បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ

Cambodia News/

ប៉ុន្មានថ្ងៃកន្លងមក ប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នាផ្តោតសំខាន់លើកំពង់ផែ Chancay របស់ប្រទេសប៉េរូ ។ កំពង់ផែដែលវិនិយោគនិងសាងសង់ដោយសហគ្រាសចិននេះជិតនឹងដាក់ឱ្យដំណើរការជាផ្លូវការ ។ ដល់ពេលនោះ ពេលវេលាដឹកជញ្ជូនទំនិញដែលនាំចេញពីទ្វីបអាមេរិកខាងត្បូងទៅកាន់ទ្វីបអាស៊ីត្រូវបានរំពឹងថា នឹងបង្រួញខ្លីជិត ៣០ ភាគរយ ហេតុនេះហើយ ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃត្រើយទាំងសងខាងនៃមហាសមុទ្រប៉ាស៊ីហ្វីកនឹងទទួលបានកម្លាំងចលករថ្មី ។

នៅក្នុងសប្តាហ៍នេះ ព្រឹត្តិការណ៍ដ៏សំខាន់មួយក៏នឹងត្រូវបានប្រារព្ធធ្វើនៅប្រទេសប៉េរូផងដែរ គឺ កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកទី ៣១ ដោយមានវត្តមានចូលរួមពីសំណាក់លោកប្រធានរដ្ឋចិន Xi Jinping ។ ឥស្សរជនមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្មដែលមកពីអង្គភាពសេដ្ឋកិច្ចចំនួន ២១ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងពិគ្រោះពិភាក្សាជាសំខាន់អំពីបញ្ហាដូចជា ការបង្កើនពាណិជ្ជកម្មបែបបើកទូលាយ សេរីនិងប្រកបដោយភាពបរិយាប័ន្នព្រមទាំងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងការជំរុញការធ្វើបរិវត្តកម្មថាមពលសកលជាដើម ។ បណ្តាភាគីនានារំពឹងថា កិច្ចប្រជុំកំពូលលើកនេះនឹងបញ្ចេញនូវជំនឿចិត្តរបស់បណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបែបបើកទូលាយនិងលើកកម្ពស់ការព្យាករណ៍ចំពោះការអភិវឌ្ឍសកល ។

ក្នុងរយៈពេលជាយូរកន្លងមក តំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាយុថ្កាសម្រាប់លំនឹងការអភិវឌ្ឍសកល ។ តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានចំនួនប្រជាជន ១ ភាគ ៣ នៃពិភពលោកទាំងមូល មានទំហំសេដ្ឋកិច្ចសរុបលើសពី ៦០ ភាគរយនៃពិភពលោកនិងទំហំសរុបខាងពាណិជ្ជកម្មជិតពាក់កណ្តាលនៃទូទាំងពិភពលោក ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកល ។ តាមការប៉ាន់ប្រមាណនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា អត្រាកំណើននៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅឆ្នាំនេះត្រូវបានរំពឹងថា នឹងឡើងដល់ ៤,២ ភាគរយ ។

ហេតុអ្វីបានជាការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកអាចនាំមុខគេនៅទូទាំងពិភពលោក ? នេះគឺអាស្រ័យដោយការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាយូរណាស់មកហើយផង ហើយក៏មានភាពស្អិតល្មួតមិនអាចឃ្លាតពីគ្នាជាមួយការរួមចំណែករបស់អង្គការ APEC ផងដែរ ។ ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេល ៣៥ ឆ្នាំមក អង្គការ APEC បាននិងកំពុងប្រកាន់ខ្ជាប់ជានិច្ចនូវបំណងដើមរបស់ខ្លួនស្តីពីការបើកចំហ បរិយាបន្ន ការអភិវឌ្ឍរួមនិងស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកការខ្វែងគំនិតមួយអន្លើដើម្បីជំរុញសេរីភាពនិងភាពងាយស្រួលខាងវិនិយោគនិងពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការខាងបច្ចេកទេសនិងសេដ្ឋកិច្ច ក៏ដូចជាបន្តលើកកម្ពស់កម្រិតនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។ តាមទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅនេះ កម្រិតពន្ធគយគិតជាមធ្យមក្នុងតំបន់នេះបានធ្លាក់ចុះពី ១៧ ភាគរយមកនៅត្រឹម ៥ ភាគរយ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនជាងបួនដង អត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកលមានចំនួនដល់ទៅ ៧០ ភាគរយ ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រទេសចិនបានចូលរួមយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាមួយអង្គការ APEC ជាប់រហូតមកដែលបានក្លាយជាប្រភពកម្លាំងចលករនិងជាម៉ាស៊ីនជំរុញនៃកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ បច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតនៃអង្គភាពសេដ្ឋកិច្ចចំនួន ១៣ ក្នុងអង្គការ APEC ដែលមានអត្រារួមចំណែកដល់កំណើនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកចំនួន ៦៤,២ ភាគរយ ហើយបានជំរុញកំណើនពាណិជ្ជកម្មទំនិញចំនួន ៣៧,៦ ភាគរយនិងកំណើនពាណិជ្ជកម្មសេវាកម្មក្នុងតំបន់ចំនួន ៤៤,៦ ភាគរយ ។

ពីការផ្តួចផ្តើមឱ្យបង្កើនការតភ្ជាប់គ្នាក្នុងតំបន់ដល់ការសង្កត់ធ្ងន់ពីការច្នៃប្រឌិតថ្មី ការបើកទូលាយនិងការអភិវឌ្ឍបៃតង គំនិតផ្តួចផ្តើមមួយចំនួនរបស់ចិនក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC គឺ ស៊ីសង្វាក់គ្នាជាមួយចរន្តអភិវឌ្ឍន៍នៃតំបន់នេះដែលទទួលបានការទទួលស្គាល់និងការគាំទ្រយ៉ាងទូលំទូលាយ លើសពីនេះទៅទៀត ប្រទេសចិនបាននិងកំពុងជំរុញការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំ រួមគ្នាលើកកម្ពស់លំដាប់ថ្នាក់នៃកិច្ចសហប្រតិបត្តិការតំបន់ពាណិជ្ជកម្មសេរីជាមួយអាស៊ាននិងស្នើសុំចូលរួម«កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព»(CPTPP)និង«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល» ។ល។ សកម្មភាពទាំងនេះបានបង្កើតឱកាសដ៏ធំធេងសម្រាប់ការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលបានរឹតបន្តឹងចំណងសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកថែមមួយកម្រិតទៀត ។

ការប្រកាន់ខ្ជាប់នូវការបើកទូលាយនិងកិច្ចសហប្រតិបត្តិការគឺជាបទពិសោធន៍ដ៏ជោគជ័យរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ហើយក៏គួរក្លាយជាគោលការណ៍ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនាពេលអនាគតផងដែរ ។ ស្ថានការណ៍ពិភពលោកមានភាពកាន់តែស្មុគស្មាញនិងតានតឹង អង្គភាពសេដ្ឋកិច្ចនានានៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏គួរកាន់តែផ្តោតសំខាន់លើផលប្រយោជន៍រួម គាំទ្រពាណិជ្ជកម្មសេរីនិងការវិនិយោគ ប្រឆាំងការគាំពារនិយម អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវចក្ខុវិស័យ Putrajaya ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារបស់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពស្វិតស្វាញនិងសន្តិភាព ក៏ដូចជាបង្កើត” ៣០ ឆ្នាំមាស”ថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ៕

 

Related Articles

Back to top button
Close
Close