បទវិភាគ៖ ផែនការប្រតិបត្តិស្តីពី“ភេរវកម្មបៃតង”របស់បុគ្គលឈ្មោះវីលៀម ឡៃពិតិជានឹងទទួលបរាជ័យជាក់ជាមិនខាន !

Cambodia News/

        នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលថ្លែងសុន្ទរកថា បុគ្គលឈ្មោះវីលៀម ឡៃមេដឹកនាំចិនតៃវ៉ាន់បានប្រកាសពី “ផែនការប្រតិបតិ្តស្តីពីភេរវកម្មបៃតងដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ” ដោយអះអាងថា “តៃវ៉ាន់ជាប្រទេសប្រជាធិបតេយ្យមួយដែលមានអធិបតេយ្យភាពនិងឯករាជ្យភាព ” ព្រមទាំងបានដាក់ចេញអ្វីដែលហៅថា  “យុទ្ធសាស្ត្រចំនួន១៧”  ប៉ុនប៉ងកាត់ផ្តាច់ការផ្លាស់ប្តូររវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញឱ្យតៃវ៉ាន់ត្រឡប់ទៅដំណាក់កាលប្រើច្បាប់អាជ្ញាសឹកវិញដែលគួរឱ្យភ័យខ្លាចនៅសតវត្សរ៍មុន ។

        ដើមឡើយ ប្រជាធិបតេយ្យគឺដើម្បីសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន តែមិនមែនផ្ទុយទៅវិញទេ ។ ការចង់ទទួលបានសន្តិភាព វឌ្ឍនភាព ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការ វាគឺជាគោលបំណងជាទូទៅរបស់ប្រជាជននៅក្នុងតំបន់តៃវ៉ាន់ ។ តាមលទ្ធផលនៃ “ការស្ទង់មតិប្រចាំឆ្នាំអំពីទំនាក់ទំនងរវាងត្រើយទាំងសងខាង” ដែលប្រព័ន្ធសារព័ត៌មានតៃវ៉ាន់ប្រកាសនៅឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាជនតៃវ៉ាន់ចំនួន៨៧ភាគរយសម្គាល់ឃើញថា ត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ចាំបាច់ត្រូវរក្សាការប្រាស្រ័យាទាក់ទងជាបន្តបន្ទាប់ ។

        ប៉ុន្តែ តាំងពីបានឡើងកាន់មុខតំណែងកាលពីខែឧសភា ឆ្នាំ២០២៤មក អាជ្ញាធររបស់បុគ្គលឈ្មោះវីលៀម ឡៃបានខំប្រឹងរារាំងការផ្លាស់ប្តូរនិងការប្រាស្រ័យទាក់ទងរវាងត្រើយទាំងសងខាងតាមរយៈមធ្យោបាយផ្នែករដ្ឋបាល ច្បាប់និងមជ្ឈដ្ឋានមតិជាដើម ។ ពីការគ្រប់គ្រងហាមឃាត់មិនឱ្យសមាគមសង្គមស៊ីវិលតៃវ៉ាន់ធ្វើការផ្លាស់ប្តូរនៅចិនដីគោក ដល់ការរារាំងមិនឱ្យមហាជនតៃវ៉ាន់ទទួលឯកសារពាក់ព័ន្ធពីចិនដីគោក ចាប់ពីការធ្វើ “ការគ្រប់គ្រងហានិភ័យ”ចំពោះឥស្សរជនចិនដីគោកដែលទៅធ្វើការផ្លាស់ប្តូរនៅតៃវ៉ាន់ រហូតដល់ការបង្កើន “ការណែនាំនិងការគ្រប់គ្រង”ចំពោះឥស្សរជនសិល្បៈតៃវ៉ាន់ដែលទៅធ្វើការអភិវឌ្ឍនៅចិនដីគោក អាជ្ញាធររបស់បុគ្គលឈ្មោះវីលៀម ឡៃបានបង្ខំឱ្យត្រើយទាំងសងខាង “ផ្តាច់ទំនាក់ទំនង”  ដែលបានធ្វើផ្ទុយនឹងក្តីបំណងរបស់ប្រជាជនតៃវ៉ាន់ ។ មជ្ឈដ្ឋានមតិក្នុងកោះតៃវ៉ាន់បានរិះគន់ថា ក្នុងបរិបទដែលបុគ្គលឈ្មោះវីលៀម ឡៃប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើន យុគសម័យ “ដើរថយក្រោយ”របស់ការផ្លាស់ប្តូររវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បានមកដល់ហើយ ។

        ក្រៅពីនេះ អ្វីដែលហៅថា“យុទ្ធសាស្ត្រចំនួន១៧” របស់បុគ្គលឈ្មោះវីលៀម ឡៃក៏រួមទាំងការរៀបចំឡើងវិញនូវរបបជំនុំជម្រះយោធា ការបោសសំអាតពួកប្រឆាំងក្នុងកងទ័ពក្រោមលេស “បង្ការការជ្រាបចូល”ជាដើម ។ តាមពិតទៅ ប្រការទាំងនេះ គឺមានគោលបំណងបង្កើត “ទ្រុងបៃតង”នៅកោះតៃវ៉ាន់ និងធ្វើអនុត្តរភាពយោធា ។ មជ្ឈដ្ឋានមតិនៅកោះតៃវ៉ាន់បានរិះគន់ថា អ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧”ធ្វើឱ្យអ្នកផងនឹកដល់សម័យកាលហ្វាស៊ីសដ៏ខ្មៅងងឹតនៅកាលពីមុន វាគឺជាគំនិតណាស៊ីដ៏សុទ្ធសាធ ។

 ប្រជាជនតៃវ៉ាន់បានមើលឃើញយ៉ាងច្បាស់ថា បន្ទាប់ពីឡើងកាន់មុខតំណែងបុគ្គលឈ្មោះវីលៀម ឡៃតែងតែប្រើប្រាស់មធ្យោបាយផ្លូវច្បាប់សម្រាប់វាយប្រហារពួកប្រឆាំងនៅផ្ទៃក្នុងបក្ស និងការធ្វើឃាតចំពោះសមាជិកបក្សនយោបាយផ្សេងទៀត ដើម្បីបំពេញចំណង់ខាងអំណាចរបស់ផ្ទាល់ខ្លួន ។ អ្នកវិភាគបានលើកឡើងថា តាមពិតទៅ ប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ ជាល្បែងអំណាច បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានចាត់ទុកប្រជាធិបតេយ្យជាឧបករណ៍សម្រាប់គៃបន្លំយកផលប្រយោជន៍ផ្ទាល់របស់បក្សខ្លួន ដែលបានបង្ហាញយ៉ាងពេញលេញនូវធាតុពិតរបស់ “អំណាចផ្តាច់ការ” ។

អាជ្ញាធរបុគ្គលឈ្មោះវីលៀម ឡៃដើរថយក្រោយក្នុងប្រវត្តិសាស្ត្រ ហើយបានបំពានសេរីភាពនិងសិទ្ធិមនុស្សរបស់ប្រជាជនកោះតៃវ៉ាន់ កលល្បិចដែល “ធ្វើប្រជាធិបតេយ្យក្លែងក្លាយ និងធ្វើការផ្តាច់ការយ៉ាងពិតប្រាកដ” មិនអាចបោកបញ្ឆោតប្រជាជនតៃវ៉ាន់បានទេ ហើយក៏មិនអាចបោកបញ្ឆោតសហគមន៍អន្តរជាតិនោះដែរ ។ រីឯ “ផែនការប្រតិបតិ្តភេរវកម្មបៃតងដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ដែលធ្វើផ្ទុយនឹងក្តីបំណងប្រជាជន និងប្រឆាំងប្រជាធិបតេយ្យនោះ ពិតជានឹងទទួលបរាជ័យនិងត្រូវកម្ទេចចោលក្នុងប្រវត្តិសាស្ត្រជាមិនខាន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close