អង្គរវត្តនិងព្រិលទឹកកកនៃខេត្តហីឡុងជាំងរបស់ចិនណាត់ជួបគ្នានៅកម្ពុជា

Cambodia News/

ភាគីកម្ពុជា និងខេត្ត ហីឡុងជាំង របស់ប្រទេសចិន ដែលល្បីល្បាញខ្លាំងលើតំបន់ព្រិលទឹកកក បានណាត់ជួបគ្នានៅភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយរួមគ្នា អំពីសក្តានុពលទេសសចរណ៍ រវាងភាគីទាំងពីរ ដើម្បីអបអរសារឆ្នាំនៃការផ្លាស់ប្តូរប្រជាជន ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ។

កម្មវិធីនេះត្រូវបានរៀបចំឡើង កាលពីសៀលថ្ងៃទី១២ ខែតុលា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, គណៈប្រតិភូអញ្ជើញមកពីខេត្តហីឡុងជាំង ព្រមទាំង ភ្នាក់ងារទេសចរណ៍ និងភ្ញៀវកិត្តិយស ជាច្រើនរូប។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានប្រាប់ថា គោលដៅទេសចរណ៍នៅខេត្តហីឡុងជាំងនិងកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយរួមគ្នានេះ គឺសំខាន់ខ្លាំងណាស់ ឲ្យពិភពលោកបានស្គាល់ ជាពិសេស ខាងចិនមានព្រិលទឹកកកបែបប្រណិត ជាមួយនឹងអាកាសធាតុត្រជាក់ល្អ ហើយកម្ពុជាសម្បូរដោយសម្បត្តិបតិកភណ្ឌពិភពលោក ជាពិសេស ប្រាសាទអង្គរវត្ត ដូច្នេះ គឺជាកញ្ចប់ទេសចរណ៍រួមគ្នា ប្រកបដោយភាពទាក់ទាញរួមគ្នា។

លោកជំទាវ ឆាយ ស៊ីវលីន ៖ «អ្នកដែលគាត់មិនចង់រងារ នៅពេលរដូវរងារ អាចអញ្ជើញមកកម្ពុជា ដើម្បីទទួលយកនូវអាកាសធាតុល្អ ពន្លឺថ្ងៃល្អ ហើយនៅពេលដែលយើងគិតដល់ការធ្លាក់ព្រិល យើងក៏គិតដល់ ហីឡុងជាំង»។

លោកជំទាវ ជឿជាក់ថា កិច្ចសហការ លើវិស័យទេសចរណ៍នេះ ចូលរួមយ៉ាងសំខាន់ ក្នុងការកសាងទំនាក់ទំនង ប្រទេសទាំងពីរ កាន់តែស៊ីជម្រៅទាំងរដ្ឋ និងប្រជាជន ជាពិសេស ប្រតិបត្តិករទេសចរណ៍ ប្រទេសទាំងពីរ កាន់តែយល់គ្នាជំរុញកិច្ចសហការ យ៉ាងជិតស្និទ្ធ។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្មវិធីនេះ បានធ្វើឡើង ក្រោយ១ថ្ងៃ ដែលក្រសួងទេសចរណ៍បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ជាមួយខេត្តហីឡុងជាំង ជំរុញលំហូរគោលដៅទេសចរណ៍ រវាងកម្ពុជានិងខេត្តហីឡុងជាំង។ ឯកឧត្តម សូមលើកទឹកចិត្តឲ្យទៅលេងកម្សាន្ត នៅខេត្តហីឡុងជាំង និងសូមអញ្ជើញប្រជាជនខេត្តមួយនេះ មកទស្សនាកម្ពុជា។ ឯកឧត្តមក៏សូមប្រកាសគាំទ្រនិងលើកទឹកចិត្តដល់វិនិយោគិនភាគីទាំងពីរ សិក្សាកាលានុវត្តភាពធុរកិច្ច ដើម្បីជំរុញការវិនិយោគ រវាងគោលដៅទាំងពីរ ឲ្យបានកាន់តែខ្លាំងក្លា។

ឯកឧត្តម នី ផល្លី ៖ «ការរៀបចំកម្មវិធី នៅក្នុងថ្ងៃនេះ គឺជាផ្លែផ្កាមួយផ្នែកនៃកិច្ចសហប្រតិបត្តិការល្អ ភាពជាដៃគូល្អ ក្រោមទំនុកចិត្តខ្ពស់ និងជោគវាសនារួមរវាងកម្ពុជានិងចិន»។

លោកស្រី He Jing ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហីឡុងជាំង បានប្រាប់ថា លោកស្រីពិតជាមានកិត្តិយសណាស់ ដែលបានមកដល់ប្រទេសកម្ពុជា ដើម្បីណែនាំធនធានទេសចរណ៍វប្បធម៌ នៅក្នុងខេត្ត Heilongjiang។ ក្នុងពេលជាមួយគ្នានេះ លោកស្រីក៏បានដឹងអំពីធនធានទេសចរណ៍វប្បធម៌ដ៏ល្អ ជាច្រើនរបស់កម្ពុជា។ លោកស្រី ពិតជាចូលចិត្តប្រទេសកម្ពុជា ជាពិសេស វប្បធម៌ និងទំនៀមទម្លាប់ ដ៏ពិសេស។ លោកស្រីស្វាគមន៍យ៉ាងកក់ក្តៅចំពោះមិត្តកម្ពុជា ទៅលេងខេត្ត Heilongjiang ដើម្បីទទួលយកបទពិសោធន៍ពីទីក្រុងភ្លោះព្រិលទឹកកក និង តំបន់ប្រកបដោយទេសភាពដ៏ស្រស់ស្អាត Wudalianchi  ដើម្បីទទួលយកបទពិសោធន៍នៃវប្បធម៌និទាឃរដូវ ជាមួយនឹងភ្នំភ្លើង ដ៏ពិសេស។

នៅក្នុងកម្មវិធី នាពេលនោះ ភាគីទាំងពីរក៏បានធ្វើបទបង្ហាញលម្អិត អំពីតំបន់ទេសចរណ៍នៅកម្ពុជា និងខេត្តហីឡុងជាំង, ចាក់ផ្សាយវីដេអូឯកសារបង្ហាញពីតំបន់ទេសចរណ៍ប្រកបដោយសក្តានុពលនៃខេត្តហីឡុងជាំង និងតំបន់ទេសចរណ៍កម្ពុជា, កម្មវិធីចុះហត្ថលេខា, សម្តែងរបាំ និងសិល្បៈរួមគ្នា ព្រមទាំង ការតាំងពិព័រណ៍រូបភាព បង្ហាញតំបន់ទេសចរណ៍ ក្នុងបរិយាកាស ប្រកបដោយអត្ថន័យ ជាទីបំផុត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close