លោក កៅ គឹមហួន៖ អាស៊ានបានធ្វើច្រើនតែអ្វីដែលសំខាន់មីយ៉ាន់ម៉ាត្រូវឆ្លើយតប

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ អគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន បានលើកឡើងថាបញ្ហាប្រទេសមីយ៉ាន់ម៉ាមិនមែនអាស៊ានមិនធ្វើការនោះទេ តែបញ្ហានោះគឺប្រទេសនេះមិនឆ្លើយតបនឹងដំណោះស្រាយដែលអាស៊ានបានដាក់។

ថ្លែងក្នុងវេទិកាទស្សនៈរបស់អគ្គលេខាធិការអាស៊ានឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះលោក កៅ គឹមហួន បានលើកឡើងថារហូតមកដល់ពេលនេះគឺមានការឆ្លើយតបតិចតួចប៉ុណ្ណោះពីប្រទេសមីយ៉ាន់ម៉ាចំពោះដំណោះស្រាយ និងមិនសង្ឃឹមថាអាចដោះស្រាយបានចប់ឆាប់ៗនេះទេ។ ទោះជាយ៉ាងណាជំហរមីយ៉ាន់ម៉ាក្នុងពេលថ្មីៗនេះក៏ឃើញមានភាពវិជ្ជមានបន្តិចបន្ដួចផងដែរ បន្ទាប់ពីប្រទេសនេះសម្រេចបញ្ជូនមន្ត្រីដែលមិនមែនជាអ្នកនយោបាយមកចូលរួមកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២៤កន្លងទៅពេលប្រទេសឡាវដឹកនាំ។

លោកបានលើកឡើងថាអាស៊ានគោរព៣ចំនុចដែលមានអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាពនៃនយោបាយដែល អាស៊ានមិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់សមាជិកណាម្នាក់ទេ គឺត្រូវដោះស្រាយម្ចាស់ការដោយប្រទសសមាជិកខ្លួនឯង។

តាមលំដាប់អក្សរប្រទេសមីយ៉ាន់ម៉ានឹងត្រូវក្លាយជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២៦ តែដោយសារបញ្ហានយោបាយ ប្រទេសនេះបានសម្រេចផ្ទេរទៅឱ្យ​ប្រទេសភីលីពីនជាប្រធានប្ដូរវេនបន្ត។

ប្រធានក្លិបអ្នកកាសែតដែលនិពន្ធសៀវភៅអាថ៌កំបាំងក្រៅឆាក លោក ពុយ គា បានលើកឡើងថា ប្រសិនជាភូមាធ្វើជាប្រធានអង្គប្រជុំប្រាកដណាស់ជាគ្មានអ្នកទៅចូលរួមទេ ដោយសារបញ្ហាសន្ដិសុខ និងនយោបាយរបស់ប្រទេសនេះ លោកបន្ថែមថាការផ្ទេរទៅឱ្យប្រធានបន្ទាប់មិនមែនជារឿងថ្មីទេសម្រាប់អាស៊ាន។

បញ្ហានៅប្រទេសមីយ៉ាន់ម៉ាកើតឡើងនៅពេលដែលមេដឹកនាំយោធា មីន អោងលាំង បានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀតនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានជាប់ឆ្នោតនិងបានជំរុញឱ្យពលរដ្ឋនាំគ្នាចេញមកតវ៉ាទាំងកំហឹងទូទាំងប្រទេស ធ្លាក់ក្នុងភាពចលាចលចាប់តាំងពីពេលនោះមក។

ជាដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា អាស៊ានក៏បានឯកភាពនូវកុងសង់ស៊ី៥ចំនុចកាលពីខែមេសា ឆ្នាំ២០២១ នៅឥណ្ឌូនេស៊ី ដែលរួមមាន ទី១ បិទបញ្ចប់អំពើហិង្សា ទី២ រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ ទី៣ បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងភូមា ទី៤ តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥ អនុញ្ញាតឲ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close