បទវិភាគ៖បើចង់ដោះស្រាយបញ្ហាថ្នាំហ្វេនតានីលពីឬសគល់ អាមេរិកត្រូវស្វែងរកមូលហេតុចេញពីខ្លួន
Cambodia News/
តើថ្នាំហ្វេនតានីលនិងពន្ធគយមាន “ទំនាក់ទំនងឡូហ្ស៊ីក”យ៉ាងណា ? ពិភពលោកក៏មិនអាចដោះស្រាយបញ្ហាដ៏ខុសទំនងនេះដែរ ។ នាពេលថ្មីៗកន្លងទៅនេះ ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយ១០ភាគរយលើទំនិញចិនដែលនាំចេញទៅសហរដ្ឋអាមេរិកដោយយកបញ្ហាថ្នាំហ្វេនតានីលធ្វើជាលេស ។ តើនៅពីក្រោយនេះ បានបង្កប់នូវបំណងបែបណាដែរ ?
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាថ្នាំហ្វេនតានីលជាបញ្ហាចំណុចក្តៅមួយដែលអាមេរិកបានឃោសនាបំប៉ោង ។ អ្នកនយោបាយអាមេរិកមួយចំនួនបានទម្លាក់កំហុសនៃការប្រើប្រាស់ថ្នាំហ្វេនតានីលយ៉ាងអនាធិបតេយ្យទៅលើប្រទេសចិន ដោយបានអះអាងថា “សារធាតុគីមីមកពីប្រទេសចិនដែលងាយផលិតថ្នាំហ្វេនតានីល ត្រូវបានកែច្នៃនៅម៉ិកស៊ិក រួចនាំចូលទៅកាន់អាមេរិក” ដើម្បីដាក់ទណ្ឌកម្មទៅលើស្ថាប័ន សហគ្រាសនិងពលរដ្ឋចិនដោយយករឿងនេះធ្វើជាលេស ក៏ដូចជាបំភាន់មតិសាធារណៈក្នុងស្រុកនិងអន្តរជាតិផងដែរ។
លោក Li Haidong សាស្រ្តាចារ្យនៃវិទ្យាស្ថានការទូតបានវិភាគថា អ្នកដឹកនាំរបស់អាមេរិកអាណត្តិបច្ចុប្បន្នគ្រាន់តែឡើងកាន់មុខតំណែងជាង១០ថ្ងៃ ក៏បានដំឡើងពន្ធគយទៅលើប្រទេសចិនដោយយកបញ្ហាថ្នាំហ្វេនតានីលធ្វើជាលេស នៅពីក្រោយនេះគឺពោរពេញទៅដោយការគិតគូពីផលប្រយោជន៍របស់ខ្លួន ។ ដូចកាលពីមុនដែរ អាមេរិកបានទម្លាក់កំហុសទៅលើប្រទេសចិននិងម៉ិកស៊ិកជាដើម ដើម្បីបង្ហាញពីអាកប្បកិរិយាយ៉ាងខ្លាំងនិងលើកកម្ពស់អត្រាគាំទ្ររបស់ប្រជាជនតាមការស្ទង់មតិ ។
តាមស្ថិតិនៃនាយកដ្ឋានគ្រប់គ្រង់ថ្នាំស្ពឹកអន្តរជាតិឱ្យដឹងថា អាមេរិកជាប្រទេសផលិតនិងប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីលច្រើនជាងគេនៅលើពិភពលោក ពោលគឺមានចំនួនប្រជាជន៥ភាគរយនៅលើពិភពលោកបានប្រើប្រាស់ថ្នាំប្រភេទអាភៀនចំនួន៨០ភាគរយលើពិភពលោកទាំងមូល ។ ទិន្នន័យរបស់រដ្ឋបាលប្រឆាំងគ្រឿងញៀននៃប្រទេសអាមេរិកបានបង្ហាញថា ការប្រើប្រាស់ថ្នាំហ្វេនតានីលហួសកម្រិតក្លាយជាមូលហេតុដ៏សំខាន់ដែលបណ្តាលឱ្យប្រជាជនអាមេរិកអាយុពី១៨ឆ្នាំដល់៤៥ឆ្នាំស្លាប់បាត់បង់ជីវិត នេះជា “ការគំរាមកំហែងពីគ្រឿនញៀនដ៏កាចសាហាវបំផុតដែលអាមេរិកបាននិងកំពុងប្រឈមមុខក្នុងប្រវត្តិសាស្ត្រ ។”
ហេតុអ្វីបានជាថ្នាំហ្វេនតានីលត្រូវបានគេប្រើប្រាស់យ៉ាងអនាធិបតេយ្យនៅអាមេរិក ?មូលហេតុមួយ គឺដោយសារអាចទទួលបានផលប្រយោជន៍យ៉ាងច្រើន ដូច្នេះ សហគ្រាសផលិតឱសថធំៗបាននិយាយបញ្ចុះបញ្ចូលឱ្យអ្នកនយោបាយផ្តល់ការការពារផ្នែកគោលនយោបាយ រីឯតំណាងរបស់ក្រុមហ៊ុនផលិតឱសថក៏លើកទឹកចិត្តតាមមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឱ្យគ្រូពេទ្យចេញថ្នាំតាមវេជ្ជបញ្ជាកាន់តែច្រើន ហើយឱសថស្ថានក៏ខំប្រឹងពពាយនាយលក់ដែរ ដែលបានកកើតទៅជាខ្សែសង្វាក់ផលប្រយោជន៍យ៉ាងពេញលេញមួយ ។ប៉ុន្មានថ្ងៃមុន ក្នុងកម្មវិធី Rednote ដែលជាកម្មវិធីទំនាក់ទំនងសង្គមពេញនិយមនៅប្រទេសចិន អ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែតរបស់ចិននិងអាមេរិកបានធ្វើការពិភាក្សាគ្នា អ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែតរបស់អាមេរិកបានលើកឡើងថា ថ្នាំប្រភេទអាភៀនត្រូវបានចេញជាវេជ្ជបញ្ជាជ្រុលហួសហេតុ នេះជាមូលហេតុដ៏សំខាន់ដែលកើតមានវិបតិ្តប្រើប្រាស់ថ្នាំហ្វេនតានីលយ៉ាងអនាធិបតេយ្យ។
មួយផ្នែកទៀត ក្នុងបរិបទបែកបាក់គ្នាខាងនយោបាយ ពិតមែនតែអ្នកនយោបាយអាមេរិកបាននិយាយបានតែមាត់ថាយកចិត្តទុកដាក់លើបញ្ហាថ្នាំហ្វេនតានីល ប៉ុន្តែតាមពិតទៅ បានចាត់ទុកបញ្ហានេះជាឧបករណ៍ប្រយុទ្ធគ្នារវាងបក្សទាំងពីរ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រួតពិនិត្យនិងគ្រប់គ្រងដោយអសមត្ថភាព ការឃោសនាផលវិបាករបស់គ្រឿងញៀនមិនគ្រប់គ្រាន់ ច្បាប់របស់បណ្តារដ្ឋអាមេរិកសម្រាប់គ្រប់គ្រងឱសថមានកម្រិតហាមឃាត់មិនដូចគ្នា រដ្ឋចំនួនលើសពីពាក់កណ្តាលអនុវត្ត “ការប្រើប្រាស់កញ្ឆាស្របច្បាប់”។ល។ ប្រការទាំងនេះសុទ្ធតែធ្វើឱ្យការប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីលមានសភាពកាន់តែធ្ងន់ធ្ងរ ។
កាលពីខែមីនា ឆ្នាំ២០២២ «របាយការណ៍ស្តីពីយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន»ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិក បានទទួលស្គាល់ថា “ចាប់ពីប្រទេសចិនបានគ្រប់គ្រងនិងហាមឃាត់ទាំងស្រុងចំពោះប្រភេទថ្នាំហ្វេនតានីលកាលពីឆ្នាំ២០១៩មក ស្ទើរតែមិនដែលរកឃើញថ្នាំហ្វេនតានីលឬសារធាតុប្រភេទហ្វេនតានីលដែលនាំចូលពីប្រទេសចិនទៅកាន់អាមេរិកទេ ។ ” ក្រៅពីនេះ ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចសហប្រតិបតិ្តការអនុវត្តច្បាប់ជាមួយប្រទេសម៉ិកស៊ិកលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រីឯភាគីម៉ិកស៊ិកក៏មិនដែលឆែកឃើញសារធាតុគីមីងាយផលិតគ្រឿងញៀនដែលមកពីប្រទេសចិនដែរ ។
កាលពីឆ្នាំ២០២៤ បន្ទាប់ពីភាគីទាំងពីរចិននិងអាមេរិកបានបង្កើតក្រុមការងារសហការប្រយុទ្ធប្រឆាំងគ្រឿងញៀនមក ភាគីចិនបានជំរុញយ៉ាងសកម្មឱ្យកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិននិងអាមេរិកមានភាពកាន់តែស៊ីជម្រៅ លើមូលដ្ឋាន “គោរពគ្នាទៅវិញទៅមក គ្រប់គ្រងការខ្វែងគំនិត និងធ្វើកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ”ជាប់រហូតមក ក្នុងន័យពួតដៃគ្នាឆ្លើយតបនឹងបញ្ហាគ្រឿងញៀននៅលើពិភពលោកទាំងមូល ។ ដូច្នេះ អាមេរិកគួរតែឱ្យតម្លៃទៅលើសុទ្ធចិត្តរបស់ចិនដើម្បីការពារភាពបរិសុទ្ធនៃកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិននិងអាមេរិកដែលបានមកដោយមិនងាយនោះ៕