បទវិភាគ៖ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបង្ហាញពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្មនិងពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន
សារព័ត៌មាន Cambodia News/
ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៤បានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែកញ្ញា។លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងនៅក្នុងសារលិខិតអបអរសាទរថា “ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានបើកធ្វើដោយជោគជ័យចំនួន១០លើកហើយ វាគឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្មនិងពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនដែលបានរួមចំណែកជាវិជ្ជមានដល់ការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ”។
នាពេលបច្ចុប្បន្ន ពាណិជ្ជកម្មសេវាកម្មបានក្លាយជាកម្លាំងចលករសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ អង្គការពាណិជ្ជកម្មពិភពលោកបានព្យាករណ៍ថា សមាមាត្រនៃពាណិជ្ជកម្មសេវាកម្មក្នុងពាណិជ្ជកម្មអន្តរជាតិនឹងកើនឡើងពី២២ភាគរយនាពេលបច្ចុប្បន្នដល់ជាង៣៣ភាគរយនៅឆ្នាំ២០៤០។
នេះក៏ជាមូលហេតុដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះបានទាក់ទាញប្រទេសនិងអង្គការអន្តរជាតិចំនួន៨៥មករៀបចំការតាំងពិព័រណ៌និងសហគ្រាសលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខចំនួនជាង៤៥០បានចូលរួមនៅកន្លែងផ្ទាល់។ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសបារាំងបានចូលរួមក្នុងនាមជាប្រទេសកិត្តិយសជាលើកដំបូង ហើយបានតាំងពិព័រណ៍នៅកន្លែងផ្ទាល់តែម្នាក់ងងជាលើកដំបូងផងដែរ។មានសហគ្រាសបារាំងជាច្រើនបានរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យពាណិជ្ជកម្មសេវាកម្មរវាងចិននិងបារាំងឱ្យកាន់តែស៊ីជម្រៅ។
យោងតាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ទំហំនៃការនាំចេញនាំចូលខាងសេវាកម្មសរុបរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣មានចំនួនជាង៦.៥ទ្រីលានយាន់ប្រាក់ចិនដែលបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រនិងស្ថិតក្នុងលំដាប់នាំមុខនៅលើពិភពលោក។ក្នុងចំណោមនោះ សមាមាត្រនៃការធ្វើពាណិជ្ជកម្មសេវាកម្មដែលពឹងផ្អែកលើជំនាញបានកើនឡើងដល់៤១.៤ភាគរយ។ នេះបានបង្ហាញថា កម្លាំងប្រកួតប្រជែងនិងគុណភាពនៃពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនមានភាពប្រសើរឡើងជាបន្តបន្ទាប់ ហើយកម្លាំងរស់រវើកនៃភាពច្នៃប្រឌិតថ្មីនៃសេដ្ឋកិច្ចចិនបានកើនឡើងយ៉ាងលេចធ្លោ។នេះក៏ជាមូលហេតុដ៏សំខាន់ដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានទាក់ទាញពាណិជ្ជករចិននិងបរទេសមកចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍លើកនេះដែរ។
ការរីកចំរើនយ៉ាងផុលផុសនៃទីផ្សារឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិន បាននាំមកនូវឱកាសអាជីវកម្មដ៏ធំធេងដល់សហគ្រាសអន្តរជាតិ។ នៅឆមាសទីមួយឆ្នាំ២០២៤ ការនាំចូលខាងឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិនមានដល់២.១ទ្រីលានយាន់ប្រាក់ចិន កើនឡើង១៦.៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ក្នុងពិព័រណ៌ពាណិជ្ជកម្មសេវាកម្មលើកនេះ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការមួយចំនួន ដែលបានបង្កើនជំនឿចិត្តរបស់សហគ្រាសបរទេសក្នុងការធ្វើអាជីវកម្មនៅប្រទេសចិន។
កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកឡើងថា ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋានស្តីពីការបើកចំហចំពោះក្រៅប្រទេស ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកចំហប្រកបដោយកម្រិតកាន់តែខ្ពស់ ។ ការពន្លឿនការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មគឺជាចំណុចដ៏សំខាន់សម្រាប់ការពង្រីកការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ និងបណ្តុះបណ្តាលកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មបរទេស។ នាពេលបច្ចុប្បន្ន ការសាកល្បងចម្រុះក្នុងការពង្រីកការបើកចំហចំពោះក្រៅប្រទេសនៃឧស្សាហកម្មសេវាកម្មប្រទេសចិនបានដាក់ចេញវិធានការសាកល្បងចំនួនជាង១៣០០ផ្នែក នៅក្នុងវិស័យអាជីវកម្មចំនួន១៣ ដូចជាបច្ចេកវិទ្យា ទូរគមនាគមន៍ វប្បធម៌និងទេសចរណ៍និងហិរញ្ញវត្ថុជាដើម។
ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ បានធ្វើឱ្យពិភពលោកមើលឃើញនូវកម្លាំង”ថ្មី”កាន់តែច្រើន មើលឃើញការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃពាណិជ្ជកម្មសេវាកម្មតាមរយៈការបើកចំហរចំពោះក្រៅប្រទេស ក៏ដូចជាមើលឃើញពីភាពរស់រវើកនិងឱកាសដ៏ធំសម្បើមរបស់ការធ្វើទំនើបកម្មតាមបែបផែនចិន៕