រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ប្តេជ្ញាជំរុញការវិនិយោគសាងសង់ស្ថានីយអង់តែនថ្មីៗបន្ថែមទៀត

Cambodia News/

ភ្នំពេញ៖  ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្តេជ្ញានឹងជំរុញឱ្យមានការវិនិយោគសាងសង់ស្ថានីយអង់តែនថ្មីៗ បន្ថែមទៀតនៅតាមបុរី តាមបណ្តាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត បើទោះបីជាត្រូវប្រឈមមុខជាមួយបញ្ហាមួយចំនួនក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការប្តេជ្ញាចិត្តបែបនេះក្នុងសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា ក្នុងយុគសម័យឌីជីថល គ្រប់ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច បានចាប់យកបច្ចេកវិទ្យាឌីជីថលជាមូលដ្ឋាន ក្នុងប្រតិបត្តិការ និងជាឃ្នាស់ក្នុងការអភិវឌ្ឍ ដែលញ៉ាំងឱ្យវិស័យទូរគមនាគមន៍ កាន់តែមានតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបាន។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជំរុញជាបន្តបន្ទាប់ឱ្យមានការវិនិយោគសាងសង់ស្ថានីយអង់តែនថ្មីៗបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា កន្លងទៅ ការសាងសង់ស្ថានីយអង់តែនថ្មីៗនៅតាមបុរី តាមបណ្តាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ប្រឈមមុខជាមួយបញ្ហាមួយចំនួន ដូចជា ការខ្វះកិច្ចសហការក្នុងការផ្តល់ទីតាំងសម្រាប់សាងសង់ស្ថានីយអង់តែន និងការតវ៉ារារាំងមិនឱ្យសាងសង់ ដោយមានការយល់ខុសអំពីផលប៉ះពាល់សុខភាព ដែលបណ្តាលមកពីស្ថានីយអង់តែន ជាដើម។

ឯកឧត្តម  ជា វ៉ាន់ដេត បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០-២០២៤ ការសាងសង់ស្ថានីយអង់តែន និងការបំពាក់គ្រឿងបរិក្ខារថ្មីពីសំណាក់ប្រតិបតិករទូរសព្ទចល័តធំៗ បានកើនឡើងជាលំដាប់។ លើសពីនេះ ក្រសួង ក៏បានយកចិត្តទុកដាក់ពង្រឹងគុណភាពសេវា ដាក់ចេញវិធានការការពារអ្នកប្រើប្រាស់ ពង្រឹងការអនុវត្តច្បាប់ និងបង្ក្រាបបទល្មើសក្នុងវិស័យទូរគមនាគមន៍ ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ បង្កើនគុណភាពសេវាកម្ម និងអភិវឌ្ឍ ឧស្សាហកម្មទូរគមនាគមន៍ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសន្យាថា ក្រសួង នឹងបន្តពង្រឹងនិយ័តកម្មវិស័យទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការតភ្ជាប់ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរគមនាគមន៍ និងគ្រប់គ្រងធនធានកម្រ ក្នុងវិស័យទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close