ឯកឧត្តម ឡាវ វ៉ាន់៖ ឆ្នាំម៉្សាញ់ ប្រពៃណីចិន បង្កើនបរិមាណ និងពង្រឹងគុណភាព អាហារូបករណ៍ចិន
Cambodia News/
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនពរសាទរឆ្នាំថ្មី ប្រពៃណីជនជាតិចិន ឆ្នាំម៉្សាញ់។
ក្នុងឱកាសនោះ ឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំបណ្តាំផ្ញើការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត និងបានពាំនាំនូវការថ្លែងអំណរគុណពីសំណាក់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះស្ថានទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិន ជូនដល់គណៈកម្មាធិការអាហារូបករណ៍នាពេលកន្លង។
ឯកឧត្តម ឡាវ វ៉ាន់ បានរំលេចពីសមិទ្ធផលនានាចាប់ពីឆ្នាំ២០០០ ហើយជាពិសេសសមិទ្ធផលរយៈពេលពេញ១ឆ្នាំ២០២៤ របស់សមាគម អ.ម.ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត ដោយផ្តោតលើអាហារូបករណ៍ដែលបានផ្តល់ជូនដល់សិស្ស-និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានរំលេចបន្ថែមថា ឆ្នាំ២០២៥ ជាឆ្នាំចេញដំណើរដ៏សំខាន់រវាងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគម អ.ម.ត និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការបង្កើនបរិមាណ ពង្រឹងគុណភាពដល់សិស្ស-និស្សិតកម្ពុជាទទួលបានឱកាសកាន់តែច្រើនពីរដ្ឋាភិបាលចិន តាមរយៈ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ទៅបន្តការសិក្សានៅប្រទេសចិន បន្ថែមពីលើបរិមាណនិស្សិតកម្ពុជាចំនួន ១៦៧ នាក់ដែលបាននិងកំពុងបន្តការសិក្សានៅប្រទេសចិន ក៏ដូចជាសិស្ស-និស្សិតកម្ពុជាប្រមាណចំនួន ៨០នាក់ ដែលកំពុងត្រៀមខ្លួនទៅបន្តការសិក្សានៅប្រទេសចិនផងដែរ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ឯកឧត្តម Wang Wenbin បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណើនមូលធនមនុស្សរបស់កម្ពុជា ហើយឯកឧត្តមក៏បានយល់ស្របជាមួយឯកឧត្តម ឡាវ វ៉ាន់ ពីមោទកភាពដែលនិស្សិកម្ពុជាទទួលបានគុណភាពសិក្សាយ៉ាងល្អប្រសើរក្រោយបញ្ចប់ការសិក្សានៅប្រទេសចិន។ ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមបានបង្ហាញនូវឆន្ទៈបន្តការគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់គណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត៕