កម្ពុជា និងចិនរួមទាំងប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាប្រទេសឡានឆាង-មេគង្គ៤ផ្សេងទៀតជំរុញការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ

Cambodia News/

ភ្នំពញ៖ ក្រសួងព័ត៌មានប្រទេសកម្ពុជា និង វិទ្យុសំឡេងឈូងសមុទ្រ ប៉ីប៉ ( Beibu) នៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី ចិន ព្រមទាំងបណ្តាប្រទេសនៅជាប់ដងទន្លេមេគង្គផ្សេងទៀតបានជំរុញការការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃដើម្បីបង្កើតអនាគត ក្នុងគោលបំណង បង្កើនការយល់ដឹងដល់ប្រជាជនក្នុងតំបន់មេគង្គ-ឡានឆាង កាន់តែទូលំទូលាយថែមទៀត។

ការជំរុញនេះ ធ្វើឡើងតាមរយៈការចូលរួម ដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិតពីចម្ងាយ ក្នុងកិច្ចប្រជុំរួម ប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងប្រាំមួយនៃបណ្តាប្រទេសឡានឆាង – មេគង្គឆ្នាំ២០២៤ ស្ដីពី “សមាហរណកម្មប្រព័ន្ធផ្សពផ្សាយឆ្លាតវៃដើម្បីបង្កើតអនាគត” នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េរាជធានីភ្នំពេញ។

ប្រាប់អ្នកសារព័ត៌មាននៅ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនាព្រឹកនោះ ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ថា ស្ថិតក្នុងយុគសម័យសារព័ត៌មានឌីជីថល ប្រព័ន្ធផ្សព្វផ្សាយបានក្លាយជាឧបករណ៍ដ៏សំខាន់បំផុតក្នុងការភ្ជាប់ មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិង ប្រជាជន។ ការរៀបចំប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ មិនមែនត្រឹមតែសំដៅលើការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗទេ ប៉ុន្តែវាជារបត់ថ្មីមួយជួយដល់ស្ថាប័នសារព័ត៌មាន និងផ្សព្វផ្សាយ អាចបំពេញតាមតម្រូវការរបស់សាធារណជន តាមរយៈការប្រើប្រាស់បញ្ញាសប្បនិមិត្ម AI និងបច្ចេកវិទ្យាឌីជីថល ។

ឯកឧត្ដម បន្ដបន្ថែមថា ការបង្កើតនិរន្តរភាពក្នុងការផ្សព្វផ្សាយ, កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងការគ្រប់គ្រង និងការពារទិន្នន័យ ដែលស្ថាប័នព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង បានចូលរួមយ៉ាងសកម្ម ក្នុងការកសាងសង្គមដែលមានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការផលិតព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសុក្រិតភាពផងដែរ ។

លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានមានប្រសាសន៍ថា នាពេលកន្លងមកវិទ្យុជាតិកម្ពុជា និងវិទ្យុសំឡេងឈូងសមុទ្រ ប៉ីប៊ូ(Beibu) នៃស្ថានីយវិទ្យុនិងទូរទស្សន៍ក្វាងស៊ី មានកិច្ចសហប្រតិបត្ដិការជាមួយគ្នាយ៉ាងល្អប្រសើរ ហើយវិទ្យុជាតិកម្ពុជាក៏បានផ្ដល់ការិយាល័យធ្វើការ និងចាក់ផ្សាយរឿងភាគនិទានចិន បទយកការណ៍ និងផ្លាស់ប្ដូរព័ត៌មានសំខាន់ៗជាច្រើនទៀត ។
ជាមួយគ្នានេះ លោកជំទាវ ឈឹមពៅ សុកាន់ឌី បានសង្ឃឹមថា នាពេលខាងមុខនេះ វិទ្យុជាតិកម្ពុជា និងវិទ្យុសំឡេងឈូងសមុទ្រ ប៉ីប៊ូ(Beibu) នឹងមានកិច្ចសហប្រតិបត្ដិការកាន់តែច្រើនបន្ថែមទៀត ក្នុងការផ្សព្វផ្សាយព័ត៌មានវិស័វប្បធម៌ និងវិស័យទេសចររវាងប្រទេសទាំងពីរ។

លោកស្រី Wen Hongren នាយកវិទ្យុសំឡេងឈូងសមុទ្រ Beibu នៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី បានលើកឡើងថា កិច្ចប្រជុំរួម ប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងប្រាំមួយបណ្តាប្រទេសឡានឆាង – មេគង្គឆ្នាំ២០២៤ ស្ដីពី “សមាហរណកម្មប្រព័ន្ធផ្សពផ្សាយឆ្លាតវៃដើម្បីបង្កើតអនាគត”គឺក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្ដិការរវាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមបណ្ដាប្រទេសទាំងប្រាំមួយឡានឆាង – មេគង្គ រួមមានចិន ភូមា ថៃ ឡាវ កម្ពុជា វៀតណាម ។

លោកស្រី បន្ដថា កិច្ចសហប្រតិបត្ដិការនាពេលនេះ នឹងនាំមកនូវផលប្រយោជន៍រួមរវាងប្រទេសទាំង៦ តាមរយៈការជំរុញផ្សព្វផ្សាយព័ត៌មានឆ្លាតវៃ ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែសកម្មឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ នៃបណ្តាប្រព័ន្ធផ្សព្វផ្សាយជាប់ទន្លេមេគង្គ-ឡានឆាង បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៦ បង្ហាញពីគោលបំណងប្រាថ្នារួមរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកមេគង្គ-ឡានឆាងទាំង៦ លើកកម្ពស់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់ និងពិភពលោក៕

 

Related Articles

Back to top button
Close
Close