឥឡូវនេះប្រឈមនឹងដំណើររឹងគាំងក្នុងប្រតិបត្តិការរបស់គេ ឬត្រូវបានបង្ខំឲ្យបញ្ចប់គម្រោងដែលមិនទាន់ចប់សព្វគ្រប់។

អ្វីដែលសំខាន់នោះគឺ យើងមិនបានឃើញការងារអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជាជាទូទៅ ទទួលរងផលប៉ះពាល់ ដោយសារមូលនិធិរបស់ទីភ្នាក់ងារ USAID តែងរំលងស្ថាប័នរដ្ឋ និងធ្វើការគាំទ្រដោយផ្ទាល់ដល់ក្រុមដែលគាំទ្រមនោគមវិជ្ជាបរទេស និងទំនោរទទោរទន់តាមគោលនយោបាយរដ្ឋបរទេស។

នេះគូសបញ្ជាក់អំពីកំហុសជាមូលដ្ឋានមួយនៅក្នុងគំរូ ផ្ដល់ជំនួយដែលភ្ជាប់លក្ខខណ្ឌមកជាមួយ ដែលពួកគេផ្តល់អាទិភាពដល់ផលប្រយោជន៍ម្ចាស់ជំនួយជាជាងលើស្វ័យភាពក្នុងតំបន់និងក្នុងប្រទេស។

គំរូបែបនេះបាននាំឲ្យក្រុមទទួលជំនួយទាំងឡាយ ងាយនឹងរងផល់ប៉ះពាលក្នុងខណះមានការផ្លាស់ប្តូររបត់យ៉ាងឆាប់រហ័សនៃភូមិសាស្ត្រនយោបាយ។

ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគោរពលើសមភាព និងសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ក្រោមគំនិតផ្តួចផ្តើមគម្រោង ខ្សែក្រវាត់ និងផ្លូវ ដែលហៅកាត់ថា BRI មានដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មកសិកម្ម និងការសាងសង់សួនឧស្សាហកម្មជាដើម ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា។

គម្រោងទាំងនេះចូលរួមពង្រឹងស្ថាប័នសាធារណៈ ជំរុញស្វ័យភាពផ្នែកសេដ្ឋកិច្ច និងស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍របស់កម្ពុជាផ្ទាល់។ ជំនួយក្នុងរូបភាពបែបនេះគឺខុសស្រឡះពីជំនួយលោកខាងលិច ជាក់ស្ដែងភាពជាដៃគូរបស់ចិនមិនមានភ្ជាប់លក្ខខណ្ឌឬបន្ថែមសម្ពាធនយោបាយ ឬក៏ប៉ះពាល់ដល់អធិបតេយ្យភាពជាតិកម្ពុជានោះទេ។

បន្ទាប់ពីការលុបចោលទីភ្នាក់ងារ USAID ព្រឹត្តិការណ៏នេះគេអាចចាត់ទុកថា វាជាកាលានុវត្តភាពមួយរបស់កម្ពុជាក្នុងការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីសង្គមស៊ីវិលរបស់ខ្លួនឆ្ពោះទៅរកគំនិតផ្តួចផ្តើម ដែលផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុក និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ គំរូកិច្ចសហប្រតិបត្តិការអភិវឌ្ឍដូចជា កិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ Lancang-Mekong Cooperation (LMC) ដែលផ្ដោតលើការកាត់បន្ថយភាពក្រីក្រ ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព ផ្តល់នូវគំរូនៃវឌ្ឍនភាពរួមដែលគោរពអធិបតេយ្យភាពរដ្ឋជាសមាជិក។ ក្នុងបរិបទនេះ ចិននៅតែជាដៃគូសហការ ជាមួយកម្ពុជាមិនអាចខ្វះបាន និងប្ដេជ្ញាគាំទ្រដល់ការរីកចម្រើនរបស់កម្ពុជានិងជារៀងរហូត។

ស្ថានការណ៍នេះក៏អាចចាត់ទុកជាបទពិសោធន៍មួយសម្រាប់កម្ពុជា ក្នុងការឈ្វេងយល់ពីគំរូកិច្ចសហការក្នុងភាពជាមួយដៃគូជាមួយបរទេស។ ការអភិវឌ្ឍប្រកបដោយចីរភាពមិនអាចសម្រេចទៅបានតាមរយៈភាពជាដៃគូសម្ព័ន្ធមិត្តមិនច្បាស់លាស់ និងភ្ជាប់ទៅនឹងរបៀបវារៈនយោបាយក្រៅប្រទេសនោះទេ។ មាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជាស្ថិតនៅក្នុងភាពជាដៃគូដែលគោរពអធិបតេយ្យភាពក្នុងការសម្រេចចិត្តដោយស្វ័យភាព ផ្តល់អាទិភាពដល់វឌ្ឍនភាពជាក់ស្តែង និងប្រកបដោយបរិយាបន្ន។ នៅពេលដែលរបត់ ភូមិសាស្ត្រនយោបាយប្រែប្រួល យុទ្ធសាស្រ្តរបស់ប្រទេសចិនដែលផ្អែកលើការអនុវត្តជាក់ស្តែង ការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការគោរពចំពោះអធិបតេយ្យភាព នៅតែឈរជាជម្រើសដែលអាចទុកចិត្តបាននៅក្នុងស្ថានការណ៍នៃការប្រែប្រួលគំរូជំនួយរបស់លោកខាងលិច។

សម្រាប់អង្គការក្រៅរដ្ឋាភិបាលដែលកំពុងតែត្រូវសម្របខ្លួនទៅនឹងតថភាពមួយនេះ ភាពចាំបាច់នោះគឺត្រូវតម្រង់ទិសបេសកកម្មរបស់ពួកគេឡើងវិញឆ្ពោះទៅរកដំណោះស្រាយមួយដែលស្របទៅនឹងបរិបទក្នុងប្រទេស ដោយផ្ដល់ការជឿទុកចិត្តទៅលើគោលនយោបាយក្នុងប្រទេសជាជាងម្ចាស់ជំនួយបរទេស។ ការធ្វើដូច្នេះ កម្ពុជាអាចបណ្ដុះបរិយាកាសសង្គមស៊ីវិលមួយដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្លួនយ៉ាងពិតប្រាកដ និងពង្រឹងចក្ខុវិស័យអភិវឌ្ឍន៍ជាតិរបស់ខ្លួនផងដែរ៕ អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close