កម្ពុជាស្នើចិនឲ្យផ្តល់ប្រាក់ឥណទាន៥០លានដុល្លារក្នុងមួយឆ្នាំសម្រាប់បញ្ជូនខ្សែអគ្គីសនី
Cambodia News
ដោយ៖ ហេង នាង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ កញ្ញា ២០១២ នៅក្នុងជំនួបជាមួយ អនុប្រធានរដ្ឋបាលថាមពលចិន លោក Wu Yin នៅសណ្ឋាគារកាំ បូឌីយ៉ាណា លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មកម្ពុជា បានស្នើប្រទេសចិន ឲ្យជួយផ្តល់ប្រាក់ឥណទាន ៥០លាន ដុល្លារ អាមេរិកក្នុងមួយឆ្នាំទៅលើគម្រោងផែនការមេក្នុងឆ្នាំ២០២០ ដើម្បីបញ្ជូនខ្សែអគ្គីសនី ទៅដល់គ្រប់ភូមិរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។
លោក ស៊ុយ សែម បានលើកឡើងថា បច្ចុប្បន្នអគ្គីសនីកម្ពុជា ខ្វះទុនសម្រាប់បញ្ជូនខ្សែអគ្គីសនី ពីខេត្តទៅស្រុក ពីស្រុកទៅឃុំ ដូច្នេះ ហើយទើបកម្ពុជាស្នើឲ្យប្រទេសចិនផ្ដល់កម្ចី ឬក៏ជាជំនួយ ដើម្បីឲ្យអគ្គីសនីកម្ពុជា ធ្វើខ្សែ២០គីឡូវ៉ុល រុញទៅតាមស្រុក តាមឃុំ បន្ទាប់មកឲ្យសេវាករឯកជន ទិញភ្លើងពីអគ្គីសនីកម្ពុជា ដើម្បីយកទៅលក់ នៅតាមភូមិបន្តទៀត។
លោក ស៊ុយ សែម បានបន្តែមថា កម្ពុជាចង់ឲ្យចិនពិនិត្យលទ្ធភាពផ្ដល់កម្ចីឥណទាន ៥០លានដុល្លារនេះ តទៅទៀតដើម្បីឲ្យ ដំណើរ ផែនការមេរបស់កម្ពុជាទទួលបានជោគជ័យក្នុងការបញ្ជូនខ្សែ អគ្គីសនីទៅកាន់ភូមិប្រជាពលរដ្ឋ នៅទូទាំងប្រទេសបន្ត ទៀត។យ៉ាងណាក៏ដោយគម្រោងនេះ ត្រូវបានភាគីចិនគាំទ្រដោយចិនយល់ ថាគម្រោងនេះវាពិតជាមានសារៈសំខាន់ក្នុងការ ជួយដល់ប្រជាពលរដ្ឋកម្ពុជា៕