បទវិភាគ៖ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ នឹងធ្វើឱ្យកម្លាំងចលករនៃសេដ្ឋកិច្ចព្រិលទឹកកកត្រូវបានបញ្ចេញជាបន្តបន្ទាប់

Cambodia News/

ធ្វើដំណើរទៅកាន់ក្រុង Harbin ដើម្បីទទួលអារម្មណ៍ពីបរិយាកាសនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា ធ្វើដំណើរទៅកាន់តំបន់ Altay នៃភូមិភាគស្វយ័ត Xinjiang ដើម្បីជិះស្គីទឹកកកដ៏អស្ចារ្យ ធ្វើដំណើរទៅកាន់តំបន់ Gangshka ខេត្ត Qinghai ដើម្បីឡើងភ្នំព្រិលទីមួយក្នុងបទពិសោធន៍ជីវិតរបស់ខ្លួន ។ល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នានានៃប្រទេសចិនបានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវកីឡាព្រិលទឹកកកនិងឧស្សាហកម្មព្រិលទឹកកកតាមលក្ខខណ្ឌរៀងៗខ្លួន ដែលបានបំផុសភាពរស់រវើកនៃសេដ្ឋកិច្ចព្រិលទឹកកក ធ្វើឱ្យទម្រង់ទេសចរណ៍វប្បធម៌រដូវរងាមានភាពសម្បូរបែបដែលសម្រេចបាននូវ”ការលោតផ្លោះជាប្រវត្តិសាស្ត្រពី”ធនធានត្រជាក់”ទៅជា”សេដ្ឋកិច្ចក្តៅ” ។

ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ បានបើកធ្វើយ៉ាងឱឡារិកនៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិននៅយប់ថ្ងៃទី ៧ ខែកុម្ភៈ ។ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកនេះគឺជាព្រឹត្តិការណ៍កីឡាព្រិលទឹកកកអន្តរជាតិដ៏ចម្រុះសំខាន់ៗមួយលើកទៀតដែលប្រទេសចិនបានរៀបចំធ្វើបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នេះហើយក៏ជាលើកទីបីដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាផងដែរ ។

ចាប់តាំងពីក្រុងប៉េកាំងបានស្នើសុំរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយជោគជ័យមក ឧស្សាហកម្មព្រិលទឹកកកបានឡើងកម្តៅយ៉ាងឆាប់រហ័ស ព្រមទាំងបានបង្ហាញពីសក្តានុពលអភិវឌ្ឍន៍ដ៏ខ្លាំងក្លា ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ «សេចកី្តណែនាំមួយចំនួនស្តីពីការបំផុសកម្លាំងរស់រវើកនៃសេដ្ឋកិច្ចព្រិលទឹកកកតាមរយៈការអភិវឌ្ឍកីឡាព្រិលទឹកកកប្រកបដោយកម្រិតខ្ពស់»ត្រូវបានចេញផ្សាយ ក្នុងគោលបំណងពង្រឹងនិងពង្រីកសមិទ្ធផលនៃ”ការជំរុញឱ្យប្រជាជនបីរយលាននាក់ចូលរួមកីឡាព្រិកទឹកកក”ដើម្បីជំរុញឱ្យសេដ្ឋកិច្ចព្រិលទឹកកកក្លាយទៅជាចំណុចកំណើនថ្មីមួយ ។

នាពេលបច្ចុប្បន្ននេះ តំបន់នានានៃប្រទេសចិនបានប្រើប្រាស់នូវធនធានទេសចរណ៍រៀងៗខ្លួន ដាក់ចេញនូវសកម្មភាពពិសេសមួយចំនួនដែលរួមបញ្ចូលគ្នាដោយពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍និងកីឡា ដូចជា”ព្រិលទឹកកក+ដើរទិញអីវ៉ាន់” “ព្រិលទឹកកក+អាហារឆ្ងាញ់” “ព្រិលទឹកកក+ទេសចរណ៍”និង”ព្រិលទឹកកក+កីឡា”ជាដើម ។ ដោយឡែកនៅក្រុង Harbin ខេត្ត Heilongjiang ទីក្រុងទាំងមូលកំពុងបង្កើតទម្រង់ថ្មីនិងទិដ្ឋភាពថ្មីជុំវិញព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩។

ទីក្រុង Bayannur ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងបានរៀបចំមហោស្រពព្រិលទឹកកក ដើម្បីចាប់ផ្តើមរដូវកាលទេសចរណ៍ព្រិលទឹកកកក្នុងតំបន់ សកម្មភាពជិះស្គីលើកដំបូងសម្រាប់ទេសចរណ៍ព្រិលទឹកកកនៅរដូវរងាឆ្នាំ ២០២៤-២០២៥ បានធ្វើឡើងនៅស្រុក Urumqi ភូមិភាគស្វយ័ត Xinjiang អ្នកនិយមចូលចិត្តកីឡាជិះស្គីទឹកកកមកពីតំបន់នានាលើពិភពលោកបានទទួលអារម្មណ៍យ៉ាងពេញលេញពីភាពសប្បាយរីករាយលើផ្លូវព្រិលទឹកកក នៅខេត្ត Jilin និងខេត្ត Liaoning ជាដើម ទម្រង់ឧស្សាហកម្មដ៏សម្បូរបែប ដូចជាការប្រកួតនៃវិញ្ញាសាលើព្រិលទឹកកកនិងវប្បធម៌ព្រិលទឹកកកជាដើមកំពុងរំលេចចេញឥតឈប់ឈរដែលបានបំពេញបន្ថែមនូវកម្លាំងរស់រវើកថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ។

សេដ្ឋកិច្ចព្រិលទឹកកក គឺចាប់ផ្តើមពីព្រិលទឹកកក តែវាមានអត្ថន័យមិនត្រឹមតែប៉ុណ្ណឹងទេ ។ តាមទិន្នន័យដែលចេញផ្សាយដោយ«របាយការណ៍សិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍឧស្សាហកម្មព្រិលទឹកកករបស់ប្រទេសចិន(២០២៥)»បង្ហាញឱ្យឃើញថា ចំនួនអ្នកទេសចរកម្សាន្តព្រិលទឹកកកនៃប្រទេសចិនក្នុងអំឡុងរដូវព្រិលទឹកកកពីឆ្នាំ ២០២៤ ដល់ ២០២៥ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥២០ លាននាក់ ហើយប្រាក់ចំណូលខាងវិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានចំនួនលើសពី ៦៣០ ប៊ីលានយាន់ប្រាក់ចិន ។ តាមទិន្នន័យផ្សេងទៀតព្យាករណ៍ថា ដល់ឆ្នាំ ២០២៧ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកករបស់ចិននឹងឡើងដល់ ១,២ ទ្រីលានយាន់ប្រាក់ចិន ហើយដល់ឆ្នាំ ២០៣០ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកករបស់ចិននឹងឡើងដល់ ១,៥ ទ្រីលានយាន់ប្រាក់ចិន ។

ការឡើងកម្ដៅជាបន្តបន្ទាប់នៃសេដ្ឋកិច្ចព្រិលទឹកកកបានជំរុញយ៉ាងខ្លាំងក្លានូវការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុសនៃខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធដូចជា ឧស្សាហកម្មសេវាកម្មនិងមុខរបរភោជនីយដ្ឋានជាដើម ។ ដោយឡែកនៅឆ្នាំនេះ ក្រសួងវប្បធម៌និងទេសចរណ៍ចិនបានប្រកាសផែនទីទេសចរណ៍នៅតំបន់ព្រិលទឹកកកល្អៗចំនួន១២កន្លែង “ព្រិលទឹកកក+ទំនៀមទំលាប់ប្រពៃណី” “កីឡា+ទេសចរណ៍”ធ្វើឱ្យប្រជាជនកាន់តែច្រើនឡើងៗចូលចិត្តធ្វើទេសចរណ៍នៅតំបន់ព្រិលទឹកកកក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។

“ព្រិលទឹកកកក៏ជាភ្នំមាសនិងភ្នំប្រាក់ដែរ “។ នៅពេលរៀបចំចាត់ចែងការងារសេដ្ឋកិច្ចឆ្នាំ ២០២៥ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនបានលើកឡើងយ៉ាងច្បាស់លាស់ថា ត្រូវអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកយ៉ាងសកម្ម ។ តំបន់ព្រិលទឹកកកដែលធ្លាប់ធ្វើឱ្យអ្នកផងមិនអាចដើរចេញពីផ្ទះ បច្ចុប្បន្ននេះវាបានទាក់ទាញភ្ញៀវទេសចរដែលមកពីគ្រប់ទិសទីលើពិភពលោកឱ្យទៅទស្សនាកម្សន្ត ហើយបានក្លាយជាធនធានទេសចរណ៍ដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ។ នៅពីក្រោយ”សន្ទុះដ៏ខ្លាំងក្លារបស់ព្រិលទឹកកក”គឺជាការអនុវត្តដោយជោគជ័យនៃ”ព្រិលទឹកកកក៏ជាភ្នំមាសនិងភ្នំប្រាក់ដែរ”ដែលជាការបង្ហាញយ៉ាងខ្លាំងក្លានូវភាពរស់រវើកនៃសេដ្ឋកិច្ចនិងសង្គមរបស់ចិន ។

ប្រទេសចិនមានប្រភពធនធានព្រិលទឹកកកដ៏សម្បូរបែបនិងមានលក្ខខណ្ឌធម្មជាតិដ៏វិសេសវិសាល ។ ភូមិ Beiji ទីក្រុង Mohe នៃខេត្ត Heilongjiang ស្ថិតនៅចុងខាងជើងនៃដីគោកប្រទេសចិន សីតុណ្ហភាពគិតជាមធ្យមក្នុងរយៈពេលជាង ៧ ខែក្នុងមួយឆ្នាំ គឺ ក្រោមសូន្យអង្សាសេ ។ នាង Shi Ruijuan ដែលជាអ្នកភូមិ Beiji បានបើកផ្ទះសំណាក់មួយ ដែលចំនួនបន្ទប់ភ្ញៀវបានកើនឡើងពី ៣ ដល់ ៨ បន្ទប់ ហើយការកក់បន្ទប់បានកើនឡើងពីការ”រង់ចាំភ្ញៀវមក”នៅពេលដំបូងទៅជាការ”បញ្ជាទិញដ៏ពេញនិយមខ្លាំង” ។ ផ្ទះសំណាក់នេះដែលទទួលការអភិវឌ្ឍពីអតីតកាលរហូតដល់បច្ចុប្បន្ននេះបានធ្វើ

ជាសក្សីនៃការក្លាយជា”ភ្នំមាសនិងភ្នំប្រាក់ “នៃតំបន់ព្រិលទឹកកក ។
នៅតំបន់នានានៃប្រទេសចិន ភូមិឃុំដូចភូមិ Beiji អ៊ីចឹងដែលទទួលការអភិវឌ្ឍដោយពឹងផ្អែកលើសេដ្ឋកិច្ចព្រិលទឹកកកក៏មានចំនួនរាប់ពាន់រាប់ម៉ឺនផងដែរ ។

ស្រុក Chongli ខេត្ត Hebei ធ្លាប់ត្រូវបានបិទដោយព្រិលធ្លាក់ខ្លាំងខណៈពេលរដូវរងាចូលមកដល់ បច្ចុប្បន្ននេះ ទីនេះបានក្លាយជារមណីយដ្ឋានជិះស្គីដ៏ល្បីល្បាញលើទូទាំងពិភពលោក ។ ស្រុក Chongli ដែលធ្លាប់ជាស្រុកក្រីក្របានបម្រះខ្លួនចេញផុតពីភាពក្រីក្រ ហើយកំពុងឆ្ពោះទៅរកការស្តារនិងអភិវឌ្ឍជនបទ ។

នៅភូមិ Hantun ខេត្ត Jilin អ្នកភូមិបានពឹងផ្អែកលើការធ្វើស្រែចំការដើម្បីទ្រទ្រង់ជីវភាពជាច្រើនជំនាន់មកហើយ បច្ចុប្បន្ននេះ ដោយពឹងផ្អែកលើទេសភាពធម្មជាតិដែលគ្រប់ដណ្តប់ដោយព្រិលក្នុងតំបន់និងវប្បធម៌និងទំនៀមទម្លាប់ជនជាតិ Man បានអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ដែលបានក្លាយជា”ភូមិធូរធារ”ដ៏ល្បីឈ្មោះក្នុងតំបន់ជុំវិញ ។

ភូមិ Hongxin នៃភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងគឺជាភូមិភ្នំតូចមួយដែលមានប្រជាជនជាង ៨០០ នាក់តែប៉ុណ្ណោះ ដោយពឹងផ្អែកលើប្រភពធនធានព្រិលទឹកកក គិតមកទល់ខែកុម្ភៈ ឆ្នាំ ២០២៤ ភូមិនេះបានទាក់ទាញអ្នកនិយមចូលចិត្តកីឡាព្រិលទឹកកកចំនួន ១ សែននាក់មកពីគ្រប់ទិសទីទូទាំងប្រទេសចិនមកទស្សនាកម្សាន្ត។ វប្បធម៌ព្រិលទឹកកកក្នុងតំបន់បានធ្វើឱ្យភូមិ Hongxin ក្លាយជា”ភូមិល្បីតាមអ៊ីនធឺណែត” ។

ក្រោមការជំរុញពី”សន្ទុះដ៏ខ្លាំងក្លារបស់ព្រិលទឹកកក” ចំនួនអ្នកទេសចរបានកើនឡើងយ៉ាងខ្លាំង សេដ្ឋកិច្ចព្រិលទឹកកកត្រូវបានលើកកម្ពស់ ហើយប្រភពធនធានព្រិលទឹកកកកំពុងធ្វើឱ្យជនបទធំនិងតូចនៅទូទាំងប្រទេសចិនមានការពេញនិយមយ៉ាងខ្លាំងដើម្បីជំរុញការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ។

ការអភិវឌ្ឍយ៉ាងផុលផុសនៃសេដ្ឋកិច្ចព្រិលទឹកកកកំពុងបញ្ចេញនូវកម្លាំងជីវិតនិងភាពរស់រវើកដ៏ច្រើនសន្ធឹក ។ ស្របពេលដែលតំបន់នានាបានបញ្ចេញនូវ”កម្លាំងចលករដោយព្រឹលទឹកកក”ជាបន្តបន្ទាប់ សេដ្ឋកិច្ចព្រិលទឹកកកមុខជានឹងបន្តបង្កើតជា”អច្ឆរិយព្រិលទឹកកក”របស់ប្រទេសចិនជាមិនខាន ហើយ”សន្ទុះដ៏ខ្លាំងក្លារបស់ព្រិលទឹកកក”មុខជានឹងជំរុញឧស្សាហកម្មពាក់ព័ន្ធឱ្យទទួលប្រជាប្រិយភាពខ្លាំងជាក់ជាមិនខាន ដើម្បីផ្តល់នូវកម្លាំងជំរុញដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close