ពិភពអារ៉ាបថ្កោលទោសភាពយន្តប្រមាថសាសនាអ៊ីស្លាម អន្តរជាតិថ្កោលទោសអំពើហិង្សា
សហរដ្ឋអាមេរិកមិនដកខ្លួនចេញជាដាច់ខាត! នេះជាការប្រកាសរបស់លោកប្រធា នាធិបតីអាមេរិក ក្នុងពេលដែល ពិភពអារ៉ាបទាំងមូលកំពុងផ្ទុះកំហឹង រាលដាលជា អំពើហិង្សានៅស្ទើរគ្រប់ជ្រុងនៃភពផែនដី ប្រឆាំងផលប្រយោជន៍អាមេរិក។ អាមេរិក ដែលបានផលិតខ្សែភាពយន្តមានលក្ខណៈប្រមាថដោយចំហសាសនាអ៊ីស្លាម ។ ពេលនេះអាមេរិកកំពុងពង្រឹងសុវត្ថិភាពនៅតាមស្ថានទូត និងស្ថានកុងស៊ុល ដោយបានបញ្ជូនទាហានជើងទឹក១០០នាក់ទៅយ៉េមែននិងលីប៊ី ។ មន្ទីរបញ្ច កោណក៏អាចនឹងបញ្ជូនទាហានម៉ារីន ទៅកាន់ស៊ូដង់ដែរ។ បាតុកម្មប្រឆាំងនឹង ភាពយន្តជេរប្រមាថសាសនាអ៊ីស្លាម នេះត្រូវសហគមន៍អន្តរជាតិ អង្គការសហ ប្រជាជាតិថ្កោលទោសគ្រប់គ្នាៗ និងអំពាវនាវឱ្យមានស្ងប់ស្ងាត់។
តាំងពីក្រុងហ្សាការតា ដល់ក្រុងបាកដាដ ដោយឆ្លងកាត់ក្រុង ខាទុំ Khartoum និង ក្រុងណួកសុត Nouakchott ពិភពអារ៉ាបទាំងមូលកំពុងពុះកញ្ជ្រោលដោយកំហឹង នាំគ្នាធ្វើបាតុកម្ម នៅថ្ងៃសុក្រម្សិលមិញ ស្ទើរនៅគ្រប់ជ្រុងនៃពិភពលោក ប្រឆាំងនឹងខ្សែភាពយន្តផលិតនៅអាមេរិក « l’Innoncence des musulmans » ដែលមានលក្ខណៈជេរប្រមាថសាសនាអ៊ីស្លាម។
កំហឹងនាំដល់ហិង្សា និងការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងកងកម្លាំងរក្សា សន្តិសុខ ដាក់ពង្រាយដើម្បីការពារបេសកកជនអាមេរិក ដែលជាសរុបមានស្លាប់ យ៉ាងហោចណាស់៧នាក់៖ បីនាក់នៅក្រុងខាទុំប្រទេសស៊ូដង់ ពីរនាក់នៅ ទុយនី ប្រទេសទុយនីស៊ី ម្នាក់នៅក្រុងគែរ ប្រទេសអេហ្ស៊ីប និងម្នាក់ទៀតនៅលីបង់។ ក៏មានការប៉ះទង្គិចគ្នាដែរនៅក្រុងស៊ីដនេ ប្រទេសអូស្ត្រាលី តាមរយៈការគប់ដប គប់ថ្មទៅលើកងកម្លាំងសន្តិសុខយាមកុងស៊ុលអាមេរិក។
អាមេរិក ដែលនឹងមិនដកខ្លួនថយជាដាច់ខាត នៅចំពោះមុខអំពើហិង្សា ! នេះជា ប្រសាសន៍របស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីផុតអាណត្តិ នៅចំពោះ មុខសាកសពឯកអគ្គរដ្ឋទូតអាមេរិកស្លាប់នៅបិនហ្កាហ្ស៊ីប្រទេសលីប៊ីដោយ ស្នាដៃពួកអ៊ីស្លាមជ្រុលនិយម។ ទន្ទឹមនឹងការអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ចេះទប់កំហឹង អាមេរិកក៏បានបញ្ជូនយោធា (ទ័ពម៉ារីន) ប្រមាណមួយរយនាក់ទៅ ដាក់ពង្រាយនៅប្រទេស យ៉េមែន និង លីប៊ី បំរុងទុកជាស្រេច ក្នុងករណីបាតុករខឹង រាលដាលធ្វើផ្ទុះហេតុការណ៍ធ្ងន់ធ្ងរ។នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួង ការពារជាតិអាមេរិក Leon Panetta។ យោធាជើងទឹក៥០នាក់ផ្សេងទៀត ក៏នឹងអាច បញ្ជូនទៅកាន់ប្រទេសស៊ូដង់ដែរប្រសិនបើចាំបាច់។
បាតុករអ៊ីស្លាមនាំគ្នាថ្កោលទោសការជេរប្រមាថសាសនា ចំណែកសហគមន៍ អន្តរជាតិថ្កោលទោសអំពើហិង្សា។ សហភាពអឺរ៉ុបបានស្នើសុំឱ្យអាជ្ញាធរ ប្រទេសពាក់ព័ន្ធនឹងចលនាហិង្សា ប្រឆាំងភាពយន្តអាមេរិកទាំងអស់ធានាឱ្យបាន សុវត្ថិភាពអ្នកការទូតបរទេស ជាពិសេស អាមេរិក និងអំពាវនាវឱ្យបញ្ឈប់ជា បន្ទាន់អំពើហិង្សា រក្សាសន្តិភាពនិងការអត់ធ្មត់។ សំរាប់ក្រុមប្រឹក្សាសន្តិសុខ វិញសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ទាំង១៥ប្រទេសបានអនុម័តថ្កោល ទោសយ៉ាងចាស់ដៃ ទង្វើហិង្សាទាំងនោះថា មិនសមហេតុផល និងបានរំលឹក ឱ្យម្ចាស់ផ្ទះទាំងឡាយគោរពកាតព្វកិច្ច និងគោលការណ៍ជាមូលដ្ឋាន រក្សា ការពារបុគ្គលិកមន្ត្រី និង អចលនទ្រព្យរបស់ស្ថានទូត និងស្ថានកុងស៊ុល ៕ ដោយ អៀង សុខម៉ិញ(RFI)