ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទំព័រហ្វេសប៊ុកនិរទេសខ្លួន នៅក្រៅប្រទេស ចំនួនពីរ ដែលបន្តញុះញង់ឱ្យកងកម្លាំងប្រឆាំងនឹងរាជរដ្ឋាភិបាល

Cambodia News/

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុត ចំពោះទំព័រហ្វេសប៊ុកនិរទេសខ្លួន នៅក្រៅប្រទេស ចំនួនពីរ ដែលបន្តញុះញង់ឱ្យកងកម្លាំងប្រឆាំងនឹងរាជរដ្ឋាភិបាល ។

ក្រសួងមហាផ្ទៃ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុតចំពោះទំព័រហ្វេសប៊ុក និរទ្ទេសខ្លួននៅក្រៅប្រទេសចំនួនពីរ ឈ្មោះ Samdach Seng Ratana ដែលម្តងហើយម្តងទៀត ធ្វើសកម្មភាពញុះញង់អុញអាលឱ្យកងកម្លាំងនគរបាលជាតិចំណុះក្រសួងមហាផ្ទៃ សហការនឹងកងកម្លាំងផ្សេងទៀត ប្រឆាំងនឹងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ និងគណនី Tik Tok ឈ្មោះ Serey Sophea37 ដែលបានក្លែងព័ត៌មានដោយបំភ្លៃថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខ ដែលផ្ទុយពីការបញ្ជាក់ជារឿយៗរបស់ សម្តេច ថា លោកគ្មានមហិច្ឆតា បន្តិចបន្តួចទាល់តែសោះចង់ធ្វើជានាយករដ្ឋមន្ត្រីនោះ។

ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា តាមផ្លូវច្បាប់ បន្ទាប់ពីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសំណាក់រដ្ឋសភា ជាតិលើរាជរដ្ឋាភិបាលទាំងមូល, ក្រសួងមហាផ្ទៃ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតួនាទីភារកិច្ច គ្រប់គ្រងរដ្ឋបាលដែនដី កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រោមការបញ្ជាដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី ដើម្បីបម្រើសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាព សុវត្ថិភាពសង្គម និងសុខសន្តិភាពជូនប្រជាពលរដ្ឋ ពុំមែនដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ។ ដូច្នេះ សារ របស់សកម្មជនប្រឆាំងជ្រុលនិយមខាងលើ គឺជាឧបាយកលទុច្ចរិតញុះញង់អុចអាលបំបែកបំបាក់សាមគ្គី ភាពផ្ទៃក្នុង ដូចដែលបុគ្គលដែលហៅខ្លួនឯងថា Samdach Seng Ratana បានអះអាងថា “គេនៅ មានក្លេរជាច្រើនទៀតប្រឌិតឡើង ដើម្បីធ្វើឱ្យជំរុំទេវតាឆេះ ដែលគេចង់សំដៅដល់រាជរដ្ឋាភិបាលស្របច្បាប់ បច្ចុប្បន្ននិងអនាគត។

គំនិតដ៏ស្មោគគ្រោកទាំងនេះ គឺជាឧក្រិដ្ឋកម្មនយោបាយ និងជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរដែល អាចបង្កអន្តរាយដល់ប្រជាជននិងជាតិ តាមរូបភាពចិញ្ចឹមចិត្តញុះញង់ឱ្យកងកម្លាំងសាធារណៈ ងើបបះបោរ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ ផ្ទុយទៅវិញ កងកម្លាំងសាធារណៈ ជាពិសេសកងកម្លាំងនគរបាលជាតិ ទាំងអស់ ពុំដែលមានការភ័ន្តច្រឡំលង់តាមមនោគមន៍វិជ្ជាអគតិនោះទេ គឺមានតែសាមគ្គីយ៉ាងរឹងមាំ គាំទ្រ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមអគ្គមគ្គទេសក៍របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឥតងាករេ។ ជាពិសេស ក្នុងតម្លៃណាក៏ដោយ កងកម្លាំងនគរបាលជាតិ និងមន្ត្រីចំណុះក្រសួងមហាផ្ទៃទាំងអស់ ប្តេជ្ញាការពារ ឱ្យខាងតែបាននូវស្ថេរភាព និងសន្តិភាព៕

 

Related Articles

Back to top button
Close
Close