ឯកឧត្តម ចាយ បូរិន អញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនឯកឧត្តម សេង លឹមនៅ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ជូនឯកឧត្តម សេង លឹមនៅ ទីប្រឹក្សារាជរដ្ឋាភិបាល ដល់គេហដ្ឋានស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមសេង លឹមនៅ និងក្រុមគ្រួសារ ។

ឯកឧត្តម សេង លឹមនៅ មានប្រសាសន៍ថា ខ្ញុំបាទនិងក្រុមគ្រួសារពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ខ្ញុំបាទសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខខ្ញុំបាទនិងក្រុមគ្រួសារដល់លំនៅដ្ឋាន។

ខ្ញុំបាទនិងក្រុមគ្រួសារពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

ឯកឧត្តម សេង លឹមនៅ និងក្រុមគ្រួសារបានប្រកាសគាំទ្រយ៉ាងខ្លាំងក្លាចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤កន្លងទៅនេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ ឯកឧត្តមក៏បានបញ្ចាក់ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ ។

ឯកឧត្តមព្រមទាំងក្រុមគ្រួសារនឹងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីបម្រើឱ្យសេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានាពេលអនាគត។
ឯកឧត្តមក៏បានរម្លឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ និងការបំពេញការងារជូនជាតិមាតុភូមិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ឯកឧត្តម បានចូលបម្រើការងារផ្នែកឱសថនៅក្រសួងសុខាភិបាល ព្រឹទ្ធបុរសរងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បច្ចុប្បន្នទីប្រឹក្សារាជរដ្ឋាភិបាល ។

ក្នុងឱកាសដ៏មានអត្ថន័យនោះផងដែរ ឯកឧត្តម ចាយ បូរិន និងក្រុមការងារក៏បានប្រគល់ជូនវត្ថុអនុស្សារីយ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ ឯកឧត្តម សេង លឹមនៅ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់រក្សាឯកឧត្តមមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕

Related Articles

Back to top button
Close
Close