ដំណឹងល្អសម្រាប់ ឪពុកម្ដាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិត

Cambodia News/

ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។  ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និង ក្មួយៗ សិស្ស-និស្សិត។

ជាក់ស្តែង ក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ខ្ញុំបានសម្រេចផ្តល់នូវការលើកទឹកចិត្តចំនួន ០៣ ចំណុច ក្នុងនោះក៏បានបន្តអនុគ្រោះពន្ធមួយចំនួន រួមមាន៖ ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨។

ដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិត ក្នុងការបង់ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានសមាជិក ១៤១ និងសហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក ១២០ ដើម្បីពិនិត្យលទ្ធភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ ក៏ដូចជាពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការបញ្ចុះថ្លៃសិក្សាសម្រាប់ក្មួយៗ សិស្ស-និស្សិត។

ជាលទ្ធផល សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះ ហើយគ្រឹះស្ថានសិក្សាទាំងអស់នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនក្មួយៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។ ដោយឡែក ចំពោះសហព័ន្ធសេវាអប់រំនៃកម្ពុជា ក៏បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ (ដោយសារសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ គ្រឹះស្ថានសិក្សាជាច្រើនដែលជាសមាជិកសហព័ន្ធបានបើកបវេសនកាលតាំងពីខែកក្កដា ឬសីហា រួចទៅហើយ)។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរចំពោះស្មារតីសហការ និងសូមថ្លែងអំណរគុណចំពោះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែលបានយល់ស្របតាមសំណើរបស់ខ្ញុំ ដោយមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ក៏ដូចជាការពិនិត្យលទ្ធភាពបញ្ចុះថ្លៃសិក្សាជូនក្មួយៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនរបស់គ្រឹះស្ថានអប់រំនីមួយៗ។

ខ្ញុំសង្ឃឹមថាសកម្មភាពជាវិជ្ជមានរបស់បណ្ដាគ្រឹះស្ថានសិក្សាខាងលើនេះ នឹងជួយសម្រាលបន្ទុកបានមួយកម្រិតសម្រាប់ឪពុកម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតសម្រាប់ការសិក្សានេះ៕

Related Articles

Back to top button
Close
Close