លោក Han Zheng ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ
Cambodia News/
នារសៀលថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Han Zheng តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុងប៉ារីស។
ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានផ្ញើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់លោក Bach ហើយបានថ្លែងថា ពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសមានភាពអស្ចារ្យ ភាគីចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះរឿងនេះ។ ក្នុងបរិបទអន្តរជាតិពេលបច្ចុប្បន្ននេះ គួរតែផ្សព្វផ្សាយស្មារតីកីឡាអូឡាំពិក ដូច្នេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះមានសារៈសំខាន់ពិសេស។ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡារដូវរងាអាស៊ីនៅឆ្នាំក្រោយ ប្រទេសចិនរីករាយបន្តពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពកម្រិតខ្ពស់យ៉ាងស៊ីជម្រៅជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
ជាការឆ្លើយតប លោក Bach បានផ្តាំផ្ញើលោក Han Zheng ពាំនាំការសួរសុខទុក្ខដ៏ស្មោះត្រង់របស់លោកជូនចំពោះលោក Xi Jinping ប្រធានរដ្ឋចិន ហើយបានថ្លែងថា ប្រទេសចិនបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ក្នុងបរិបទជំងឺកូវីដ១៩ ដែលបានផ្តល់នូវបទពិសោធដ៏សំខាន់សម្រាប់ប្រទេសជុំវិញពិភពលោកធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដោយជោគជ័យ។ ខ្ញុំជឿជាក់ថា ការសម្តែងដ៏ឆ្នើមរបស់គណៈប្រតិភូកីឡាចិននឹងរួមចំណែកយ៉ាងសំខាន់ដល់ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះដោយជោគជ័យ៕