តើលោក ស៊ី ជីនភីង​អនាគត​ប្រមុខ​ដឹកនាំ​ចិន​ឋិតនៅ​ឯទី​ណា?​

អនាគតឥស្សរជនទីមួយនៃប្រទេសចិនលោក ស៊ី ជីនភីង ដែលនឹងត្រូវគេលើកតែង តាំងជា ប្រមុខដឹកនាំជាផ្លូវការនៅខែតុលា ខាងមុខនេះនាឱកាសសមាជនៃបក្ស កុម្មុយនិស្តចិន បានលុបចេញនៅថ្ងៃចន្ទម្សិលមិញ នូវជំនួបសន្ទនាដែល បានគ្រោងទុកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេស ដាណឺម៉ាក ក្រោយពីបានលុប ចេញជំនួបពិភាក្សាជាមួយប្រមុខការទូតអាមេរិកលោកស្រី ហ៊ីលឡារីគ្លីនតុន។ ទាំងនេះ បាននាំឲ្យកើតមានជាពាក្យចចាមអារ៉ាមយ៉ាងផុសផុល។

ដោយគ្មានការថ្លែងពន្យល់អ្វីទាំងអស់ជាផ្លូវការ ជំនួបសន្ទនាបួនដោយ លោក ស៊ី ជីនភីង អនាគតប្រមុខដឹកនាំចិនជាមួយឥស្សរជនបរទេសសំខាន់ៗ បាន ត្រូវភាគីចិនលុបចេញ ក្នុងរយៈពេលតិចជាមួយសប្តាហ៍។ ក្រោយពីបានលុបចេញ នូវជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនៃប្រទេស ដាណឺម៉ាក និងប្រមុខការទូត អាមេរិក លោកស្រី ហ៊ីលឡារីគ្លីនតុន ជំនួបសន្ទនាពីរទៀតដែលបានត្រូវភាគី ចិន លុបចេញគឺជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង ហើយនិង ជាមួយប្រធានក្រុមប្រឹក្សានៃសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko។

ចំណែកឯអ្នកនាំពាក្យនៃក្រសួងការបរទេសចិន លោក ហុងឡី បានថ្លែងប្រាប់ថា “ពាក់ព័ន្ធនឹងការលុបចេញនូវជំនួបសន្ទនាដែលបានគ្រោងទុកដោយលោកស៊ី ជីនភីង លោកគ្មានព័ត៌មានអ្វីនឹងថ្លែងជម្រាបឡើយ”។

គួរកត់សម្គាល់ថា ការលុបចេញនូវជំនួបសន្ទនាចុងក្រោយបានធ្លាក់ក្រោយ ពេលដែល site internet ចិននៅបរទេសបានថ្លែងឲ្យដឹងថា លោក ស៊ី ជីនភីង ដែលមានអាយុ៥៩ឆ្នាំ កំពុងមានបញ្ហាសុខភាព។ អ្នកខ្លះទៀតថា លោកមាន បញ្ហាគ្រោះថ្នាក់រថយន្តដែលបានបណ្តាលឲ្យលោកទទួលរង របួស។ អ្នក ខ្លះទៀតថា គឺក្រុមអ្នកឆ្វេងនិយមឬក្រុមម៉ៅនិយមថ្មីជាអ្នកបង្កឲ្យលេច ចេញ ពាក្យចចាមអារ៉ាម។

សូមបញ្ជាក់ថា ពាក្យអ្នកឆ្វេងនិយមនៅប្រទេសចិនគឺគេសំដៅទៅលើក្រុម អ្នកម៉ៅនិយម ថ្មីដែលជាចរន្តនយោបាយគាំទ្រលោក ប៉ូ ស៊ីឡាយ អតីតប្រមុខ ដឹកនាំនៃទីក្រុង Chongqing ដែលជាទីក្រុងចិនធំជាងគេឋិតនៅប៉ែកនិរតីនៃប្រទេស ចិន។ លោក ប៉ូ ស៊ីឡាយដែលបានត្រូវគេទម្លាក់ចេញពីមុខតំណែង ក្រោយពីមាន កើតមានរឿងអាស្រូវនៅក្នុងប្រទេសចិននៅពេលកន្លងទៅនេះ។

ពាក់ព័ន្ធនឹងលោក ស៊ី ជីនភីង នេះ សារព័ត៌មានចិននៅក្រៅប្រទេសបានថ្លែង ថា លោកមានជំងឺឈឺខ្នង។រីឯប្រភពអ្នកការទូតលោកខាងលិចខ្លះថា លោក ស៊ី ជីនភីង បានធ្វើការព្យាបាលខ្លួនដើម្បីឲ្យស្រកស្គម ដែលបានបណ្តាលឲ្យ លោក ស្រកស្គមបាត់បង់អស់ប្រមាណ២០គីឡូក្រាម ចាប់តាំងពីដើមឆ្នាំនេះមក។

ដូច្នេះវាជាការជាក់ច្បាស់ដែលអាជ្ញាធរចិនបារម្ភពីការដែលអាចធ្វើឲ្យ ប៉ះពាល់ ដល់ “អភិក្រមនៃការតស្នងតំណែង”ដែលគ្រោងរៀបចំធ្វើនៅខែតុលាខាងមុខ នាឱកាសសមាជនៃបក្សកុម្មុយនិស្តចិន៕ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close