បទវិភាគ៖ពិភពលោករំពឹងថា ចិននិងសហរដ្ឋអាមេរិកនឹងផ្តល់ភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោក

Cambodia News/

ចាប់ពីពាក់កណ្តាលខែធ្នូមក ចិននិងអាមេរិកមានការប្រាស្រ័យទាក់ទងក្នុងស្រទាប់ជាន់ថ្នាក់ជាច្រើន ។ ឥស្សរជនវិភាគបានលើកឡើងថា ក្នុងដំណាក់កាលអន្តរកាលផ្លាស់ប្តូរអាណត្តិនៃរដ្ឋាភិបាលអាមេរិក ចិននិងអាមេរិកអាចជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាលំដាប់ វាគឺជាសញ្ញាដ៏វិជ្ជមានមួយ ។

ប្រវត្តិសាស្ត្រជាកញ្ចក់មួយ ។ បទពិសោធន៍នៃខួបទី៤៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងអាមេរិកបានបញ្ជាក់ម្តងហើយម្តងទៀតថា បើមានទំនាក់ទំនងល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយការបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង ។ នៅខែវិចិ្ឆកា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិកនិងផ្ញើសារលិខិតអបអរសាទរចំពោះលោកត្រាំដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ដែលបានចង្អុលបង្ហាញទិសដៅចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកនៅដំណាក់កាលដ៏សំខាន់ ។ លោកប្រធានរដ្ឋចិន Xi Jinping បានបូកសរុបបទពិសោធន៍និងការផុសគំនិត៧ចំណុចអំពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងរយៈពេលបួនឆ្នាំកន្លងទៅនេះ ក្នុងនោះ ចំណុចមួយគឺចិននិងអាមេរិកគួរ “រៀបចំធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការកាន់តែច្រើន” ។ នេះបានបង្ហាញពីការយល់ដឹងដ៏ស៊ីជម្រៅចំពោះផលប្រយោជន៍រួមរវាងចិននិងអាមេរិក ហើយក៏ជាការរំពឹងទុកដ៏ម៉ឺងម៉ាត់ចំពោះចិននិងអាមេរិកដែលរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំផងដែរ ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរលើពិភពលោក ផលប្រយោជន៍រួមនៃប្រទេសទាំងពីរចិននិងអាមេរិកក្នុងស្ថានការណ៍នាពេលបច្ចុប្បន្ននេះមិនមែនត្រូវកាត់បន្ថយនោះទេ តែគឺកាន់តែច្រើនឡើងៗ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមការណែនាំនៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចិននិងអាមេរិកបានស្តារឡើងវិញនិងបង្កើតថ្មីនូវយន្តការផ្លាស់ប្តូរចំនួនជាង២០ ដែលទទួលបានសមិទ្ធផលជាវិជ្ជមានក្នុងវិស័យការទូត សន្តិសុខ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប្រឆាំងនឹងគ្រឿងញៀន កសិកម្មនិងវប្បធម៌មនុស្សជាតិជាដើម ។ ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ភាគីទាំងពីរក៏បានរៀបចំធ្វើការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រពីរជុំនិងកិច្ចប្រជុំនៃក្រុមការងារហិរញ្ញវត្ថុនិងសេដ្ឋកិច្ចចំនួន៥លើក ហើយរួមគ្នាចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្តីពីភាពវៃឆ្លាតសិប្បនិម្មិតរៀងៗខ្លួនក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិដែរ ដែលទទួលការស្វាគមន៍ពីមជ្ឈដ្ឋាននានារវាងចិននិងអាមេរិក ។ នេះបានបង្ហាញយ៉ាងពេញលេញថា ឱ្យតែចិននិងអាមេរិកមានបំណងធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ នោះក៏នឹងផ្តោតសំខាន់លើផលប្រយោជន៍រួមឱ្យកាន់តែល្អនិងដោះស្រាយកង្វល់រៀងៗខ្លួនឱ្យបានសមរម្យ ដើម្បីរួមចំណែកដល់ការបង្កើនទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ។

ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយលើពិភពលោក កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកមានសារសំខាន់ដ៏លេចធ្លោចំពោះពិភពលោក ។ ចិននិងអាមេរិកគួររ៉ាប់រងទំនួលខុសត្រូវក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍទូទាំងពិភពលោក នេះក៏សមស្របនឹងការរំពឹងទុករបស់ពិភពលោកផងដែរ ។ 

ពេលចូលរួមកិច្ចជំនួបក្រុងលីម៉ារវាងប្រមុខរដ្ឋចិននិងអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអធិប្បាយយ៉ាងច្បាស់លាស់អំពីគោលការណ៍ គំនិតផ្តួចផ្តើមនិងការយកចិត្តទុកដាក់របស់ភាគីចិនក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក ដោយគូសបញ្ជាក់ថា ភាគីចិនប្រកាន់ខ្ជាប់ “ការមិនកែប្រែចំនួនបួន” ព្រមពេលជាមួយគ្នានេះ បានកំណត់ខ្សែបន្ទាត់ក្រហមបួនគឺបញ្ហាតំបន់តៃវ៉ាន់ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មាគ៌ាអភិវឌ្ឍន៍និងប្រព័ន្ធរបបនិងសិទ្ធិអភិវឌ្ឍន៍ ។ ភាគីអាមេរិកគួរយោគយល់ដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវចំពោះគោលជំហររបស់ភាគីចិន ដើម្បីដើរស្របតាមទិសដៅជាមួយភាគីចិន ។

បើមើលពីការពិតជាក់ស្តែង ការប្រកួតប្រជែងមិនមែនជាខ្លឹមសារទាំងអស់នៃទំនាក់ទំនងរវាងចិននិងអាមេរិកទេ ត្រូវយកចិត្តទុកដាក់ដល់ទាំងការប្រកួតប្រជែងនិងកិច្ចសហប្រតិបត្តិការ ហើយការពិតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកគឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ភាគីអាមេរិកមិនត្រូវរំពឹងទុកស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យមានតម្រូវការ ខណៈពេលបន្តបង្កើនការទប់ស្កាត់ ឡោមព័ទ្ធនិងគាបសង្កត់ទៅលើប្រទេសចិន ដើម្បីបំផ្លាញផលប្រយោជន៍របស់ចិន ។

បច្ចុប្បន្ននេះ ពិភពលោកបានមានគំនិតឯកភាពរួមហើយថា ការអភិវឌ្ឍដោយនឹងនរនៃទំនាក់ទំនងរវាងចិននិងអាមេរិកគឺពាក់ព័ន្ធដល់វាសនារបស់ប្រជាជននៃប្រទេសទាំងពីរផង ហើយក៏ពាក់ព័ន្ធដល់វាសនានិងអនាគតរបស់មនុស្សជាតិផងដែរ ។ ពិភពលោកកាន់តែរំពឹងថា ចិននិងអាមេរិកអាចបន្តរក្សាកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទង ទទួលខុសត្រូវជាប្រទេសធំ រួមគ្នាធ្វើកិច្ចការកាន់តែធំនិងកាន់តែល្អឱ្យបានច្រើន ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលមិនប្រាកដប្រជា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close