សម្ដេចធិបតី ណែនាំឱ្យទប់ស្កាត់ការលួចចម្លងស្នាដៃ និងកម្មសិទ្ធិបញ្ញា
សារព័ត៌មាន ឃែមបូឌាញ៊ូស៍ /
ភ្នំពេញ ៖ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធាន បទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងទប់ស្កាត់ការលួចចម្លងស្នាដៃ។
សម្តេចធិបតី ស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិក្សាលើវិធានការលើកទឹកចិត្តចាំបាច់នានា ដើម្បីជំរុញការផលិត និងការច្នៃប្រឌិដ្ឋផលិតផលសិល្បៈ ឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់។
សម្ដេចធិបតី មានប្រសាសន៍ថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ទប់ស្កាត់ការលួចចម្លងស្នាដៃ ធ្វើវិសោធកម្មក្របខណ្ឌគតិយុត្តិ ពាក់ព័ន្ធឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងនៃបច្ចេកវិទ្យា និងកិច្ចសហការអន្តរជាតិ»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ដើម្បីពង្រឹងកិច្ចសហការ និងរៀនសូត្រពីបទពិសោធនានាទាំងក្នុង និងក្រៅប្រទេស ដែលទទួលបានជោគជ័យ លើវិស័យឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ, សម្តេចសូមលើកទឹកចិត្តឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យឯកជន ត្រូវបញ្ជូនមន្ត្រី សិល្បករ សិល្បការិនី សិប្បករទៅសិក្សាដកពិសោធន៍ និងសហការជាមួយដៃគូ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុងស្រុក។ ជាមួយគ្នានេះ, គួរពង្រឹងបន្ថែមនូវកិច្ចការស្រាវជ្រាវ បោះពុម្ពផ្សាយ ព្រមទាំងប្រើប្រាស់នូវបច្ចេកទេសវិទ្យាថ្មីៗ ដើម្បីធ្វើបរមូបនីយកម្មវិស័យនេះ៕