លទ្ធផលជំនួបរវាង ឯកឧត្តម កែវ រ៉េមី ជាមួយឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ កិច្ចជំនួបនេះ បានផ្តោតការពិភាក្សាលើតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. និងការពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស រវាង គ.ស.ម.ក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

ក្រោយពីការសម្តែងនូវកិច្ចស្វាគមន៍ចំពោះឯកឧត្តម Derek Yip និងសហការី ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការងារសំខាន់ៗរបស់ គ.ស.ម.ក. ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ ក្នុងនោះ នៅថ្នាក់ជាតិ គ.ស.ម.ក. បានធ្វើការអប់រំនិងផ្សព្វផ្សាយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ការទទួល ស៊ើបអង្កត និងដោះស្រាយពាក្យបណ្តឹង ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស និងការផ្តល់មេធាវីស្ម័គ្រដោយឥតគិតថ្លៃដល់ជនរងគ្រោះដែលគ្មានទីពឹង ឬជាជនក្រីក្រ ជាដើម។

ចំពោះថ្នាក់តំបន់ គ.ស.ម.ក. គឺជាតំណាងប្រទេសកម្ពុជា នៅក្នុងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR)។ រីឯនៅថ្នាក់អន្តរជាតិ គ.ស.ម.ក. ទទួលបន្ទុកសរសេររបាយការណ៍ សិទ្ធិមនុស្សជាតិចំនួនប្រាំ សម្រាប់ផ្ញើទៅយន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ និងមានតួនាទី ក្នុងការដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមនៅក្នុងដំណើរការនៃការពិនិត្យរបាយការណ៍ទាំងនេះ។

ទន្ទឹមនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីប្រទេសជាដៃគូសន្ទនារបស់ គ.ស.ម.ក. រួមមាន ជប៉ុន កាណាដា ស៊ុយអែត អង់គ្លេស អាល្លឺម៉ង់ បារាំង សហភាពអឺរ៉ុប ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាន ថ្លែងអំណរគុណ ដល់ស្ថានទូតអូស្ត្រាលី ដែលតែងតែផ្តល់នូវកិច្ចសហការល្អជាមួយ គ.ស.ម.ក. ដូចជា ការជួយជ្រោមជ្រែង នៅក្នុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) តាមរយៈវេទិកាអាស៊ីប៉ាស៊ីហ្វិក (APF) និងការលើកកម្ពស់និងការការពារសិទ្ធអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់ពីទំនាក់ទំនងយូរអង្វែង ដែលមានមូលដ្ឋានគ្រឹះ រឹងមាំរវាងប្រទេសកម្ពុជានិងប្រទេសអូស្ត្រាលី និងបានបង្ហាញពីបំណងក្នុងការបន្តពង្រនឹងកិច្ចសហប្រតិបត្តិការ នេះកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានទទួលស្គាល់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិជនមានពិការភាព សមភាពយេនឌ័រ និងការទទួលយកអនុសាសន៍ ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម ក៏បានសាកសួរពីវឌ្ឍនភាពរបស់សេចក្តីព្រាងច្បាប់ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស និងលើកឡើងពីលំហនៃ សិទ្ធិពលរដ្ឋនិងនយោបាយ ក៏ដូចជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដែលក្នុងនោះ ឯកឧត្តម ក៏បានលើកឡើងពីករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា ករណីមាតាធម្មជាតិ និងករណីការចាប់ខ្លួន បុគ្គលមួយចំនួនដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស បានដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រីរួចរាល់ហើយ និងបានគូសបញ្ជាក់ពីថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បាននិង កំពុងអនុវត្តយ៉ាងមមាញឹកនូវកម្មវិធីគោលនយោបាលអាទិភាពទាំង៦ ជាពិសេសការពង្រឹងសេវាគាំពារសង្គម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យល់អំពីការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោង ក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ករណីមាតាធម្មជាតិ ករណីប្រវត្តិនៃការធ្វើកុបកម្មឆ្នាំ២០១៣នៅកម្ពុជា និងករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា។ កិច្ចជំនួបនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងសម្រេចបានលទ្ធផលគួរ ជាទីពេញចិត្ត៕

Related Articles

Back to top button
Close
Close