បទវិភាគ៖គោលនយោបាយហិរញ្ញវត្ថុរបស់ចិនដើរតួនាទីជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យម៉ាក្រូសេដ្ឋកិច្ចអភិវឌ្ឍទៅរកភាពល្អប្រសើរ

សារព័ត៌មាន Cambodia News/

ពេលថ្មីៗកន្លងទៅនេះ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មាន លោក Zheng Shanjie ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិចិនជាដើមបានលើកឡើងអំពីសភាពការណ៍ពាក់ព័ន្ធនឹងការអនុវត្តជាក់ស្តែងជាប្រព័ន្ធនូវគោលនយោបាយកំណើនមួយចំនួន ជំរុញយ៉ាងប្រាកដប្រជាឱ្យសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធមានភាពល្អប្រសើរ ក៏ដូចជានិន្នាការអភិវឌ្ឍន៍ទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ ។

នៅមុនបុណ្យជាតិចិន ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន អ្នកទទួលខុសត្រូវសំខាន់នៃធនាគារប្រជាជនចិន អគ្គនាយកដ្ឋានជាតិត្រួតពិនិត្យនិងគ្រប់គ្រងហិរញ្ញវត្ថុនៃប្រទេសចិននិងគណៈកម្មាធិការនិយតកម្មទីផ្សារមូលបត្ររបស់ចិនបានប្រកាសពីការកែសម្រួលគោលនយោបាយដ៏សំខាន់មួយចំនួន ក្រៅពីការបញ្ចុះការប្រាក់និងបញ្ចុះអត្រាការប្រាក់លើប្រាក់បញ្ញើទុនបម្រុងកាតព្វកិច្ចជាប្រក្រតី ក៏បានដាក់ចេញវិធានការមួយចំនួនក្នុងវិស័យអចលនទ្រព្យនិងទីផ្សារមូលធនផងដែរ ។

ការរំញោចនៃគោលនយោបាយមួយចំនួនធ្វើឱ្យទីផ្សារមានជំនឿចិត្តឡើងវិញ ។ ប៉ុន្តែ គោលនយោបាយម៉ាក្រូគ្រាន់តែជាកាតាលីករតែប៉ុណ្ណោះ ជំនឿចិត្តចំពោះកំណើនសេដ្ឋកិច្ចក្នុងរយៈពេលយូរនៅតែត្រូវមើលពីភាពធន់នៃសេដ្ឋកិច្ចរបស់ចិនទៀត ។
សំដៅចំពោះសភាពការណ៍ថ្មីនិងបញ្ហាថ្មីក្នុងដំណើរការសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្ន វិធានការជាក់ស្តែងនៃគោលនយោបាយមួយចំនួនសំខាន់គឺបូករួមទាំង៥វិស័យ៖ គឺបង្កើនកម្លាំងអនុវត្តគោលនយោបាយម៉ាក្រូប្រកបដោយប្រសិទ្ធភាព ពង្រីកតម្រូវការផ្ទៃក្នុងថែមមួយកម្រិតទៀត បង្កើនកម្លាំងគាំទ្រសហគ្រាស ជំរុញឱ្យទីផ្សារអចលនទ្រព្យបញ្ឈប់ការធ្លាក់ចុះនិងមានស្ថិរភាពឡើងវិញ ព្រមទាំងខិតខំប្រឹងប្រែងលើកស្ទួយទីផ្សារមូលធន ។

ការលើកកម្ពស់លក្ខណៈចំគោលដៅនិងភាពត្រឹមត្រូវនៃគោលនយោបាយក៏បានកែលម្អយ៉ាងច្បាស់លាស់នូវការប៉ាន់ប្រមាណក្នុងទីផ្សារដែរ ។

ក្រសួងសំណង់លំនៅឋាន ទីក្រុងនិងជនបទរបស់ចិនបានទម្លាយឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យជាតិចិន ចំនួនអ្នកមើលផ្ទះនិងចំនួនលក់ដូរនៃទីផ្សារអចលនទ្រព្យនៃតំបន់ជាច្រើនសុទ្ធតែមានកំណើនក្នុងកម្រិតទីទៃគ្នា ហើយចំនួនអ្នកទៅមើលផ្ទះនៃគម្រោងអចលនទ្រព្យភាគច្រើនដែលចូលរួមការលក់បញ្ចុះតម្លៃបានកើនឡើងលើសពី៥០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។

តាមទិន្នន័យនៃក្រសួងវប្បធម៌និងទេសចរណ៍របស់ចិនឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យជាតិចិន ចំនួនអ្នកធ្វើទេសចរណ៍ក្នុងស្រុកចិនគឺ៧៦៥លាននាក់ ដែលកើនឡើង៥,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ អ្នកធ្វើទេសចរណ៍ក្នុងស្រុកចិនបានចំណាយប្រាក់សរុប៧សែន៨១៧លានយាន់ប្រាក់ចិន ដែលកើនឡើង៦,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។

ឈានចូលត្រីមាសទីបីដែលជាត្រីមាសដ៏គន្លឹះពេញមួយឆ្នាំ ខែតុលានេះបានសម្រេចការចាប់ផ្តើមដ៏ល្អ ។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ប្រសិនបើគោលនយោបាយក្នុងវិស័យហិរញ្ញវត្ថុ រូបិយវត្ថុ អចលនទ្រព្យ និងប័ណ្ណបំណុលក្នុងតំបន់ជាដើមបានដើរតួនាទីយ៉ាងខ្លាំងក្នុងពេលដំណាលគ្នា នោះ ល្បឿនកំណើននៃសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៥មានសង្ឃឹមបន្តរក្សានៅចំនួនប្រហែល៥ភាគរយ ។

តាមទិន្នន័យថ្មីបំផុតនៃសហព័ន្ធឧស្សាហកម្មធុនស្រាលរបស់ចិនឱ្យដឹងថា ពីខែមករាដល់ខែសីហាឆ្នាំនេះ តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនស្រាលដែលមានទ្រង់ទ្រាយមធ្យមនិងធំបានកើនឡើង៤,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ក្នុងចំណោមផលិតផលឧស្សាហកម្មធុនស្រាលសំខាន់ៗចំនួន៩១ដែលធ្វើស្ថិតិដោយរដ្ឋបាលជាតិស្ថិតិចិន បរិមាណនៃផលិតផលចំនួន៥៩ប្រភេទសម្រេចបាននូវកំណើន ក្នុងនោះ បរិមាណផលិតផលចំនួន១៧ប្រភេទដូចជាកង់និងថ្មអាគុយលីចូមជាដើមបានរក្សាកំណើនពីរខ្ទង់ ។

ព្រមពេលជាមួយគ្នានេះ ការនាំចេញសម្រេចបាននូវកំណើនប្រកបដោយស្ថិរភាព ។ ពីខែមករាដល់ខែសីហា ការនាំចេញក្នុងឧស្សាហកម្មធុនស្រាលទាំងមូលគឺលើសពី៦០០ពាន់លានដុល្លារអាមេរិក ដែលកើនឡើង៣,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ប្រាក់ចំណូលនៃអាជីវកម្មsoftwareរបស់ចិនពីខែមករាដល់ខែសីហាឆ្នាំនេះមានចំនួនលើសពី៨,៥ទ្រីលានយាន់ប្រាក់ចិន ។

តាមទិន្នន័យដែលរដ្ឋបាលជាតិគ្រប់គ្រងរូបិយប័ណ្ណរបស់ចិនបានប្រកាសកាលពីថ្ងៃទី៧ខែតុលាឱ្យដឹងថា គិតមកទល់ចុងខែកញ្ញាកន្លងទៅនេះ ទំហំទុនបម្រុងរូបិយប័ណ្ណរបស់ចិនមានតម្លៃ៣៣១៦,៤ពាន់លានដុល្លារអាមេរិក ដែលកើនឡើង២៨.២ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងចុងខែសីហា ពោលគឺកើនឡើង០,៨៦ភាគរយ ។

អាចឃើញថា បច្ចុប្បន្ននេះ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិនៅតែមានសភាពប្រែប្រួលជាខ្លាំង ប៉ុន្តែសេដ្ឋកិច្ចចិនមានភាពធន់ដ៏ខ្លាំងក្លា ហើយនិន្នាការទូទៅដែលមានភាពល្អប្រសើរនិងភាពនឹងនរមិនកែប្រែទេ ។

សព្វថ្ងៃនេះ ចិនកំពុងស្ថិតក្នុងដំណាក់កាលតម្រួតផ្ទួនគ្នាដូចជាបម្រែបម្រួលវដ្តសេដ្ឋកិច្ច កែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ជាដើម ដូច្នេះ ដំណើរការសេដ្ឋកិច្ចបានប្រឈមមុខនឹងបញ្ហាប្រឈមថ្មីមួយចំនួន ប៉ុន្តែលក្ខខណ្ឌដែលមានអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចមិនបានកែប្រែទេ ។ ទន្ទឹមនឹងនេះ ស្របពេលដែលគោលនយោបាយមានអំណោយផលក្នុងវិស័យជាច្រើនត្រូវបានអនុវត្តជាបន្តបន្ទាប់ ម៉ាក្រូសេដ្ឋកិច្ចនៅត្រីមាសទីបួនរហូតដល់ឆ្នាំក្រោយនឹងបន្តកើនឡើងទៅរកភាពល្អប្រសើរឡើងវិញ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close