បទវិភាគ៖សហរដ្ឋអាមេរិកទទូចដំឡើងពន្ធគយតាមវិធានការ ៣០១ លើផលិតផលចិន គឺ មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ
Cambodia News/
“វិធានការពន្ធគយទាំងនេះនឹងធ្វើឱ្យក្រុមហ៊ុនអាមេរិកកាន់តែមានភាពលំបាកលំបិនក្នុងការប្រកួតប្រជែងទាំងជាតិនិងអន្តរជាតិ” “វានឹងបណ្តាលឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលមានភាពកាន់តែច្របូកច្របល់និងអស្ថិរភាព “។ល។
បន្ទាប់ពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក(USTR)បានចេញផ្សាយសេចក្តីប្រកាសអំពីវិធានការចុងក្រោយស្តីពីការដំឡើងពន្ធគយលើផលិតផលចិននាពេលថ្មីៗកន្លងទៅនេះ មជ្ឈដ្ឋានឧស្សាហកម្មនិងសេដ្ឋវិទូអាមេរិកបាននាំគ្នាសម្តែងការព្រួយបារម្ភចំពោះរឿងនេះ ។
កាលពីខែឧសភា ឆ្នាំនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសថា គ្រោងនឹងដំឡើងពន្ធគយថែមទៀតចំពោះផលិតផលដែលនាំចូលពីចិន ក្នុងនោះបូករួមទាំងរថយន្តអគ្គិសនីជាដើម លើមូលដ្ឋាននៃវិធានការ ៣០១កាលពីមុន ។
តាមផែនការពីមុន វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ប៉ុន្តែត្រូវបានពន្យារពេលអនុវត្តពីរលើកនៅថ្ងៃទី ៣០ ខែកក្កដានិងថ្ងៃទី ៣០ ខែសីហា ។ មូលហេតុសំខាន់គឺ រដ្ឋាភិបាលអាមេរិកបានអះអាងថា នឹងសិក្សាស្រាវជ្រាវអំពីមតិសាធារណៈលើមនុស្សជាងមួយពាន់នាក់ ។
ទោះបីជាមតិយោបល់ជាច្រើនបានប្រឆាំងនឹងការដំឡើងពន្ធគយលើផលិតផលចិនឬដាក់ពាក្យស្នើសុំឱ្យពង្រីកក្របខណ្ឌនៃការលើកលែងពន្ធគយក៏ដោយ ក៏ទីបំផុតរដ្ឋាភិបាលអាមេរិកបានបដិសេធមិនទទួលយកមតិយោបល់ទាំងនេះនិងធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ។
ទង្វែឯកតោភាគីនិយមនិងការពារនិយមបែបនេះ វាមិនត្រឹមតែបានល្មើសនឹងពាក្យសន្យារបស់ភាគីអាមេរិកស្តីពី”ការមិនស្វែងរកការគាបសង្កត់លើការអភិវឌ្ឍរបស់ចិន មិនស្វែងរកការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ជាមួយចិន”ប៉ុណ្ណោះទេ ថែមទាំងក៏មិនសមស្របនឹងគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរផងដែរដែលបង្ហាញយ៉ាងច្បាស់ថា មនុស្សមួយចំនួននៃសហរដ្ឋអាមេរិកនិយាយផ្សេងធ្វើផ្សឹងនិងនិយាយមិនយកជាការ ។
សង្គ្រាមពន្ធគយមិនអាចដោះស្រាយបញ្ហាបានទេ ហើយសហរដ្ឋអាមេរិកក៏នឹងទទួលរងផលវិបាកដ៏អាក្រក់វិញផងដែរ ។ ចាប់តាំងពីសហរដ្ឋអាមេរិកបានអនុវត្តវិធានការដំឡើងពន្ធគយលើផលិតផលចិនមក វាបានបណ្តាលឱ្យសហគ្រាសនិងអ្នកប្រើប្រាស់របស់អាមេរិកខាតបង់សេដ្ឋកិច្ចចំនួន ២២១ ពាន់លានដុល្លារអាមេរិក ។
រដ្ឋាភិបាលអាមេរិកតែងតែចង់”ការពារ”ឧស្សាហកម្មប្រទេសខ្លួនតាមវិធីបន្ថែមយកពន្ធគយ រហូតដល់ចង់បង្ខំឱ្យខ្សែសង្វាក់ឧស្សាហកម្មផ្លាស់ប្តូរទីតាំងទៅអាមេរិកវិញ ។ ប៉ុន្តែការពិតជាក់ស្តែងគឺផ្ទុយនឹងគោលបំណង សហគ្រាសអាមេរិកមិនបានបង់តម្លៃនោះទេ ។
ក្រៅពីនេះ ប្រជាជនអាមេរិកក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងដែរ ។ តាមការគណនារបស់ក្រុមហ៊ុន Moody ឱ្យដឹងថា អ្នកប្រើប្រាស់អាមេរិកបានទទួលបន្ទុកដើមទុនចំនួន៩២ ភាគរយនៃការដំឡើងពន្ធគយលើផលិតផលចិន ហើយគ្រួសាររបស់អាមេរិកនឹងបន្ថែមចំណាយ ១៣០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ។ សេដ្ឋវិទូជាច្រើនបានព្រមានថា ពន្ធគយកាន់តែខ្ពស់មានតែនឹងធ្វើឱ្យអ្នកប្រើប្រាស់អាមេរិកបង់តម្លៃកាន់តែច្រើន ។
យោងតាមស្ថិតិនៃមូលនិធិពន្ធដារអាមេរិកឱ្យដឹងទៀតថា ការដំឡើងពន្ធគយលើផលិតផលចិនមិនត្រឹមតែមិនបានដោះស្រាយបញ្ហាឱកាសការងាររបស់កម្មករអាមេរិកប៉ុណ្ណោះទេ ថែមទាំងបែរជាបានបណ្តាលឱ្យអាមេរិកបាត់បង់ឱកាសការងារចំនួន ១៤ ម៉ឺន ២ ពាន់ផងដែរ ។
បើនិយាយចំពោះអាមេរិក ការដំឡើងពន្ធគយលើផលិតផលចិនតាមតែទំនើងចិត្តក៏បានធ្វើឱ្យរូបភាពអន្តរជាតិរបស់ខ្លួនរងការបង្ខូចថែមទៀត ។ អង្គការពាណិជ្ជកម្មពិភពលោក(WTO)បានកាត់ក្តីយូរហើយថា ពន្ធគយតាមវិធានការ ៣០១ បានល្មើសនឹងក្បួនច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ភាគីអាមេរិកមិនត្រឹមតែមិនបានកែតម្រូវកំហុសរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបែរជាបានដំឡើងថែមមួយកម្រិតទៀតនូវពន្ធគយតាមវិធានការ៣០១ លើផលិតផលចិនផងដែរដែលបានប្រព្រឹត្តិទង្វើខុសហើយខុសទៀត ហើយក៏បានបញ្ជាក់ម្តងទៀតថា អាមេរិកគឺជា”អ្នកបំផិ្លចបំផ្លាញក្បួនច្បាប់អន្តរជាតិ”តាំងពីដើមមក ។
មួយផ្នែកទៀត អាមេរិកបានដំឡើងយ៉ាងខ្លាំងនូវពន្ធគយលើផលិតផលចិន វាមានលទ្ធភាពបំផ្លាញដល់ពាណិជ្ជកម្មសកលនិងកំណើនសេដ្ឋកិច្ច ហើយនឹងបង្កជាផលប៉ះពាល់ដល់ដំណើរការធ្វើបរិវត្តកម្មបៃតងសកល ។
ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកបន្ថែមយកពន្ធគយតាមវិធានការ ៣០១ លើផលិតផលចិន គឺមិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ ហើយការប៉ុនប៉ងរបស់អាមេរិកស្តីពីការគាបសង្កត់លើសហគ្រាសនិងឧស្សាហកម្មពាក់ព័ន្ធរបស់ចិនតាមរយៈការដំឡើងពន្ធគយមិនដែលសម្រេចបាននោះទេ ។
សហរដ្ឋអាមេរិកគួរកែតម្រូវទង្វើខុសឆ្គងរបស់ខ្លួនភ្លាមៗ លុបបំចាត់វិធានការដំឡើងពន្ធគយចំពោះផលិតផលចិនទាំងអស់ ។ ប្រទេសចិននឹងចាត់វិធានការតបតវិញដ៏ចាំបាច់ដើម្បីគាំពារយ៉ាងមុតមាំនូវផលប្រយោជន៍របស់សហគ្រាសចិន ។ គ្មានកម្លាំងណាមួយអាចរារាំងការអភិវឌ្ឍនិងស្តារភាពរុងរឿងឡើងវិញរបស់ប្រទេសចិនបានទេ៕