មគ្គុទេសក៍ពិភពលោកតាមស្មារតីផ្លូវសូត្រសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ
Cambodia News/
រយៈពេលជាង១ទសវត្សរ៍មកនេះ ប្រាជ្ញាចិនស្តីពី«សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» បានល្បីខ្ទរខ្ទាពីក្នុងប្រទេសចិនដល់ពិភពលោក ហើយនៅគ្រប់វេទិកាអន្តរជាតិទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីរួមមានG20, APEC, BRICS, SCOជាដើម ប្រទេសចិនតាមរយៈលោក Xi Jinping បានចង្អុលបង្ហាញយ៉ាងច្បាស់ពីសហគមន៍រួមវាសនានៅក្នុងយុគសម័យថ្មីដែលកំពុងបន្តដំណើរយ៉ាងស្វាហាប់នៅក្នុងប្រសិទ្ធភាពកម្រិតខ្ពស់ ជាក់ស្តែងនៅក្នុងវេទិកាG20ឆ្នាំ២០២៤ លោក Xi Jinping បានគូសរំលេចពីប្រាជ្ញាចិនដែលសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រពីប្រជាជនប្រមាណ៨០០លាននាក់ ហើយកំពុងឈានទៅសម្រេចបានមុនកាលកំណត់នៃរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមដល់សន្តិសុខស្បៀងសកល។
ដោយប្រកាន់ខ្ជាប់នូវមរតកស្មារតីផ្លូវសូត្រនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ គំនិតផ្តួចផ្តើមទាំងអស់របស់ប្រទេសចិនបានលើកកម្ពស់ការអភិវឌ្ឍជាទូទៅរបស់ពិភពលោក ដោយចិនយល់ច្បាស់ថា ការអភិវឌ្ឍរួមរបស់អ្នកទាំងអស់គ្នា ទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ ហើយជានិច្ចកាលគំនិតផ្តួចផ្តើមរបស់ប្រទេសចិនដែលនឹងឈានឆ្ពោះទៅកាន់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺដើម្បីកសាងពិភពលោកដ៏យុត្តិធម៌ ដែលមានការអភិវឌ្ឍរួមគ្នា មានវិបុលភាព និងមានស្ថិរភាព ដោយការអភិវឌ្ឍរបស់ពិភពលោកកាន់តែបរិយាប័ន្ន កាន់តែផ្តល់ផលប្រយោជន៍ជាទូទៅ និងកាន់តែមានភាពធន់ ដែលជាពិសេសគំនិតផ្តួចផ្តើមរបស់ប្រទេសចិនបានជួយធ្វើឱ្យគម្លាតកាន់តែរួមតូចរវាងប្រទេសអភិវឌ្ឍនិងប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសអភិវឌ្ឍតិចតួច។
គំនិតផ្តួចផ្តើមរបស់ប្រទេសចិនដែលបានចេញដំណើរតាំងពីឆ្នាំ២០១៣មក បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយពន្លឿនល្បឿនអភិវឌ្ឍសហគមន៍វាសនារួមសម្រាប់មនុស្សជាតិតាមរយៈការប្រកាន់ខ្ជាប់នូវការណែនាំនៃការពិគ្រោះយោបល់ដ៏ទូលំទូលាយ ការចូលរួមចំណែករួមនិងផលប្រយោជន៍រួម ភាពបើកចំហ ភាពបៃតងនៃអរិយធម៌អេកូឡូស៊ី និងសុចរិតភាពនៃប្រព័ន្ធច្បាប់និងសន្តិសុខសកល ព្រមទាំងស្តង់ដារខ្ពស់នៃអភិបាលកិច្ចសកល ដើម្បីផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅ និងនិរន្តរភាពរបស់ប្រជាជន ។
កិច្ចសហប្រតិបត្តិការបើកចំហ និងភាពរឹងមាំនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីស្របតាមនិយាមរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅតែជាស្នូលដូចមានចែងនៅក្នុងគំនិតផ្តួចផ្តើមរបស់ប្រទេសចិនស្តីពី«អភិវឌ្ឍសកល»សំដៅដោះស្រាយវិសមភាពសកល និងជំរុញការអភិវឌ្ឍ និងវិបុលភាពរួមប្រកបដោយបរិយាប័ន្ន និងចីរភាព ស្របទៅនឹងទស្សនវិជ្ជាចិន ជាក់ស្តែងនៅក្នុងវេទិកា APEC ឆ្នាំ២០២៤ លោក Xi Jinpingបានគូសបញ្ជាក់ពីការផ្តល់កម្លាំងចិត្តថ្មីដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបើកចំហ និងលើកកម្ពស់ចរាចរណ៍សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ដោយជំរុញឱ្យបណ្តាប្រទេសAPECគួរតែរុះរើជញ្ជាំងដែលរារាំងលំហូរនៃពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងសេវាកម្ម។ តាមរយៈប្រទេសចិន រាល់វេទិកាអន្តរជាតិនានា ដែលក្នុងនោះរួមមានAPECនិងG20 ចិនបានចូលរួមប្តេជ្ញាក្នុងការបន្តការអភិវឌ្ឍ និងវិបុលភាពតាមរយៈភាពជាដៃគូសហការដោយយកឈ្នះនូវភាពខុសគ្នារវាងគ្នា ហើយស្វែងរកការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ។
មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិនតែងតែឈរយ៉ាងរឹងមាំជាដៃគូរបស់បណ្តាប្រទេសសកលខាងត្បូង គំនិតផ្តួចផ្តើមទាំងអស់របស់ប្រទេសចិនបានរួមចំណែកបង្កើនសម្លេងនៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសសកលខាងត្បូង ដូចជាការបង្កើតមូលនិធិកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ដោយបានអនុវត្តគម្រោងជាច្រើនលើការចាត់វិធានការជាក់ស្តែង។ នៅក្នុងវេទិកាG20ឆ្នាំ២០២៤ ប្រទេសចិនបានលើកទឹកចិត្តដល់បណ្តាប្រទេសG20គាំទ្រដល់ការសម្រេចបាននូវការអភិវឌ្ឍកាន់តែច្រើនដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្តាប្រទេសសកលខាងត្បូង។
ជារួម តាមរយៈសកម្មភាពជាក់ស្តែងនៅក្នុងស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការស្របតាមចរន្ត ពហុភាគីនិយម គំនិតផ្តួចផ្តើមទាំងអស់របស់ប្រទេសចិន គឺជាបុរេសកម្ម និងជាដំណោះស្រាយ ឬជាឱសថដ៏ស័ក្តិសិទ្ធិ ដែលអាចព្យាបាលទាំងរោគសញ្ញានិងមូលហេតុដើមនៃបញ្ហា ហើយគំនិតផ្តួចផ្តើមទាំងអស់នេះបង្កើតបានជាវិធានការដ៏ពេញលេញក្នុងការធ្វើឲ្យសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកមាគ៌ាដ៏រឹងមាំ មាននិរន្តរភាព មានចីរភាព មានតុល្យភាព និងមានកំណើនប្រកបដោយបរិយាប័ន្ន៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន