ព្រឹកនេះ ឯកឧត្តមអភិសន្ដិបណ្ដិត ស សុខា អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល
Cambodia News/
កណ្តាល ៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្ដិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅសាលាខេត្តកណ្តាល។
ក្នុងឱកាសនោះ ឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ផ្តល់ការគាំទ្រ និងចូលរួមជាមួយឯកឧត្តម គួច ចំរើន ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានឡើងប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធន៍ក្នុងការដឹកនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍនូវសមិទ្ធផលនិងស្នាដៃថ្មីៗបន្ថែមទៀត។
បន្ថែមលើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យរដ្ឋបាលខេត្តបន្តពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្ម ផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ឱ្យមានប្រសិទ្ធភាព៕