អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ អគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់»នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យដើរតួនាទីផ្តល់សេវាសុខាភិបាលដ៏សំខាន់ ដែលត្រូវបានបើកទ្វារតាំងពីឆ្នាំ១៩២៩ ពេលកម្ពុជាស្ថិតនៅក្រោមអាណានិគមរបស់បារាំង ហើយបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេលជិត៤ឆ្នាំ៕