ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធការពារសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់

Cambodia News/

ភ្នំពេញ ៖ ពិតណាស់ បច្ចុប្បន្នប្រទេសយើងមានសុខសន្តិភាព ដូច្នេះកងកម្លាំងប្រដាប់អាវុធយើងមិនចេញទៅច្បាំងក្នុងសមរភូមិដូចរៀមច្បងយើងជំនាន់មុនទៀតទេ។ ប៉ុន្តែ កងកម្លាំងទាំងបីប្រភេទ គឺកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងកងរាជអាវុធហត្ថ ជាអ្នកឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ”។

នេះជាការកត់សម្គាល់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម បន្តថា កងកម្លាំងយើងធ្វើការមិនថាថ្ងៃ មិនថាយប់ មិនថាហាលក្តៅ ហាលភ្លៀង គ្មានថ្ងៃសៅរ៍ អាទិត្យ គ្មានថ្ងៃឈប់សម្រាកទេ ដើម្បីការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានសប្បាយរីករាយ ធ្វើដំណើរកម្សាន្តទៅណាមកណា ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភ ជាពិសេសពេលមានបុណ្យទានម្តងៗ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា នៅពេលមានគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ឬគ្រោះថ្នាក់ផ្សេងៗ កងកម្លាំងយើងចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗ ដើម្បីជួយប្រជាពលរដ្ឋ។ លើសពីនេះ កងកម្លាំងរបស់យើងក៏បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ នេះគឺជាមោទនភាពយ៉ាងធំធេងណាស់ សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងដែលបានប្រែក្លាយពីប្រទេសដែលត្រូវការកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ ដើម្បីការពារសន្តិភាព ទៅជាប្រទេសដែលជួយការពារសន្តិភាពក្នុងពិភពលោក។ ដូច្នេះ សកម្មភាពទាំងអស់នេះ យើងត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា បើទោះជាបងប្អូនយើងមានភារកិច្ចធំធេង លះបង់ខ្ពស់និងសម្រេចបានសមិទ្ធផលគួរឱ្យមោទនៈបែបនេះក៏ដោយ បើយើងមិនផ្សព្វផ្សាយ ប្រជាពលរដ្ឋមិនបានដឹង ហើយនៅពេលមានបញ្ហាអវិជ្ជមានណាមួយកើតឡើងបន្តិចបន្តួច មានអ្នកយកទៅបង្ហោះពេញហ្វេសប៊ុក ហើយក្រុមមនុស្សជ្រុលនិយមមួយចំនួនយកទៅបំពងសំឡេងបន្ថែមដើម្បីវាយប្រហារមកលើកងកម្លាំងយើង និងទៅលើរាជរដ្ឋាភិបាលយើង។

ដូច្នេះ ទាមទារឱ្យបងប្អូនយើងចេះផ្សព្វផ្សាយតាមបែបបុរេសកម្មឱ្យបានច្រើននិងឱ្យមានប្រសិទ្ធភាពដើម្បីឱ្យប្រជាពលរដ្ឋបានដឹងនិងបានយល់ពីតួនាទីយ៉ាងសំខាន់របស់កងកម្លាំងដែលជាអ្នកបម្រើប្រទេសជាតិនិងប្រជាជនដ៏ស្មោះត្រង់និងដោយឥតខ្លាចនឿយហត់។ ជាអ្នកឈរការពារសន្តិភាព ការពារទឹកដី និងជាអ្នកលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ សង្កេតឃើញថា ការងារព័ត៌មាន និងសាធារណមតិ មានបញ្ហាជាច្រើន ដូចជា បញ្ហាព័ត៌មានក្លែងក្លាយ ព័ត៌មានអុចអាល ញុះញុង ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។ល។ ដែលទាមទារឲ្យយើងមានការប្រុងប្រយ័ត្ន ចេះគ្រប់គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃថ្នាក់ ដឹកនាំជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាល និងតម្លៃយោធិននៃកងយោធពលខេមរភូមិន្ទរបស់យើង។

ការធ្វើបាឋកថានេះ ក៏មានឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ធ្វើជាវាគ្មិនកិត្តិយសបកស្រាយលើប្រធានបទ ស្តីពី «ភូមិសាស្ត្រនយោបាយ» ផងដែរ៕

 

Related Articles

Back to top button
Close
Close