ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់លើទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៤នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ
Cambodia News/
ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់លើទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៤នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ
វិស័យអប់រំ គឺជាវិស័យអទិភាព ហើយក្មួយៗគឺជាទំពាំងស្នងឬស្សីដ៏មានគុណភាពដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍកាន់តែរីកចម្រើន ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងផ្តល់រង្វាន់លើទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប ) ចំនួន ៥៧០នាក់ ក្នុងនោះសិស្សស្រី មានចំនួន ៤១៧ នាក់ នៅវិទ្យាល័យ ហ៊ុន សែន តំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៤ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ នី ចាន់ធីតា អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ , សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត , ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្តទុកដាក់និងចាត់ទុកវិស័យអប់រំដែលជាវិស័យអាទិភាព ក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់ សំរាប់ប្រទេសជាតិនិងចូលរួមអបអរសាទរសប្បាយរីករាយជាមួយក្មួយៗ សិស្សានុសិស្សជ័យលាភីដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិសំរាប់ឆ្នាំសិក្សា២០២៤ ។
ឯកឧត្តមបណ្ឌិតក៏បានលើកឡើងថា ក្មួយៗជាសិស្សានុសិស្ស ជាយុវជនដែលជាទំពាំងស្នងឫស្សី សម័យសន្តិភាពសម្តេចតេជោ ហ៊ុន សែនហើយបានបន្តមកសម័យអភិវឌ្ឍន៏សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសំណាងណាស់ ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ក្រោមម្លប់សន្តិភាព ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនៗក្នុងការសិក្សារៀនសូត្រ គួបផ្សំនិងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ ពីសំណាក់ លោកគ្រូអ្នកគ្រូ ជាពិសេសក្មួយៗបានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនិងពាក្យស្លោករបស់ក្រសួងអប់រំយុវជននឹងកីឡា “អ្នកចេះគឺជាប់”។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានផ្តាំផ្ញើដល់ក្មួយៗត្រូវប្រកាន់ភ្ជាប់នូវ គុណធម៌ សីលធម៌ ចរិយាធម៌ សុជីវធម៌ និងឥរិយាបថល្អ ហើយចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិ ភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំខូចអនាគតដល់ខ្លួន និងបានជម្រុញលើកទឹកចិត្តដល់ប្អូនៗ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ នៅពេលបន្តការសិក្សានៅមហាវិទ្យាល័យ ត្រូវផ្លាស់ប្តូរឥរិយាបថ នៃការសិក្សា គឺត្រូវបន្តសិក្សា ភាសាជាតិ ភាសាបរទេស សិក្សាស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីស្វែងយល់ពីមុខជំនាញ ដោយរៀនទ្រឹស្តីបណ្តើរ អនុវត្តន៍ជាក់ស្តែងបណ្តើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលប្រកបដោយប្រសិទ្ធភាព ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
ក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ចំនួន៥៧០នាក់ឆ្នាំសិក្សា២០២៤ ។