ក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើប្រាស់សាកល្បង សេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ
Cambodia News/
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើប្រាស់សាកល្បង នូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិខិតឆ្លងដែន ។
យោងតាមសេចក្ដីសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃនាពេលថ្មីៗនេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឲ្យប្រើប្រាស់ សាកល្បងសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ គឺនាថ្ងៃ១៧ មិថុនា ដោយប្រជាពលរដ្ឋ អាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code https://online.gdi.gov.kh/login ។ ក្រោយបំពេញបែបបទ តាមប្រព័ន្ធអនឡាញរួច សាមីខ្លួនត្រូវអញ្ជើញ ទៅកាន់ទីស្នាក់ការ ឬសាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប ផ្តិតខ្មៅដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់ជាមួយ នូវពាក្យស្នើសុំ និងឯកសារយោង ។
ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្តល់ សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬ ស្ថានភាពអ្នកស្នើសុំ។
សម្រាប់ប្រជាពលរដ្ឋដែលមានការងារ មមាញឹកខ្លាំងនៅថ្ងៃធ្វើការ អាចអញ្ជើញទៅកាន់ទីស្នាក់ការ ផ្តល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដើម្បីទទួលសេវា៕