លោកជំទាវ ឡុង សូនីតា អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់ AICHR-SEANF នៅបាងកក
សារព័ត៌មាន Cambodia News/
បាងកក៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្នុងនាមតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR-អាយឆា) បានចាត់លោកជំទាវ ឡុង សូនីតា អនុប្រធានគ.ស.ម.ក. ដឹកនាំក្រុមការងារគ.ស.ម.ក.ចំនួន៣រូប ទៅចូលរួមក្នុងសិក្ខាសាលា AICHR-SEANF ស្តីពីការចែករំលែកឧត្តមានុវត្តន៍ និងការដោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ពលករទេសន្តប្រវេសន៍ ស្តីពីធុរកិច្ច និងសិទ្ធិមនុស្សនៅតំបន់អាស៊ាន តបតាមការអញ្ជើញពីតំណាងប្រទេសថៃប្រចាំអាយឆា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ និងមានការអញ្ជើញចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានប្រចាំអាយឆា ស្ថាប័នសិទ្ធិមនុស្សជាតិ អង្គការសង្គមស៊ីវិល និងអង្គការសហប្រជាជាតិ។
សិក្ខាសាលានេះ ជាសកម្មភាពរួមរវាងអាយឆា និងវេទិកាបណ្តាញស្ថាប័នជាតិសិទ្ធិមនុស្សអាស៊ីអាគ្នេយ៍ (SEANF) ក្នុងភាពជាដៃគូជាមួយនឹងវិទ្យាស្ថានដាណឺម៉ាកសម្រាប់សិទ្ធិមនុស្ស និងស្ថានបេសកកម្មជប៉ុនប្រចាំអាស៊ាន រួមជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងគោលបំណងសំខាន់ដើម្បីផ្តល់ជាវេទិការអន្តរជាតិសម្រាប់អាយឆា ស្ថាប័នសិទ្ធិមនុស្សជាតិនៃបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងស្ថាប័នពាក់ព័ន្ធនានាពិគ្រោះយោបល់ លើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តនូវគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស (UNGPs) និងការទទួលបានមធ្យោបាយដោះស្រាយប្រកបដោយប្រសិទ្ធភាព សម្រាប់ជនអន្តោប្រវេសន៍ នៅក្នុងតំបន់អាស៊ាន។
ក្នុងនោះដែរ លោកជំទាវ ឡុង សូនីតា បានចូលរួមក្នុងបទបង្ហាញពី “យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមិនផ្អែកលើស្ថាប័នរដ្ឋ” ជាមួយវាគ្មិនចំនួន ៥រូប មកពីបណ្តាស្ថាប័នសិទ្ធិមនុស្សជាតិក្នុងសមាជិកអាស៊ាន។ ក្នុងវគ្គនេះ វាគ្មិនបានចែករំលែកនូវលទ្ធផលនៃការសិក្សាបឋមនៃការអនុវត្តកិច្ចសហការលើគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស សកម្មភាពក្នុងការពង្រឹងការដោះស្រាយបញ្ហាពលករទេសន្តប្រវេសន៍ក្នុងតំបន់ ឧត្តមានុវត្តន៍ បញ្ហាប្រឈម និងអនុសាសន៍ សម្រាប់អាយឆា វិទ្យាស្ថានជាតិស្តីពីសិទ្ធិមនុស្ស និងស្ថាប័នពាក់ព័ន្ធ ដើម្បីកែលម្អ និងបន្តលើកកម្ពស់ការអនុវត្តយន្តការដោះស្រាយបណ្តឹងតវ៉ាក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាពសម្រាប់ពលករទេសន្តប្រវេសន៍ ក្នុងវិស័យការងារ ក្នុងបរិបទធុរកិច្ច និងសិទ្ធិមនុស្ស៕